កាលពីខែមករា IMF បានព្យាករកំណើនសេដ្ឋកិច្ចនៅមជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើងថានឹងថយចុះមកត្រឹម ៣,២%នៅឆ្នាំនេះ មុននឹងអាចកើនឡើងវិញដល់៣,៥%នៅឆ្នាំ២០២៤។ លើសពីនេះ អតិផរណាត្រូវបានគេមើលឃើញថា អាចនឹងកើនឡើងលើសពី១០%ក្នុងឆ្នាំ២០២៣។
លោកស្រី Georgieva បានប្រាប់វេទិកាសារពើពន្ធអារ៉ាប់នាទីក្រុងឌូបៃថា «បំណុលសាធារណៈគឺជាការព្រួយបារម្ភ ជាពិសេសនៅក្នុងប្រទេសដែលនាំចូលប្រេង ហើយនោះជាបញ្ហាដែលយើងនឹងបន្តធ្វើការដោះស្រាយ»។ លោកស្រីបន្តថា អតិផរណានៅក្នុងតំបន់ គឺមានកម្រិតខ្ពស់នៅឡើយ ហើយតំបន់មជ្ឈិមបូព៌ា អាហ្រ្វិកខាងជើងត្រូវការជំរុញសមាមាត្រពន្ធជាមធ្យមរបស់ខ្លួនធៀបនឹង GDP យ៉ាងហោចណាស់ឲ្យបាន ១៥% ខណៈបច្ចុប្បន្នទើបតែមាន ១១%ប៉ុណ្ណោះ។
នាយិកា IMF រូបនេះកត់សម្គាល់ទៀតថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន និងគ្រោះមហន្តរាយអាកាសធាតុ អាចធ្វើឱ្យបញ្ហាកង្វះស្បៀងអាហារវិវត្តកាន់តែអាក្រក់សម្រាប់ប្រទេសងាយរងគ្រោះ។ គួបផ្សំនឹងភាពគ្មានការងារធ្វើខ្ពស់ថែមទៀត នៅក្នុងតំបន់ ជាពិសេសក្នុងចំណោមយុវជន ដែលកត្តានេះហើយ បានបង្កហានិភ័យយ៉ាងខ្លាំងដល់ស្ថិរភាពសង្គម។
លោកស្រីក៏បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការពហុភាគីកាន់តែស៊ីជម្រៅ ដើម្បីជួយប្រទេសដែលមានបំណុលមិនស្ថិតស្ថិរ និងបម្រែបម្រួលអាកាសធាតុ ដោយសារសីតុណ្ហភាពនៅក្នុងតំបន់កំពុងកើនឡើងជាង២ដងនៃល្បឿនកើនឡើងសីតុណ្ហភាពនៅតំបន់ផ្សេងៗទៀតលើពិភពលោក។
ជាក់ស្តែង គ្រោះធម្មជាតិថ្មីៗនេះការរញ្ជួយដីដែលបានវាយប្រហារប្រទេសតួគី និងស៊ីរីបាននាំមកនូវសោកនាដកម្មយ៉ាងខ្លាំងដល់ប្រជាជន ហើយក៏មានផលប៉ះពាល់យ៉ាងខ្លាំងសម្បើមដែរដល់សេដ្ឋកិច្ចប្រទេសទាំងនេះ៕