មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលឥណ្ឌាបានប្រាប់ Reuters ថា ពេលនេះបំពង់អុកស៊ីហ្សែននៅតាមមន្ទីរពេទ្យរដ្ឋ ក្នុងរដ្ឋធានីញូដេលីដែលនៅសេសសល់ អាចប្រើប្រាស់បានសម្រាប់រយៈពេលពី ៨ ទៅ ២៤ ម៉ោងប៉ុណ្ណោះ។ ស្របពេលដែលមន្ទីរពេទ្យឯកជន មានអុកស៊ីហ្សែន ដែលអាចប្រើប្រាស់បានត្រឹមរយៈពេល ៤ទៅ៥ម៉ោងប៉ុណ្ណោះ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារីនដ្រា ម៉ូឌី បាននិយាយថា រដ្ឋាភិបាលកំពុងសហការយ៉ាងញាប់ដៃញាប់ជើងជាមួយអាជ្ញាធរនៅតាមមូលដ្ឋាន ពិសេសនៅរដ្ឋធានីញូដេលី និងក្រុងម៉ុមបៃជាដើមដែលសុទ្ធសឹងជាកន្លែងមានការរាលដាលខ្លាំងនៃរលកឆ្លងកូវីដ-១៩ថ្មី ដើម្បីដោះស្រាយបញ្ហាកង្វះខាតបំពង់អុកស៊ីហ្សែន និងបរិក្ខារផ្សេងៗទៀត។
គួរជម្រាបថា លោក ណារីនដ្រា ម៉ូឌី កំពុងរងការរិះគន់យ៉ាងខ្លាំង ក្រោយរដ្ឋាភិបាលរបស់លោក ហាក់មានការធ្វេសប្រហែសក្នុងការរិតបន្ដឹងសុវត្ថិភាព ក្រោយមើលឃើញពីការថយចុះនៃការឆ្លងកូវីដ-១៩នៅឥណ្ឌាត្រឹម២ខែ ដំបូងឆ្នាំ២០២១ ដោយគេបានអនុញ្ញាតឲ្យមានការប្រារព្វពិធីសាសនាដែលមានមនុស្សចូលរួមយ៉ាងកកកុញ បូករួមការធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតផងដែរ។
ទោះយ៉ាងណាលោក ម៉ូឌី បានសន្យាថា លោកនឹងធ្វើការរួមគ្នាជាមួយវិស័យឯកជនដើម្បីធានាការផ្គត់ផ្គង់អុកស៊ីហ្សែនដល់អ្នកជំងឺដែលត្រូវការចាំបាច់ តាមរយៈការបង្កើនផលិតកម្មនៅទូទាំងប្រទេស។
ក្រៅតែជួបបញ្ហាកង្វះខាតអុកស៊ីហ្សែន ឥណ្ឌាក៏កំពុងត្រដាបត្រដួសក្នុងការតេស្តយកសំណាកពលរដ្ឋផងដែរ ក្រោយចំនួននៃការធ្វើតេស្តបានកើនឡើង ៣០០% ទៅ៦០០%ក្នុងមួយថ្ងៃបើធៀបនឹងចំនួនតេស្តកាលពីខែកុម្ភៈ ជាហេតុធ្វើឲ្យដំណើរការពិនិត្យរកកូវីដ-១៩មានភាពយឺតយ៉ាវ ។
នៅតាមមន្ទីរពេទ្យក្នុងប្រទេសឥណ្ឌាហាក់ទប់ទល់លែងជាប់ហើយ ក្រោយចំនួនគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ក៏កំពុងជួបការខ្វះខាតផងដែរ ជាក់ស្តែងនៅក្នុងរដ្ឋធានីញូដេលី គ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដកម្រិតធ្ងន់មានតិចជាង១០០គ្រែប៉ុណ្ណោះ នៅដែលពលរដ្ឋរស់នៅក្នុងរដ្ឋធានីមួយនេះ មានដល់ជាង ២០លាននាក់។
ប្រទេសឥណ្ឌា ដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក និងបច្ចុប្បន្នកំពុងរងគ្រោះធ្ងន់ធ្ងរបំផុតដោយកូវីដ-១៩ បានរាយការណ៍អំពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃដ៏អាក្រក់បំផុតរបស់ខ្លួនកាលពីថ្ងៃអង្គារសប្តាហ៍នេះក្នុងចំនួនដល់រាប់ពាន់នាក់ ខណៈផ្នែកខ្លះនៃប្រទេសនេះកំពុងស្ថិតក្នុងការបិទខ្ទប់ ចំពេលមានការឆ្លងរាលដាលយ៉ាងឆាប់រហ័ស។
សូមបញ្ជាក់ថា ឥណ្ឌាបានក្លាយជាប្រទេសមានអ្នកឆ្លងកូវីដ-១៩ធំទី២ ក្នុងលោកបន្ទាប់ពីសហរដ្ឋអាមេរិក នៅក្រោយពីឥណ្ឌាបានរកឃើញអ្នកឆ្លងកូវីដថ្មីប្រមាណ ២សែននាក់ក្នុងមួយថ្ងៃ៕