បើតាមការបញ្ជាក់របស់លោក ម៉ូឌី វិបត្តិមេរោគកូវីដ-១៩ក៏បានផ្ដល់នូវឱកាសសម្រាប់ប្រទេសឥណ្ឌា ដើម្បីពង្រឹងខ្លួនឲ្យកាន់តែរឹងមាំ និងលេចធ្លោនៅក្នុងពិភពលោកដែរ។ លោកបន្ថែមថា កញ្ចប់ថវិកាដែលបានត្រៀមជាង ២៦៥ ពាន់លានដុល្លារអាមេរិកនេះ នឹងមានប្រហែល១០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសឥណ្ឌា ហើយវានឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងសេដ្ឋកិច្ចរបស់ប្រទេស ក៏ដូចជាឧស្សាហកម្មនៅគ្រប់លំដាប់ថ្នាក់ទាំងអស់ រួមទាំងប្រជាជនក្រីក្រ និងអ្នកចំណាកស្រុកជាដើម។
នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ បានបន្តថា នៅក្នុងផ្នែកផ្សេងៗនៅក្នុងប្រទេស និងការតភ្ជាប់ប្រព័ន្ធសេដ្ឋកិច្ច នឹងជួយគាំទ្រ និងពង្រឹងទៅដល់ការប្រើប្រាស់កញ្ចប់ថវិកានេះ។ មិនតែប៉ុណ្ណោះ កញ្ចប់ថវិកាជាង ២៦០ ពាន់លានដុល្លារនេះ នឹងក្លាយជាកម្លាំងជំរុញថ្មីដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសឥណ្ឌា នៅឆ្នាំ២០២០ និងទិសដៅថ្មីនៃយុទ្ធនាការពង្រឹងខ្លួនឯងរបស់ប្រទេសផងដែរ៕