សារព័ត៌មាន Financial Review បានផ្សាយនៅមុននេះបន្តិចថា រដ្ឋមន្ត្រីកិច្ចការសមុទ្រនិងជលផល លោក Edhy Prabowo និងភរិយា ត្រូវបានចាប់ខ្លួន កាលពីព្រលឹមថ្ងៃពុធ នៅឯព្រលានយន្តហោះទីក្រុងហ្សាកាតា ខណៈដែលពួកគេវិលត្រឡប់មកពីទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក ។
នេះជាករណីចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកដំបូងហើយ ដែលធ្វើឡើងដោយគណៈកម្មការកម្ចាត់អំពើពុករលួយ នៅក្នុងការស៊ើបអង្កេតករណីសង្ស័យពុករលួយពាក់ព័ន្ធនឹងអាជ្ញាបណ្ណនាំចេញកូនបង្កង ។
លោករដ្ឋមន្ត្រីកិច្ចការសមុទ្រនិងជលផល បានដកចេញបម្រាមការនាំចេញកូនបង្កង ដោយរដ្ឋមន្ត្រីមុនបានដាក់ និងបានចេញអាជ្ញាបណ្ណនាំចេញ ទៅឲ្យក្រុមហ៊ុនចំនួន ៣០ ក្នុងនោះ រួមមានក្រុមហ៊ុនចំនួន ២៥ ដែលទើបតែបង្កើតថ្មីបាន ពីរ ទៅបីខែប៉ុណ្ណោះ ។
ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូវី (Jokowi) បានចេញសេចក្ដីថ្លែងការណ៍ដែលថតទុកមួយ នៅរសៀលថ្ងៃពុធនេះ ដោយនិយាយថា រដ្ឋាភិបាលរបស់លោកនឹងគោរពគណៈកម្មការកម្ចាត់អំពើពុករលួយ និងការអនុវត្តនីតិវិធីច្បាប់ ៕