ប្រធានខុទ្ធកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក កាតស៊ូណូប៊ូ កាតូ (Katsunobu Kato) បានថ្លែងនៅក្នុងសន្ដិសីទព័ត៌មានថ្មីៗនេះថា ដើម្បីត្រៀមចេញលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋាភិបាលជប៉ុននឹងធ្វើជាលិខិតបញ្ជាក់នេះនៅលើក្រដាសជាមុនសិន បន្ទាប់មករដ្ឋាភិបាលក៏នឹងអាចរៀបចំធ្វើនៅលើប្រព័ន្ធឌីជីលផងដែរ។
កន្លងមក ជារឿយៗមជ្ឈដ្ឋានអ្នកជំនួញនៅជប៉ុន បានអំពាវនាវឲ្យមានការដាក់ឲ្យប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងនេះ សម្រាប់បើកសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសឡើងវិញ ហើយក៏សង្ឃឹមថានឹងជួយឲ្យការធ្វើដំណើរមានភាពប្រសើរឡើងដែរ។
មិនមែនតែជប៉ុនទេ នៅសហភាពអឺរ៉ុប និងប្រទេសអាស៊ាន ក៏កំពុងតែគ្រោងនឹងដាក់ឲ្យប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ពីការចាក់វ៉ាក់សាំងនេះផងដែរ សម្រាប់ការធ្វើដំណើរជាអន្តរជាតិរវាងប្រទេសតំបន់អឺរ៉ុប និងអាស៊ាន។
សូមបញ្ជាក់ថា សម្រាប់ការធ្វើដំណើរនៅក្នុងប្រទេសជប៉ុនបច្ចុប្បន្ននេះ នៅមិនទាន់បើកចំហរឲ្យមានការធ្វើដំណើរទូលំទូលាយនោះទេ ពោលគឺមានប្រទេសមួយចំនួនប៉ុណ្ណោះ ដែលជប៉ុនបានបើកឲ្យធ្វើដំណើរចូលទឹកដីខ្លួន ពោលគឺជាប្រទេសទាំងនោះ សុទ្ធសឹងជាប្រទេស ដែលកំពុងមានហានិភ័យឆ្លងកូវីដ-១៩ទាប។ ដើម្បីធ្វើដំណើរទៅជប៉ុនបាន អ្នកធ្វើដំណើរពីប្រទេសដែលជប៉ុនបានអនុញ្ញាតទាំងនោះ ត្រូវតែបញ្ជូនលទ្ធផលតេស្ដអវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេល ៧២ម៉ោង នៅមុនពេលពួកគេធ្វើដំណើរ ហើយត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ក១៤ថ្ងៃ ពេលមកដល់ទឹកដីជប៉ុន។
សូមបញ្ជាក់ថា ជប៉ុនបច្ចុប្បន្ននេះ បានសម្រុកចាក់វ៉ាក់សាំងយ៉ាងលឿនរហ័ស នៅមួយរយៈចុងក្រោយនេះ ខណៈដែលប្រទេសនេះកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនៅខែក្រោយ។
រដ្ឋាភិបាលជប៉ុនក៏មានផែនការនឹងបញ្ចប់ការដាក់ប្រទេសក្នុងគ្រាអាសន្នសម្រាប់តំបន់ភាគច្រើននៅទូទាំងប្រទេស នៅត្រឹមថ្ងៃអាទិត្យសប្ដាហ៍នេះ ពោលគឺនៅមុនពេល១ខែនៃការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិក។នៅក្នុងប្រទេសនេះ៕