នៅឯកិច្ចជំនួប២+២ នៅទីក្រុងតូក្យូ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) និងរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក មីណូរូ គីហារ៉ា (Minoru Kihara) រួមជាមួយរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អែនថូនី ប្ល៊ីងឃិន (Antony Blinken) និងរដ្ឋមន្ត្រីការពារជាតិ អាម៉េរិកលោក ឡយ អូស្ទីន (Lloyd Austin) បានឈានដល់កិច្ចព្រមព្រៀងបង្កើតទីស្នាក់ការកណ្តាលថ្មីមួយសម្រាប់កងកម្លាំងចម្រុះរបស់សហរដ្ឋអាម៉េរិក ដើម្បីគ្រប់គ្រងសកម្មភាពរក្សាសន្តិសុខទាំងនៅក្នុង និងជុំវិញប្រទេសជប៉ុន។
ទីស្នាក់ការកណ្តាលថ្មីសម្រាប់កងកម្លាំងចម្រុះនេះ នឹងមានគោលបំណងចម្បង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារជាតិ អាម៉េរិក និងកងកម្លាំងការពារជាតិជប៉ុន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយបង្កើនសមត្ថភាពរបស់ប្រទេសទាំងពីរនៅក្នុងការរារាំងទប់ស្កាត់ និងដើម្បីពង្រីកការចែករំលែកព័ត៌មានសម្ងាត់ និងវិធានការសន្តិសុខតាមអ៊ីនធឺណិត ឬ Cybersecurity។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីទាំងពីរក្រសួងនៃប្រទេសទាំងពីរ ក៏បានលើកឡើងពីការគំរាមកំហែងដ៏គួរឱ្យព្រួយបារម្ភពីសំណាក់មហាយក្សចិន កូរ៉េខាងជើង និងទំនាក់ទំនងរបស់ប្រទេសទាំងនេះជាមួយប្រទេសរុស្ស៊ី ក៏ដូចជាការឈ្លានពានរបស់រុស្ស៊ី ទៅលើប្រទេសអ៊ុយក្រែន ផងដែរ។
រដ្ឋមន្ត្រីទាំងនេះ ក៏បានសង្កត់ធ្ងន់ផងដែរពីសារសំខាន់ នៃសេចក្ដីសម្រេចរបស់ខ្លួនក្នុងការបង្កើតទីស្នាក់ការកណ្តាលថ្មីសម្រាប់កងកម្លាំងចម្រុះខាងលើនេះ សម្រាប់ការពារសន្តិសុខនាពេលអនាគត ហើយសហរដ្ឋអាម៉េរិក បានសន្យាថា នឹងការពារប្រទេសជប៉ុន តាមគ្រប់មធ្យោបាយដែលមានទាំងអស់រួមទាំងការប្រើប្រាស់សព្វាវុធនុយក្លេអ៊ែរផងដែរ៕
ដោយ: តែម សុខុម