ប្រធានាធិបតីអាមេរិករូបនេះ បានស្តីបន្ទោសរុស្សីខ្លាំងៗ ចំពោះការវាយប្រហារលើអ៊ុយក្រែនដែលបណ្តាលឲ្យជនស៊ីវិល និងទាហានបាត់បង់ជីវិតជាច្រើននាក់។ លោក ចូបៃឌិន លើកឡើងទាំងនេះ នៅអំឡុងពេលលោកថ្លែងសុន្ទរកថាប្រចំាឆ្នាំ (State of the Union address) នៅថ្ងៃពុធទី២ខែមិនានេះ។
រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅពីថ្ងៃអង្គារ សប្ដាហ៍នេះ បានប្រកាសហាមឃាត់ការហោះហើរទាំងអស់របស់រុស្ស៊ីហោះចូលក្នុងដែនអាកាសអាមេរិក ខណៈដែលសម្ព័ន្ធមិត្តអាមេរិក រួមមានសហភាពអឺរ៉ុប អង់គ្លេស និងកាណាដា ក៏បានប្រកាសពីចំណាត់ការស្រដៀងគ្នានឹងអាមេរិកនេះដែរ។ ប្រការនេះ កំពុងធ្វើឱ្យរុស្ស៊ីកាន់តែឯកោបន្ថែមទៀត បន្ទាប់ពីមហាអំណាចយោធាលំដាប់ទី២ក្នុងពិភពលោកមួយនេះ បានចូលលុកលុយលើអ៊ុយក្រែន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
ក្រោយពីការប្រកាសរបស់ប្រធានាធិបតីអាមេរិក ការអនុវត្តបទបញ្ជានេះនឹងត្រូវចូលជាធរមាននៅថ្ងៃពុធនេះតទៅ ហើយនឹងផ្អាកប្រតិបត្តិការនៃយន្តហោះទាំងអស់ដែលជាកម្មសិទ្ធិ ឬមានប្រតិបត្តិការទាក់ទង ឬគ្រប់គ្រង ឬផ្ដល់ផលប្រយោជន៍ ទៅឲ្យបុគ្គលដែលមានសញ្ជាតិរុស្ស៊ី។ ការបិទខ្ទប់នេះ គឺរាប់ទាំងពីការដឹកអ្នកដំណើរ និងដឹកទំនិញ រួមទាំងជើងហោះហើរពិសេស charter Flights ផងដែរ។
ជាការឆ្លើយតបនឹងការបិទដែនអាកាសពីប្រទេសលោកខាងលិច រុស្ស៊ី ថ្មីៗនេះ ក៏បានចាត់វិធានការឆ្លើយតបវិញដែរ ដោយបានបិទខ្ទប់ក្រុមហ៊ុនអាកាសចរណ៍ពីរដ្ឋចំនួន៣៦ ប្រទេស និងដែនដី មិនឲ្យធ្វើដំណើរចេញដែនអាកាសរបស់ខ្លួនដូចគ្នាដែរ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានរដ្ឋរុស្ស៊ី RT។
គួរជម្រាបថា ការបិទជើងហោះហើររបស់រុស្ស៊ីពីសំណាក់សហភាពអឺរ៉ុប និងអាមេរិកនឹងធ្វើឱ្យប្រព័ន្ធអាកាសចរណ៍របស់រុស្ស៊ីចុះខ្សោយ។ ការរឹតបន្តឹងថ្មីដែលនឹងចូលជាធរមានឆាប់ៗនេះ នឹងបង្កើតជាវិធានការដ៏ធំទូលាយមួយដោយបណ្ដាប្រទេសលោកខាងលិច ដែលវាអាចរំខានដល់ឧស្សហកម្មអាកាសចរណ៍ពាណិជ្ជកម្មរបស់រុស្ស៊ី និងអាចះឥទ្ធិពលដល់ឧស្សាហកម្មអាកាសចរណ៍អន្តរជាតិដូចគ្នាដែរ។
រហូតមកដល់ពេលនេះ បើយោងតាមសារព័ត៌មានរដ្ឋរុស្ស៊ី RT បានឱ្យដឹងថា ទេសចររុស្ស៊ីរាប់ពាន់នាក់បានជាប់គាំងបន្ទាប់ពីមានការប្រកាសហាមឃាត់ការហោះហើរ។ យោងតាមសមាគមទីភ្នាក់ងារទេសចរណ៍នៃប្រទេសរុស្ស៊ីបានឱ្យដឹងថា ភ្ញៀវទេសចរជាង ២ម៉ឺន ៧ពាន់នាក់នៅជុំវិញពិភពលោកត្រូវបានទុកចោលមិនអាចធ្វើដំណើរបាន បន្ទាប់ពីសហភាពអឺរ៉ុប និងកាណាដាបានបិទដែនអាកាសរបស់ពួកគេចំពោះក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី។
យ៉ាងណាមិញ នៅក្នុងសប្ដាហ៍នេះ បន្ទាប់ពីមានការប្រកាសបិទដែនអាកាសពីប្រទេសលោកខាងលិច មានជើហោះហើរចេញចូលទៅកាន់អាកាសយានដ្ឋាននៅក្នុងទីក្រុងម៉ូស្គូជាង ១០០ជើងត្រូវបានលុបចោលផងដែរ នេះបើតាមការរាយការណ៍ពីសារព័ត៌មាន Washington Post៕