វិស័យទេសចរណ៍កម្ពុជា

រដ្ឋបាលខេត្តកំពត កំពុងសិក្សាគម្រោងពង្រីក និងកែលម្អឆ្នេរព្រែកថ្មី ដើម្បីស្រូបទាញភ្ញៀវទេសចរកាន់តែច្រើន


ក្នុងបរិបទកូវីដ-១៩ ខេត្តកំពត ក្លាយជាគោលដៅទេសចរណ៍ដ៏លេចធ្លោរបំផុតមួយរបស់កម្ពុជា ដោយមានទេសចរទៅកម្សាន្តច្រើនជាងគេ។ ជាក់ស្ដែង បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ ក្នុងសប្ដាហ៍ទី៣ នៃខែកញ្ញានេះ មានទេសចរជាង ២ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តទៅ ខេត្តកំពត ដែលធ្វើឱ្យខេត្តនេះ ជាប់លំដាប់លេខ២ បន្ទាប់ពីរាជធានីភ្នំពេញ។ ដើម្បីឱ្យខេត្តជាប់សមុទ្រមួយនេះ កាន់តែទទួលបានភ្ញៀវទេសចរកាន់តែច្រើន រដ្ឋបាលខេត្តកំពត កំពុងចាប់ផ្ដើមសិក្សាលើគម្រោងពង្រីក និងកែលម្អ ឆ្នេរព្រែកថ្មីមួយ ដែលមានទីតាំងស្ថិតនៅ សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។
ឯកឧត្ដម​ ជាវ​ តាយ​ អភិបាលខេត្តកំពត​ និងមន្រ្តីជំនាញ ចុះពិនិត្យមេីលទីតាំងដីដែលអ្នកវិនិយោគស្នេីសុំវិនិយោគ​ និងអភិវឌ្ឍន៍ឆ្នេរព្រែកកំពង់បាយ​ ខេត្តកំពត រូបភាព៖ រដ្ឋបាលខេត្តកំពត

ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត និង​មន្ត្រី​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង ដែល​អ្នក​វិនិយោគ​ស្នើ​សុំ​វិនិយោគ និង​អភិវឌ្ឍន៍​ឆ្នេរ​ព្រែក​កំពង់បាយ ដែល​ស្ថិត​ក្នុង​សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្តកំពត​។ បើ​តាម​រដ្ឋបាល​ខេត្តកំពត ការ​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ដល់ទី​តាំង​គម្រោង​នេះ គឺ​ក្នុង​គោលបំណង ដើម្បី​សិក្សា និង​ទាមទារ​ឲ្យ​មានការ​ចូលរួម​មតិយោបល់​ពី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​អភិវឌ្ឍន៍ ប្រកបដោយ​គុណភាព និរន្តរភាព បញ្ចៀស​បាន​នូវ​ផល​ប៉ះពាល់​ឲ្យ​នៅ​កម្រិត​តិច​បំផុត និង​បម្រើ​ដល់​ផលប្រយោជន៍​សាធារណជន​ឲ្យ​បាន​ច្រើន​។

បើ​តាម​ឯកឧត្តម ជាវ តា​យ បាន​ប្រាប់​សារព័ត៌មាន​ខេ​ម​បូ​ណូ​មី​ស គម្រោង​កែ​លម្អ​ឆ្នេរ​ព្រែក​ថ្មី​ខាងលើ​នេះ មាន​ប្រវែង​ជិត ៣០០​ម៉ែត្រ ដែល​មានការ​ទទួលខុសត្រូវ ដោយ​រដ្ឋបាល​ខេត្តកំពត ផ្ទាល់ ដើម្បី​បង្កើន​សោ​ភ័​ណ្ឌ​ភាព​ឆ្នេរ​កំពង់បាយ​។ ទោះបីជា មិន​បាន​បញ្ជាក់​ពី​ក្រុមហ៊ុន​វិនិយោគ និង​ទំហំ​វិនិយោគ​ក្ដី ប៉ុន្ដែ ឯកឧត្តម ជាវ តា​យ បាន​គូសបញ្ជាក់​ថា គម្រោង​កែ​លម្អ​ឆ្នេរ​ព្រែក​ថ្មី​នេះ នឹង​ក្លាយជា​សមិទ្ធផល​ថ្មី ក្នុង​វិស័យ​ទេសចរណ៍ ដែល​អាច​ទាក់ទាញ​ទេសចរ​កាន់តែ​ច្រើន មក​កម្សាន្ត​ខេត្តកំពត ពិសេស​នៅ​ពេល​មាន​ពិធីបុណ្យ​ទាន​ម្ដង​ៗ​។

ដ្បិតថា នេះ​ជា​គម្រោង ដែល​ស្ថិត​ក្នុង​ការ​សិក្សា​ក៏​ដោយ​ចុះ តែ​ឯកឧត្តម ជាវ តា​យ រំពឹង​ថា ក្រោយ​ពី​បង្កើត​បាន​នូវ​គម្រោង​ថ្មី​មួយ​នេះ​បន្ថែម​ទៀត នឹង​អាច​មាននូវ​ហេដ្ឋារចនាសម្ព័ន្ធ​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍ និង​បង្កើត​ឱកាស​ការងារ​បន្ថែម ក៏​ដូច​ជា លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ខេត្តកំពត ឱ្យ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ទៀត​។

ជុំវិញ គម្រោង​កែ​លម្អ​ឆ្នេរ​ព្រែក​ថ្មី របស់​រដ្ឋបាល​ខេត្តកំពត ត្រូវ​បាន​លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គាំទ្រ​យ៉ាង​ពេញទំហឹង ដោយសារ​តែ​អ្នកជំនាញ​ផ្នែក​ទេសចរណ៍​រូប​នេះ បាន​យល់​ឃើញ​ថា ខេត្តកំពត មិន​ចាញ់​ខេត្តមណ្ឌលគិរី ដែល​មាន​សក្ដានុពល​ខ្ពស់​ផ្នែក​វិស័យ​ទេសចរណ៍ ពិសេស​អំឡុង​កូ​វី​ដ​-១៩ មាន​ទេសចរ​កាន់តែ​ច្រើន បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​នោះ ដែល​ជា​ឱកាសល្អ ក្នុង​ការ​កែ​លម្អ​លើ​វិស័យ​ទេសចរណ៍​។ លោក ធួន ស៊ី​ណា​ន បាន​គូស​រំលេច​ថា បើ​ទោះបី ខេត្តកំពត និង​ខេត្ត​កែប មាន​ទំហំ​តូច តែ​ខេត្ត​ទាំង​ពីរ​នេះ មាន​សក្ដានុពល​ទេសចរណ៍ មិន​ចាញ់​គ្នា​នោះ​ទេ ហើយ​ក៏​មាន​ភាព​លេចធ្លោរ អំឡុង​កូ​វី​ដ​-១៩ ដែល​មាន​ទេសចរ​ទៅ​លេង​ច្រើន​កុះករ​។

វិស័យ​ទេសចរណ៍​របស់​កម្ពុជា ចាប់ផ្ដើម​មាន​ក្ដី​សង្ឃឹម​ឡើង​វិញ​ជា​បណ្ដើរ​ៗ បន្ទាប់​ពី​ផែនការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​-១៩ របស់​រាជរដ្ឋាភិបាល​ស្ទើ​នឹង​សម្រេច​លទ្ធផល ១០០% ហើយ​ច​ន្ត​រ​នៃ​ទេសចរ​ផ្ទៃក្នុង ក៏​ចាប់​កម្រើក​ឡើង​វិញ​។ ដោយឡែក ផែនការ​បើក​ទេសចរ​បរទេស របស់​កម្ពុជា នៅ​ចុងឆ្នាំ​នេះ ក៏​កាន់តែ​ខិតចូល​មក​ដល់​ដែរ​។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ នៅ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​១០​ម៉ឺន​នាក់ ថយ​ចុះ ៩១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ដោយឡែក នៅ​ស​ប្ដា​ហ៍​ទី​៣ នៃ​ខែកញ្ញា មាន​ទេសចរ​ប្រមាណ ៨​ម៉ឺន​នាក់ បាន​ដើរ​កម្សាន្ត​នៅ​តាម​តំបន់​នានា ដែល​ជា​ទេសចរ​ផ្ទៃក្នុង​៕
None



អត្ថបទបន្ទាប់


គម្រោងសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម គ្រោងបញ្ចប់ការសិក្សានៅចុងឆ្នាំនេះ

ទោះបីការឆ្លងរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ បានធ្វើឲ្យសកម្មភាពមួយចំនួនត្រូវបានអាក់ខាន តែវាមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ការសិក្សាគម្រោងសា…

ធនាគារជាតិបន្ដដាក់ឲ្យមានការដេញថ្លៃប្រាក់ដុល្លារអាមេរិកកាន់តែច្រើន តើវានឹងជួយអ្វីខ្លះសម្រាប់វិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ច?

នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បាននិងកំពុងបន្ដបញ្ចេញប្រាក់ដុល្លារអាមេរិក សម្រាប់ដាក់ឲ្យការដេញថ្លៃជាបន្ដបន្ទាប់ ដោយនៅក្នុងខែកញ្ញានេះ ធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ