បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា កត្តាស្នូលដែលជួយសេដ្ឋកិច្ចកម្ពុជាស្ទុះងើបឡើងវិញលឿននៅឆ្នាំក្រោយនេះ គឺកក្តាសំខាន់ទី១ ល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋបានកាន់តែច្រើន ដែលធ្វើឲ្យមានភាពស៊ាំប្រឆាំងនឹងកូវីដក្នុងសហគមន៍។ ពិសេសជាងនេះទៅទៀត គឺបន្ទាប់ពីច្បាប់ស្តីការវិនិយោគនៅកម្ពុជា និង កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់(RCEP)បានចូលជាធរមាន វានឹងជំរុញការវិនិយោគ និងធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែមានភាពល្អប្រសើរ និង មានភាពប្រកួតប្រជែងខ្ពស់។ ទន្ទឹមនឹងនេះអ្នកជំនាញសេដ្ឋកិច្ចជំរុញឲ្យអ្នករកស៊ីក្នុងស្រុកគួរស្វែងយល់ពីច្បាប់ទាំងពីរនេះ និង បរិបទនយោបាយ និង សេដ្ឋកិច្ចរបស់ពិភពលោកក្នុងវិបត្តិកូវីដ-១៩។
ជុំវិញទៅនឹងបញ្ហានេះ ឯកឧត្តមបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា ក្រោយរាជរដ្ឋាភិបាលចាក់វ៉ាក់កូវីដ-១៩ ជូនពលរដ្ឋបានគ្រប់តាមផែនការ ដែលបង្កើតភាពស៊ាំក្នុងសហគមន៍ កម្ពុជាអាចនឹងឈានទៅបើកវិស័យមួយចំនួនឡើងវិញដែលរងផលប៉ះពាល់ដោយសារកូវីដ-១៩ នៅឆ្នាំ២០២២ ខាងមុខនេះ។ ក្រោយវិស័យទាំងនោះបានបើកដំណើរការឡើងវិញ វានឹងធ្វើឲ្យអាជីវកម្មដែលបានផ្អាកដំណើរបណ្តោះអាសន្នត្រូវបើកដំណើរការឡើងវិញ ដែលធ្វើឲ្យចរន្តសេដ្ឋកិច្ចរបស់កម្ពុជាមានភាពល្អប្រសើរឡើងវិញ។
អ្នកជំនាញសេដ្ឋកិច្ចកម្ពុជា សុទ្ធតែពឹងផ្អែក និង មានជំនឿយ៉ាងមុតមាំថា សេដ្ឋកិច្ចកម្ពុជានឹងអាចវិលមករកភាពល្អប្រសើរឡើងវិញនៅឆ្នាំ២០២២ បន្ទាប់ពីច្បាប់ស្តីពីការវិនិយោគនៅព្រះរាជណាចក្រកម្ពុជា និងច្បាប់ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ហៅកាត់ RCEP ចូលជាធរមាន។ តាមគម្រោងច្បាប់ទាំងពីរនេះ គ្រោងចូលជាធរមាននៅដើមឆ្នាំ២០២២ ខាងមុខនេះ។
កត្តាដែលជំរុញឲ្យក្រុមអ្នកជំនាញសេដ្ឋកិច្ច ហ៊ានវាយតម្លៃបែបនេះ ដ្បិតអីពួកគេមើលឃើញថា ច្បាប់ស្ដីពីការវិនិយោគថ្មី និងច្បាប់ស្ដីពីកិច្ចព្រមព្រៀង RCEPនេះ គឺមានអត្ថប្រយោជន៍ខ្ពស់ក្នុងការពង្រីកការវិនិយោគ ក៏ដូចជាការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយប្រទេសក្នុងតំបន់ និងលើពិភពលោក។
ស្របពេលជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា ជំរុញឲ្យអ្នករកស៊ី ក៏ដូចជាវិនិយោគិនក្នុងស្រុកត្រូវស្វែងយល់ពីច្បាប់ទាំងពីរខាងលើឲ្យបានស៊ីជម្រៅ ជាពិសេសត្រូវពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពឲ្យល្អប្រសើរថែមទៀត ដើម្បីឆ្លើយតបនឹងតម្រូវការវិនិយោគ និងធ្វើពាណិជ្ជកម្មរបស់ពិភពលោក។ ជាពិសេសដើម្បីត្រៀមចាប់ដៃគូជាមួយវិនិយោគិនបរទេស ដែលនឹងចូលមកវិនិយោគនៅកម្ពុជា ក្រោយច្បាប់ទាំងពីរខាងលើត្រូវបានអនុម័ត។
ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលរូបនេះ ក៏បានផ្តល់ជាគំនិតយោបល់ឲ្យអ្នករកស៊ី និងវិនិយោគក្នុងស្រុកត្រូវចេះស្វែងយល់ពីស្ថានភាពភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោកឲ្យបានស៊ីជម្រៅ។ ជាពិសេសការប្រែប្រួលការវិនិយោគ និងធ្វើពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ដើម្បីរក្សានិរន្តរភាព និងបន្តដំណើរការអាជីវកម្មរបស់ខ្លួនក្នុងបរិបទកូវីដ-១៩។
ចំណែកឯ លោកបណ្ឌិត គី សេរីវឌ្ឍ អ្នកវិភាគសេដ្ឋកិច្ចមួយរូបនៅកម្ពុជា បានជឿជាក់ថា ក្រោយរាជរដ្ឋាភិបាលកម្ពុជាចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋបានកាន់តែច្រើន ហើយការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញប្រឆាំងកូវីដ-១៩ មានប្រសិទ្ធភាពខ្ពស់ គួបផ្សំចំនួនអ្នកឆ្លងជំងឺនេះមានការថយចុះ នោះវានឹងធ្វើឲ្យអាជីវកម្មក្នុងវិស័យសេវាកម្មដែលជាវិស័យស្នួលមួយនៃសេដ្ឋកិច្ចកម្ពុជាបើកដំណើរការឡើងវិញ។ ពេលនោះសេដ្ឋកិច្ចកម្ពុជានឹងចាប់ផ្តើមមានស្ថានភាពល្អប្រសើរឡើងវិញផងដែរ។ សម្រាប់បណ្ឌិត គី សេរីវឌ្ឍ មើលឃើញថា ក្នុងវិបត្តិកូវីដ-១៩ នេះ កម្ពុជាក៏មានឱកាសក្នុងការទាក់ទាញការវិនិយោគ និងប្រជែងដណ្តើមទីផ្សារនាំចេញទំនិញជាមួយប្រទេសជិតខាងដូចជាវៀតណាម និងថៃដែលបាន និងកំពុងជាប់ដៃប្រយុទ្ធទប់ទល់ជាមួយកូវីដ-១៩ ផងដែរ។
ជាមួយគ្នានេះលោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងថា វិបត្តិកូវីដ-១៩ បានធ្វើឲ្យវិស័យមួយចំនួនត្រូវបានបិទទ្វារ និងមួយចំនួនបន្តរស់ទាំងត្រដាបត្រដួស ប៉ុន្ដែក៏មានអាជីវកម្មមួយចំនួនមានដំណើរការល្អប្រសើរផងដែរ។ ទន្ទឹមនឹងនេះលោក ជំរុញអ្នករកស៊ីក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ដែលកំពុងផ្អាកដំណើរការអាជីវកម្ម ត្រូវអភិវឌ្ឍន៍សមត្ថភាព និងស្វែងរកវិធីសាស្ត្រដើម្បីរៀនរស់ក្នុងវិបត្តិកូវីដ-១៩ បើពុំដូចនោះទេ ការផ្អាកដំណើរការអាជីវកម្មរបស់ពួកគេនឹងបន្តផ្អាកជារៀងរហូតក៏អាចថាបាន។
តាមការអះអាងរបស់អ្នកជំនាញសេដ្ឋកិច្ចបានឲ្យដឹងថា ការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងសេដ្ឋកិច្ចកម្ពុជា ពោលគឺវាបានបន្ទច់បង្អាក់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេសមួយចំនួន។ ជាក់ស្តែង ក្នុងអំឡុងវិបត្តិកូវីដ-១៩ វាបានធ្វើឲ្យមានការកកស្ទះដល់ការនាំចេញទំនិញមួយចំនួនរបស់កម្ពុជា ដោយសារតម្លៃដឹកជញ្ជូនឡើងថ្លៃខ្ពស់ និង កង្វះទូរកុងតឺន័រជាដើម។
ថ្មីៗចុងក្រោយនេះដែរ ក្រសួងសេដ្ឋកិច្ចក៏ទើបតែបានកែប្រែការព្យាករបស់ខ្លួនចំពោះកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំ២០២១នេះ ថានឹងមានត្រឹមតែ២,៤%ប៉ុណ្ណោះ ខណៈដែលពីមុនព្យាករថាមាន៤%។ ការទម្លាក់ការព្យាករនេះ ដោយសារតែមើលឃើញពីផលប៉ះពាល់នៃការឆ្លងកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភ និងវត្តមានមេរោគបំប្លែងថ្មីឌែលតាដែលកំពុងបន្ដការអុកឡុក។ ដោយឡែក នៅឆ្នាំក្រសួងសេដ្ឋកិច្ចព្យាករថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៤,៨%៕