ការតាំងពិព័រណ៍នេះត្រូវបានហៅឈ្មោះថា (ដែនជម្រក អែហ្វ ធី) ។ នៅក្នុងឱកាសនេះក៏មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីផ្ដល់កិត្តិយសក្នុងពិធីកាត់ខ្សែបូ ផងដែរ ។
យោងតាមលោក ហ្វុង គី ដែលជាស្ថាបនិក និងម្ចាស់ សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី ការតាំងពិព័រណ៍ជាក្រុមនេះមានគោលបំណងដើម្បីអបអរសាទរក្នុងការដាក់ឲ្យដំណើរការការិយាល័យកណ្ដាលដំបូងគេបង្អស់របស់ សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី នៅក្នុងសហគមន៍ខុនដូ Urban Village ហើយក៏ដើម្បីអបអរសាទរទៅដល់ខួប៣ឆ្នាំនៃកម្មវិធីគូរគំនូរលើជញ្ជាំងរបស់មជ្ឈមណ្ឌលច្នៃប្រឌិត Factory Phnom Penh ផងដែរ។
លោក ហ្វុង គី បាននិយាយយ៉ាងដូច្នេះថា ៖ “នៅក្នុងពិព័រណ៍នេះយើងនាំមកជូននូវស្នាដៃពីសិល្បករអន្ដរជាតិល្បីឈ្មោះចំនួន១៤នាក់ដែលពួកគេ ភាគច្រើនមានឈាមជ័រជាខ្មែរ។ សិល្បករទាំងអស់នេះធ្លាប់បានមកប្រទេសកម្ពុជា ហើយគូររូបនៅ តាមជញ្ជាំងនៃកន្លែងជាច្រើន។ ស្នាដៃរបស់ពួកគេបានជួយលើកតម្កើងពីវិស័យសិល្បៈគូររូប នៅតាមសាធារណៈក្នុងប្រទេសកម្ពុជា” ។
លោក ហ្វុង គី បន្ថែមថា ៖ “ទោះបីជាការធ្វើដំណើររបស់យើងទៅកាន់កន្លែងផ្សេងៗនៅជុំវិញពិភពលោកត្រូវបានរាំងស្ទះ ដោយសារបញ្ហាវិបត្តិវីរុស Covid-19 ក៏ដោយការតាំងពិព័រណ៍ស្នាដៃសិល្បៈ “ដែនជម្រក អែហ្វ ធី” នឹងនាំលោកអ្នកធ្វើដំណើរតាមរយៈសិល្បៈ ជាមួយរូបគំនូរផ្សេងៗដែលជាស្នាដៃរបស់សិល្បករ ល្បីៗជាច្រើនមកពីជុំវិញពិភពលោកដែលស្នាដៃរបស់ពួកគេភាគច្រើនទទួលឥទ្ធិពលពីការធ្វើដំណើរកម្សាន្ដរបស់ពួកគេក្នុងប្រទេសកម្ពុជា និងប្រទេសដទៃទៀតក្នុងតំបន់” ។
សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី ផ្ដោតសំខាន់ទៅលើចលនានៃការធ្វើឲ្យប្រសើរឡើងវិញ នៃសិល្បៈកម្ពុជាតាមរយៈការបង្ហាញស្នាដៃផ្សេងៗពីសិល្បករល្បីទាំងជាតិ និងអន្ដរជាតិ ដោយស្នាដៃរបស់ពួកគេភាគច្រើនទទួលបានឥទ្ធិពលពីសិល្បៈតាមទីសាធារណៈក្នុងទីក្រុង រូបគំនូរលើជញ្ជាំង និង វប្បធម៌ក្នុងតំបន់អាស៊ី។
សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី មានគោលបំណងគាំទ្រទៅដល់សិល្បករក្មេងៗនៅក្នុងស្រុក ក៏ដូចជាធ្វើការផ្សព្វផ្សាយទៅកាន់ពិភពលោកអំពីសក្ដានុពលរបស់រាជធានីភ្នំពេញជាមជ្ឈមណ្ឌលវប្បធម៌ ដ៏មានភាពរស់រវើកមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី គឺជាកន្លែងមួយដែលមានការវិវត្តិឥតឈប់ឈរ ហើយត្រូវបានបង្កើតឡើងក្នុងគោលបំណង ភ្ជាប់ទំនាក់ទំនងរវាងអតីតកាល និង អនាគតកាលនៃវប្បធម៌ប្រពៃណីកម្ពុជាជាមួយសិល្បៈអន្ដរជាតិ។
“យើងស្រឡាញ់ប្រទេសកម្ពុជា។ សិល្បៈគឺជាផ្នែកមួយដ៏សំខាន់បំផុតនៅក្នុងគម្រោងខុនដូ Urban Village និងមជ្ឈមណ្ឌល Factory Phnom Penh ដែលជាមជ្ឈមណ្ឌលច្នៃប្រឌិតធំជាងគេនៅក្នុងតំបន់អាស៊ី អាគ្នេយ៍។ ក្រោមកិច្ចសហការជាមួយ សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី យើងនឹងធ្វើការយ៉ាងជិតស្និត ជាមួយសិល្បករក្នុងស្រុក និងអន្តរជាតិមកពីគ្រប់ទីកន្លែងជុំវិញពិភពលោក ពីព្រោះយើងមានគោល បំណងធំដើម្បីធ្វើការផ្សព្វផ្សាយអំពីសិល្បៈខ្មែរ និង ធ្វើឲ្យពិភពលោកទាំងមូលបានឃើញ និងស្គាល់ពីភាព ស្រស់ស្អាតរបស់សិល្បៈខ្មែរ” ។ នេះគឺជាប្រសាសន៍របស់លោក Ben Li ស្ថាបនិក និង អគ្គនាយកគម្រោងខុនដូ Urban Village និង មជ្ឈមណ្ឌល Factory Phnom Penh ។
ចំណែកលោកស្រី Catherine Chan ស្ថាបនិក និងអគ្គនាយិកាគម្រោង Urban Village និង មជ្ឈមណ្ឌាល Factory Phnom Penh បានមានប្រសាសន៍ផងដែរ ថា ៖ “កម្ពុជាត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលមានវ័យចំណាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ សិល្បៈខ្មែរ ជំនាន់ដើមមានប្រវត្តិ និងវ័យចំណាស់នៅក្នុងតំបន់។ នៅពេលដែលពិភពលោកកំពុងតែមានការរីក ចម្រើនទៅមុខ មនុស្សភាគច្រើនផ្ដោតសំខាន់តែលើការរកលុយ ហើយភ្លេចពីសិល្បៈដែលជាឬស គល់នៃវប្បធម៌ ដែលជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់យើង” ។
“សហគមន៍អន្ដរជាតិរបស់យើងមានវិចិត្រសាលធំ និងពិសេសជាងគេនៅកម្ពុជា។ យើងធ្វើការគាំទ្រទាំង ស្រុងចំពោះសិល្បករទាំងអស់។ នៅក្នុងវិចិត្រសាលរបស់យើងមានទីធ្លាសម្រាប់រៀបចំតាំងពិព័រណ៍ធំជាង គេដែលសិល្បករអាចប្រើប្រាស់បានសម្រាប់តាំងបង្ហាញស្នាដៃរបស់ពួកគេ និងទីធ្លាសម្រាប់ឲ្យសិល្បករ អាចធ្វើការជាមួយគ្នាលើគម្រោងផ្សេងៗ។ យើងក៏អនុញ្ញាតឲ្យសិល្បករតាំងលក់ស្នាដៃរបស់ពួកគេនៅក្នុង វិចិត្រសាលរបស់យើងផងដែរ។ បន្ថែមពីនេះទៅទៀត យើងក៏មានផ្ដល់ជូនកន្លែងស្នាក់នៅ និងកន្លែង ធ្វើការឲ្យសិល្បករផងដែរដើម្បីធ្វើឲ្យប្រាកដថាពួកគេអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីធ្វើការងារដែល ពួកគេស្រឡាញ់” ។ លោក Ben Li បានមានប្រសាសន៍បន្ថែមយ៉ាងដូច្នេះ ។
សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី បានសហការជាមួយមជ្ឈមណ្ឌល Factory Phnom Penh ដើម្បីដាក់ដំណើរការទីធ្លា ArtSpace និង គម្រោង Anyone in Residence (AiR)។ គម្រោង (AiR) ត្រូវបានបង្កើតឡើងសម្រាប់សិល្បករ និងអ្នកមានជំនាញវិជ្ជាជីវៈលើផ្នែកច្នៃប្រឌិត និងបច្ចេកវិទ្យាអាចមានសិទ្ធិចូលទៅប្រើប្រាស់សម្ភារ និងបរិក្ខារផ្សេងៗនៅក្នុងទីធ្លា ArtSpace ក៏ដូចជាសហគមន៍ទាំងមូល។
ជាមួយទីធ្លាសម្រាប់ តាំងពិព័រណ៍ រៀបចំព្រឹត្តិការណ៍ និងស្ទូឌីយោ រហូតទៅដល់ ២២០០ ម៉ែត្រការ៉េ សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី ផ្តល់ជូនកន្លែងដ៏ធំទូលាយសម្រាប់ឲ្យសិល្បករ ទទួលបានការជម្រុញចិត្ត និងធ្វើកិច្ចការងាររបស់ពួកគេដោយសេរី។ សាលសិល្បៈ និង ស្ទូឌីយោ អែហ្វ ធី នាំមកជូននូវកន្លែងថ្មីអស្ចារ្យសម្រាប់សិល្បករក្នុងប្រទេសកម្ពុជា និងវិស័យសិល្បៈ ទាំងមូលក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលកំពុងតែមានការរីកចម្រើនខ្លាំង ៕