យោងតាមសេចក្តីណែនាំថ្មីរបស់ក្រសួងការងារ និងសុខុមាលភាពសង្គមឡាវ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ តទៅ គ្រប់អង្គការ និងក្រុមហ៊ុនទាំងអស់នៅក្នុងប្រទេសឡាវ ដែលធ្លាប់តែបើកប្រាក់បៀវត្សរ៍ជារូបិយប័ណ្ណបរទេស នឹងត្រូវបានតម្រូវឱ្យបើកប្រាក់បៀវត្សរ៍ដល់និយោជិតរបស់ពួកគេជាលុបគីបរបស់ឡាវ ហើយត្រូវតែទូទាត់តាមហាងឆេងអត្រាប្តូរប្រាក់ឱ្យបានត្រឹមត្រូវ។
ចំណាត់ការនេះ គឺអនុលោមតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីឡាវ ស្តីពីការគ្រប់គ្រងរូបិយប័ណ្ណបរទេសដែលបានចេញផ្សាយកាលពីថ្ងៃទី២៤ ខែមករា និងស្របតាមច្បាប់ការងារទាក់ទងនឹងការបើកប្រាក់បៀវត្សរ៍។
សេចក្តីណែនាំនេះតម្រូវឱ្យប្រាក់ឈ្នួលដែលបានកំណត់ជារូបិយប័ណ្ណបរទេស ត្រូវបំប្លែងទៅជាលុយគីប ដោយផ្អែកលើអត្រាប្តូរប្រាក់ដែលចេញដោយធនាគារពាណិជ្ជក្នុងរយៈពេល៣ថ្ងៃនៃថ្ងៃធ្វើការមុនពេលទូទាត់។ អត្រាប្ដូរប្រាក់ដែលកំណត់ដោយធនាគារកណ្ដាលឡាវ នេះត្រូវបានតម្រូវឱ្យប្រើប្រាស់ជាកំហិត ហើយនិយោជកមិនត្រូវបានតម្រូវឱ្យស្វែងរកការអនុម័តបន្ថែមពីរដ្ឋាភិបាលឡាវ សម្រាប់ការបើកប្រាក់បៀវត្សរ៍ជាលុយគីប នោះឡើយ សូម្បីតែអំឡុងពេលមានអស្ថិរភាពសេដ្ឋកិច្ចក៏ដោយ។
ដើម្បីធានាបាននូវការអនុវត្តតាមសេចក្ដីណែនាំនេះ ឱ្យបានម៉ឺងម៉ាត់ គណៈកម្មាធិការជាតិ ការងារ រួមជាមួយគណៈកម្មាធិការការងារថ្នាក់ស្រុក និងខេត្ត ការិយាល័យការងារ និងសុខុមាលភាពសង្គម ព្រមទាំងការិយាល័យអធិការកិច្ចការងារ នឹងត្រួតពិនិត្យការអនុលោមតាមបទប្បញ្ញត្តិទាំងនេះ។
ទន្ទឹមនឹងនេះ ប្រទេសឡាវ ក៏គ្រោងដាក់ឱ្យដំណើរការសាកល្បងនូវគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ខ្នាតយក្សកម្លាំង៦០០មេហ្គាវ៉ាត់នៅចុងខែធ្នូ ឆ្នាំនេះផងដែរ ដែលលឿនជាងការកំណត់រយៈពេល២ខែ។
សូមបញ្ជាក់ថា គម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ដែលលាតសន្ធឹងពីខេត្តសេកុង ដល់ខេត្ដអត្តាពូវ (Attapeu) ក្រោមកិច្ចសហការជាមួយអគ្គិសនីវៀតណាម (EVN) ក្រោមទុនវិនិយោគប្រមាណ៩៥០លានដុល្លារអាម៉េរិក នេះនឹងក្លាយជាគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់របស់ប្រទេសឡាវ និងជាគម្រោងថាមពលអគ្គិសនីដើរដោយខ្យល់ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍៕
ដោយ: តែម សុខុម