បច្ចុប្បន្ន គម្រោងនេះកំពុងតែមមាញឹកក្នុងការសាងសង់យ៉ាងខ្លាំង ដើម្បីបញ្ចប់ទៅតាមផែនការកំណត់ក្នុងឆ្នាំ២០១៩ ឆាប់ៗនេះ។ នេះបើយោងតាមការបញ្ជាក់ពីមហាសេដ្ឋី លី យ៉ុងផាត់ ដែលបានប្រាប់អ្នកសារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស។
សួនទឹកកម្សាន្តធំទី១នៅអាស៊ាននេះ មានឈ្មោះថា Angkor Water Park ដែលវិនិយោគសាងសង់ឡើងដោយមហាសេដ្ឋីដ៏មានឥទ្ធិពលម្នាក់ ឧកញ៉ា លី យ៉ុងផាត់ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែលជាក្រុមហ៊ុនវិនិយោគខ្មែរដ៏ធំល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជា។
បើនិយាយពីឈ្មោះ លី យ៉ុងផាត់ លោកអ្នកនាងខ្លះប្រហែលជាធ្លាប់ឮល្បីរហ័សនាមដែលកាសែតបរទេសធំៗដាក់ឲ្យលោក ថា ជា«ស្ដេចកោះកុង» ឬ "King of Koh Kong"។ រហ័សនាមនេះ ទំនងជាដោយសារតែឧកញ៉ា លី យ៉ុងផាត់ មានកំណើតកើតជានៅក្នុងខេត្តកោះកុង និងបានក្លាយជាអ្នកជំនួញដ៏មានឥទ្ធិពល ល្បីល្បាញ និងចាក់គ្រឹះយ៉ាងរឹងមាំ នៅខេត្តជាប់ព្រំដែនថៃមួយនេះ។
សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ អភិវឌ្ឍសាងសង់នៅលើផ្ទៃដី ៦ហិកតា ដែលស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មី របស់ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ប្រមាណ ១៨គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់អះអាងពីនាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប។
សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក វិនិយោគសាងសង់នៅក្បែរគ្នានឹងសួនសត្វដ៏ធំជាងគេបំផុតនៅកម្ពុជា និងជាព្រៃកម្សាន្តភ្នំពេញទីមួយ ដែលមានឈ្មោះថា ភ្នំពេញ សាហ្វារី ដែលមានតម្លៃវិនិយោគប្រមាណជាង ១០លានដុល្លារអាមេរិក ដែលបានបើកដំណើរការឲ្យប្រជាជនចូលទស្សនាកម្សាន្តកាលពីពេលថ្មីៗនេះ។
លោកឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ធ្លាប់បានអះអាងថា សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ គឺជាគម្រោងធំជាងគេទី១ក្នុងតំបន់អាស៊ាន ពោលគឺដណ្តើមតំណែងធំជាងសួនទឹកកម្សាន្ត នៅប៉ាតាយ៉ា ប្រទេសថៃ ដែលមានឈ្មោះថា Cartoon Network Waterpark រហូតដល់ទៅ ៥០ភាគរយឯណោះ។
លោកឧកញ៉ា សេង ញ៉ក់ បានបន្តថា ក្រុមហ៊ុនបានចាប់ផ្តើមដំណើរការសាងសង់សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក កាលពីចុងខែវិច្ឆិកានេះ ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០១៩ ដើម្បីបើកឲ្យប្រជាជនចូលលេងទស្សនា។
សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ ទទួលសិទ្ធិសាងសង់ដោយក្រុមហ៊ុន វ៉ាយ វ៉តធើ (White Water) ដែលជាក្រុមហ៊ុនអន្តរជាតិដ៏ល្បីល្បាញនៅលើពិភពលោក ផ្នែកការសាងសង់សួនទឹកកម្សាន្តតែម្តង។
លក្ខណៈពិសេសរបស់សួនទឹកកម្សាន្តដ៏ធំដំបូងគេបង្អស់នៅកម្ពុជានេះ មានកន្លែងសំខាន់ៗ ដូចជា សមុទ្រសិប្បនិម្មិត ដែលទឹករលកកម្ពស់៣ម៉ែត្រកន្លះ ទឹកជ្រោះធ្លាក់ដ៏ស្រស់ស្អាត កន្លែងរំអិលទឹកខ្ពស់ ទឹករាំតាមចង្វាក់ភ្លេង កន្លែងក្មេងលេងជាច្រើន និងកន្លែងសំខាន់ៗផ្សេងទៀត។
សួនទឹកកម្សាន្ត អង្គរ វ៉តធើផាក នេះ សាងសង់រំលេចទៅតាមបែបរចនាបថសម័យអង្គរដែលមានរូបអប្សរា ដំរី បាយ័ន អង្គរវត្ត លាយឡំទៅនឹងរចនាបថសម័យទំនើបមកពីអឺរ៉ុប និងអាមេរិក ផងដែរ។
លោកឧកញ៉ា សេង ញ៉ក់ នាយកក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប បានឲ្យដឹងទៀតថា ដោយសារតែមើលឃើញថា នៅរាជធានីភ្នំពេញយើង ក៏ដូចជាប្រទេសខ្មែរយើង ខ្វះកន្លែងកម្សាន្តកម្រិតស្តង់ដារអន្តរជាតិបែបនេះហើយ ទើបក្រុមហ៊ុនលោកសម្រេចចិត្តសាងសង់សួនទឹកកម្សាន្តដ៏ធំជាងគេមួយនេះឡើង។
លោកឧកញ៉ាសង្ឃឹមថា នៅពេលដែលសួនទឹកកម្សាន្តនេះសាងសង់រួចរាល់ហើយ វាមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរក្នុងស្រុកប៉ុណ្ណោះទេ វាក៏នឹងទាក់ទាញភ្ញៀវទេសចរពីក្រៅប្រទេសមកកម្សាន្តនៅប្រទេសកម្ពុជាយើងផងដែរ។ ហើយនៅពេលនោះ អ្នករស់នៅភ្នំពេញនិងតាមបណ្តាខេត្តនានាក្នុងប្រទេសមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនដើម្បីធ្វើដំណើរកម្សាន្តទៅក្រៅស្រុកនោះដែរ។
លោកឧកញ៉ា សេង ញ៉ក់ បានបញ្ជាក់បន្ថែមថា តាមរយៈការវិនិយោគសួនទឹកកម្សាន្ត អង្គរ វ៉តធើផាក ដ៏ធំជាងគេក្នុងតំបន់អាស៊ាននេះ ក្រុមហ៊ុននឹងធ្វើឲ្យកន្លែងនេះក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពោលជាតំបន់ទេសចរណ៍ដ៏សំខាន់សម្រាប់រាជធានីភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជា និងអន្តរជាតិ ផងដែរ៕