

បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា៖ “ធនាគារ អេស៊ីលីដា បានធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិល ធីឌី (ស៊ីប៊ីស៊ី) ជាជំហានដំបូង ក្នុងឆ្នាំ២០១៩ ក្នុងការ ផ្ដល់សេវាកម្មត្រួតពិនិត្យ សុខភាពហិរញ្ញវត្ថុ ជូនដល់អតិថិជន និងសាធារណជន តាមរយៈការស្នើសុំឆែករបាយការណ៍ឥណទានផ្ទាល់ខ្លួននៅតាមបណ្តាការិយាល័យសាខា ធនាគារ អេស៊ីលីដា នៅរាជធានីភ្នំពេញ និងគ្រប់ខេត្តក្រុង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អតិថិជនធ្វើការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ មុនដាក់ពាក្យស្នើសុំទទួលបានឥណទាន ដែលលក្ខខណ្ឌនេះជាការកំណត់ឡើងដោយច្បាប់ផង និងការជួយការពារដល់អតិថិជន និងវិស័យហិរញ្ញវត្ថុទាំងមូលពីហានិភ័យនានាផងដែរ។”

ឥឡូវនេះ វាជាជំហានទី២ សម្រាប់ធនាគារ អេស៊ីលីដា និង ស៊ីប៊ីស៊ី បានចុះកិច្ចព្រមព្រៀងជាមួយគ្នា ដើម្បីដាក់ឲ្យដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ តាមរយៈ អេស៊ីលីដា ម៉ូបាល ដោយមានមុខងារ ស៊ីប៊ីស៊ី លើកម្មវិធីទូរស័ព្ទដៃ អេស៊ីលីដា ម៉ូបាល ដែលជាមធ្យោបាយកាន់តែងាយស្រួល លឿនឆាប់រហ័សជាងមុន សម្រាប់អតិថិជនអាចស្នើសុំរបាយការណ៍ឥណទានរបស់ពួកគាត់ បានគ្រប់ពេលវេលា គ្រប់ទីកន្លែង ជាមួយនឹងថ្លៃសេវាសមរម្យ។ មុខងារ ស៊ីប៊ីស៊ី នៅក្នុងកម្មវិធី អេស៊ីលីដា ម៉ូបាល នឹងមាន បង្ហាញនូវប្រវត្តិនៃការខ្ចីប្រាក់ និងការសងប្រាក់របស់អតិថិជន ជាមួយនឹងធនាគារ អេស៊ីលីដា ឬគ្រឹះស្ថានធនាគារ និងស្ថាប័នហិរញ្ញវត្ថុដទៃទៀត។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី ក៏បានលើកឡើងថា៖ “យើងបន្តសហការជាមួយធនាគារអេស៊ីលីដា ដែលជាដៃគូរដ៏យូរអង្វែងរបស់ស៊ីប៊ីស៊ី ក្នុងគោលបំណង ដើម្បីបន្តពង្រីក ការផ្តល់សេវាពិនិត្យសុខភាពហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាឲ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ វាបានឆ្លុះបញ្ចាំងដល់ការប្តេជ្ញាចិត្ត ក្នុងការផ្តល់នូវរបាយការណ៍ឥណទានដែលមានភាពសុក្រឹត និងឆាប់រហ័សជូនដល់អ្នកខ្ចី និងជួយឲ្យពួកគេអាចធ្វើការសម្រេចចិត្តលើហិរញ្ញវត្ថុបានកាន់តែប្រសើរ ព្រមទាំងជាការគាំទ្រដល់បរិញ្ញាបន្នហិរញ្ញវត្ថុ ផងដែរ។ ស្របពេលជាមួយនឹងការវិវត្តន៍យ៉ាងឆាប់រហ័ស លើផ្នែកឌីជីថលទាំងនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក៏ដូច ជាសង្គមទាំងមូល កម្មវិធីនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ហើយក៏ជាការចូលរួម ចំណែកដល់ការអភិវឌ្ឍចំណេះដឹងហិរញ្ញវត្ថុឌីជីថលនៅទូទាំងប្រទេសផង។”
![[from left to right] Group photos: Management of Credit Bureau (Cambodia) Co., Ltd.; Management of ACLEDA Bank Plc.](https://cdn.cambonomist.com/media/images/T2500390.original.jpg)
របាយការណ៍ឥណទានផ្ទាល់ខ្លួន គឺជាការដាក់បញ្ចូលនូវប្រវត្តិបង់សងឥណទានរបស់អ្នកខ្ចី ពីស្ថាប័នហិរញ្ញវត្ថុទាំងអស់ ដែលជាសមាជិករបស់ស៊ីប៊ីស៊ី។ អ្នកផ្តល់កម្ចីទាំងអស់ចាំបាច់ត្រូវធ្វើការត្រួតពិនិត្យ លើប្រវត្តិឥណទានរបស់អ្នកស្នើសុំកម្ចី ដើម្បីពិនិត្យមើលលើលទ្ធភាពទទួល បានឥណទានរបស់អ្នកខ្ចី មុនពេលសម្រេចចិត្ត ផ្តល់ប្រាក់កម្ចី។ ប្រវត្តិឥណទានល្អ នឹងផ្តល់ភាពងាយស្រួលដល់អ្នកស្នើសុំកម្ចី ដើម្បីទទួលបានប្រាក់កម្ចី។