«ខ្ញុំមានអំរែកធ្ងន់ណាស់សម្រាប់បុគ្គលិករបស់ខ្ញុំប្រមាណជាង ១ម៉ឺន ៤ពាន់នាក់ និងការជួយអភិវឌ្ឍប្រទេសជាតិរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំមិនអាចឆ្លើយទៅនឹងសំណួររបស់ប្អូន (ខេមបូណូមីស) ថា ខ្ញុំចូលនិវត្តន៍ពីការងារមុខជំនួញរបស់ខ្ញុំនៅពេលណានោះឡើយ»។
ពាក្យពេចន៍ខាងលើនេះ គឺជាប្រសាសន៍លើកឡើងដោយភាពម៉ឺងម៉ាត់ដាច់ខាត លាយឡំនឹងស្នាមញញឹមរបស់អ្នកឧកញ៉ា ពុង ឃាវសែ ដែលជាវិនិយោគិននិងពាណិជ្ជករដ៏ល្បីល្បាញបំផុតប្រចាំប្រទេសកម្ពុជា ដែលសារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមីស បានជួបសម្ភាសន៍ផ្តាច់មុខមួយ កាលពីពេលថ្មីៗនេះ។
លោកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍បន្តយ៉ាងដូច្នេះថា ៖ «សព្វថ្ងៃ ខ្ញុំប្រឹងណាស់ ហត់នឿយណាស់ ប៉ុន្តែ កូនខ្ញុំគេមិនសរសើរទេ ព្រោះឪវាធ្វើការនឿយពេក (សើច…) ធ្វើជាថៅកែគេ មេដឹកនាំគេ ត្រូវតែធ្វើជាគំរូល្អដល់ពួកគេ ខ្ញុំគ្មានពេលទំនេរវាយកូលហ្គោលដូចអ្នកមានដទៃទេ សម្ពាយរបស់ខ្ញុំធ្ងន់ណាស់ សម្រាប់ចិញ្ចឹមបុគ្គលិកខ្ញុំ ជាង ១៤.០០០នាក់ និងសម្រាប់អភិវឌ្ឍប្រទេសជាតិខ្ញុំឲ្យជឿនលឿនដូចគេ ដូច្នេះខ្ញុំត្រូវតែប្រឹង…»។
ដោយសារតែហេតុផលទាំងអស់នេះហើយ ដែលបានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់អ្នកឧកញ៉ា ពុង ឃាវសែ ហាក់បីដូចជាមិនស្រុតចុះសោះ ពីមួយឆ្នាំទៅមួយឆ្នាំ កាន់តែល្បីរន្ទឺឡើងៗ ដោយលោកទទួលបាននូវភាពជោគជ័យនៅក្នុងគម្រោងវិនិយោគធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្រៅប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី ពិសេស ជាមួយដៃគូវិនិយោគដ៏ស្អិតល្មួតរបស់កម្ពុជា គឺ ចិន។
ជាអ្នកវិនិយោគដ៏មានឥទ្ធិពលនិងរឹងមាំបំផុតអស់រយៈពេលជាច្រើនទសវត្សនៅក្នុងពិភពជំនួញនៅកម្ពុជាក៏ដូចជាក្រៅប្រទេស ដែលមហាជនដាក់រហស្សនាមក្រៅផ្លូវការឲ្យលោកឧកញ៉ា ពុង ឃាវសែ ថា ជាតារាជំនួញអាត់កឺ ដែលជាអ្នកជំនួញលេចធ្លោជាងគេក្នុងចំណោមឧកញ៉ាទាំងអស់នៅកម្ពុជា។
តារាជំនួញលេចធ្លោជាងគេ ឬរហស្សនាមអ្នកជំនួញ «អាត់កឺ»នេះ មិនមានអ្វីវាស់ស្ទង់ និងវាយតម្លៃឲ្យបានជាក់ច្បាស់ពីស្ថាប័នណានោះឡើយ។ ទាំងអស់នេះ គឺលើកឡើងរបស់មតិសាធារណជនទូទៅដែលបានវាយតម្លៃ និងតែងតែនិយាយក្រៅផ្លូវការតែប៉ុណ្ណោះ។
ហើយមែនទែនទៅ សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមីស ក៏មិនមានទិន្នន័យច្បាស់លាស់ណាមួយបញ្ជាក់ថា អ្នកឧកញ៉ា ពុង ឃាវសែ មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅកម្ពុជានោះដែរ។ ប៉ុន្តែ អ្វីដែលមហាជនមើលឃើញ គឺតាមរយៈសកម្មភាព ការវិនិយោគដ៏មហិមារបស់លោកទៅលើគម្រោងធំៗជាច្រើន ដែលគម្រោងនីមួយៗ សុទ្ធតែមានតម្លៃរាប់ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា។
តើមហាសេដ្ឋីអាត់កឺ ពុង ឃាវសែ បានវិនិយោគទៅលើអ្វីខ្លះ?
បច្ចុប្បន្ន អ្នកឧកញ៉ា ពុង ឃាវសែ មានតួនាទីសំខាន់ៗជាច្រើន ដូចជា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកធនាគារ កាណាឌីយ៉ា អគ្គនាយកក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ប្រធានសមាគមអ្នកសាងសង់កម្ពុជា ប្រធានសមាគមធនាគារកម្ពុជា ប្រធានសមាគម ខែ្មរ-ចិន និងតួនាទីជាច្រើនទៀត។
លោកឧកញ៉ា ពុង ឃាវសែ បានវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់នៅកម្ពុជា ប៉ុន្តែ អ្វីដែលលេចធ្លោជាងគេ ជាមុខជំនួញធំៗល្បីៗជាងគេចំនួនពីរ គឺការវិនិយោគនៅក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និង សំណង់អចលនទ្រព្យ។
នៅក្នុងមុខជំនួញធនាគារនិងហិរញ្ញវត្ថុ មិត្តអ្នកអានទាំងអស់គ្នាប្រាកដជាបានដឹងហើយ គឺធនាគារកាណាឌីយ៉ា ដែលជាមុខជំនួញដំបូងរបស់លោកនៅកម្ពុជា ដែលបច្ចុប្បន្នមានរហូតដល់ទៅ ៥៦ សាខាទូទាំងប្រទេស និង ១សាខា នៅប្រទេសឡាវ។ លោកក៏មានធនាគារ ប្រៃសណីយ៍កម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ និងក្រុមហ៊ុនធានារ៉ាប់រងទូទៅ Cambodia-Vietnam Insurance Plc. ជាបន្តបន្ទាប់។ លោកបានវិនិយោគទៅលើសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ប្រមាណជិត ៥០រោងចក្រ បូករួមជាមួយនឹងផ្សារ ឃ្លាំងស្តុកទំនិញ ជាច្រើនទៀត ។
រឹតតែល្បីល្បាញជាងនេះទៅទៀត អ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបចំនួនពីរនៅក្នុងទីក្រុងភ្នំពេញ ទី១ ទីក្រុងរណបកោះពេជ្រ ដែលបច្ចុប្បន្នកំពុងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ ជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ដែលភាគច្រើនវិនិយោគដោយចិន ដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
ទី២ គឺទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត ដែលវិនិយោគដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC ក្រោមទុនវិនិយោគចំនួន ១៦០០លានដុល្លារអាមេរិកនោះ កំពុងដំណើរការទៅមុខយ៉ាងរលូន ក្នុងគម្រោងប្លង់មេ និងមានការសាងសង់អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប លំនៅដ្ឋានប្រណីតៗ អគារស្នាក់នៅរួម និងកន្លែងកម្សាន្តផ្សេងៗទៀត។
មិនទាន់អស់ត្រឹមនេះទេ អ្វីដែលគួរឲ្យកត់សម្គាល់ជាងនេះទៅទៀតនោះ គឺអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិក ទៅលើគម្រោងបុរីលំនៅដ្ឋាន និងអគារពាណិជ្ជកម្មធំៗ ជាច្រើននៅក្នុងរាជធានីភ្នំពេញ ដូចជា បុរីទន្លេបាសាក់ បុរីចម្ការមន បុរីវរជន អូឡាំព្យាស៊ីធី នៅជុំវិញស្តាតអូឡាំពិក សាន់វ៉េ ស៊ីធី ទួលគោក លំនៅឋានជាច្រើននៅជុំវិញផ្សារទំនើបរតនាផ្លាហ្សា និងទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ អគារផ្សារទំនើបសូរិយា សុវណ្ណា អគារខុនដូរ… និងបុរីលំនៅឋាន នៅតាមបណ្តាខេត្តមួយចំនួន ដូចជា សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ ។ល។ និង ។ល។
តើអ្នកឧកញ៉ា ពុង ឃាវសែ ប្រកាន់គោលការណ៍អ្វីខ្លះជោគជ័យ?
អ្នកឧកញ៉ា ពុង ឃាវសែ បានប្រាប់ឲ្យដឹងថា មានគោលការណ៍បីចំណុចដែលធ្វើឲ្យមុខជំនួញរបស់លោកតែងតែទទួលបានជោគជ័យ។ គោលការណ៍បីចំណុចនោះ ហាក់បីដូចជាធម្មតា មិនមានអ្វីប្លែកទេ ដែលឧកញ៉ាតែងតែគោរពប្រតិបត្តិជាប់ជានិច្ច៖
- ភាពស្មោះត្រង់ជាមួយនឹងអតិថិជន ជាមួយដៃគូវិនិយោគធ្វើឲ្យគេជឿជាក់លើយើង មិនបោកប្រាស់គេ
- ភាពអំណត់ឧស្សាហ៍ព្យាយាមក្នុងការងារ និង
- ត្រូវចេះច្នៃប្រឌិតចាប់យកឱកាសល្អៗដើម្បីវិនិយោគ។
នរណាខ្លះជាដៃគូវិនិយោគជាមួយលោកឧកញ៉ា ពុង ឃាវសែ?
លោកឧកញ៉ាបានមានប្រសាសន៍ថា លោកបានសហការចាប់ដៃគូវិនិយោគជាមួយប្រទេសមួយចំនួនដូចជា ថៃ វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និងជាពិសេស ចិន គឺជាប្រទេសដែលលោកឧកញ៉ាបានវិនិយោគច្រើនជាងគេ និងជិតដិតជាងគេ ដោយសារតែលោកឧកញ៉ាអាចនិយាយភាសាចិនដូចគ្នា ចិនមានទុនច្រើន និងមានការគាំទ្រពីរដ្ឋាភិបាល។
លោកឧកញ៉ានឹងចាប់យកដៃគូវិនិយោគជាមួយចិនជានិរន្តន៍។ លោកឧកញ៉ាថា ការចាប់ដៃគូវិនិយោគជាមួយគ្នា ត្រូវមើលទៅលើការងារទិសដៅដូចគ្នា និងភាពស្មោះត្រង់ជាមួយគ្នា។ ដូច្នេះ តាមរយៈការវិនិយោគជាច្រើនខាងលើនេះ លោកឧកញ៉ា ពុង ឃាវសែ បានមានប្រសាសន៍ប្រាប់ ខេមបូណូមីស ថា លោកបានចូលរួមចំណែកដ៏សំខាន់ក្នុងការបង្កើតការងារ ការអភិវឌ្ឍមុខមាត់រាជធានីភ្នំពេញឲ្យកាន់រីកចម្រើនឲ្យកាន់តែមានសម្រស់ទាក់ទាញ ជាពិសេស ជួយជំរុញកំណើនសេដ្ឋកិច្ចប្រទេសជាតិឲ្យកាន់តែរីកចម្រើនផងដែរ៕
សារព័ត៌មាន អេឡិចត្រូនិក ខេមបូណូមីស នឹងលើកយកប្រធានបទសំខាន់ៗផ្សេងទៀត ដែលទាក់ទងទៅនឹងការវិនិយោគរបស់តារាជំនួញ អាត់កឺ អ្នកឧកញ៉ា ពុង ឃាវសែ មកសរសេរជូនមិត្តអ្នកអាន នៅពេលក្រោយៗបន្តទៀត! សូមអរគុណ!