ហេតុផលធំមួយនៅពីក្រោយការបោះទុនរាប់លានដុល្លារអភិវឌ្ឍគម្រោងលំនៅដ្ឋានរាប់ពាន់ ម៉ឺនខ្នងនេះ ត្រូវបានឧកញ៉ាលី ហួរ ឲ្យដឹងថា ការវិនិយោគនេះ គឺឆ្លើយតបទៅនឹងតម្រូវការលំនៅដ្ឋាននៅកម្ពុជា សម្រាប់អ្នកចំណូលមធ្យម ដែលនឹងកើនដល់ជិត ១លានខ្នង នៅឆ្នាំ២០៣០។
បើតាមការបង្ហើបឲ្យដឹងពីលោកឧកញ៉ា លី ហួរ នៅតាមបណ្ដោយផ្លូវជាតិលេខ ៦A នេះ ក្រុមហ៊ុនរបស់លោកបាន និងកំពុងអភិវឌ្ឍគម្រោងលំនៅដ្ឋានចំនួន ២ទីតាំងហើយ ខណៈដែលលោកត្រៀមនឹងអភិវឌ្ឍគម្រោងធំមួយបន្ថែមទៀតនៅតំបន់នេះ ដែលអាចធំជាងគម្រោងដែលមានបច្ចុប្បន្នរហូតដល់ ៣ ដង ពោលគឺមានចំនួនផ្ទះសរុប ប្រមាណ ៨ពាន់ ទៅ១ម៉ឺនខ្នងឯណោះ។ លោកឧកញ៉ាលី ហួរ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនលោកបានត្រៀមទីតាំងសម្រាប់អភិវឌ្ឍគម្រោងធំនេះរួចរាល់ហើយ។ ប៉ុន្ដែ គម្រោងនេះ នឹងចាប់ផ្ដើមពេលណា និងទុនវិនិយោគប៉ុន្មាននោះ លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
បើគិតគម្រោងសរុបរបស់ក្រុមហ៊ុនបុរីវិមានភ្នំពេញ មកទល់ពេលនេះ មាន៩គម្រោងហើយ។
នាពេលថ្មីៗនេះ ក្រុមហ៊ុនលី ហួរ គ្រុប ក៏ទើបតែបានបុកគ្រឹះសាងសង់គម្រោងលំនៅដ្ឋានទី ៩របស់ខ្លួន នៅតាមបណ្ដោយផ្លូវជាតិលេខ៦A ដោយគម្រោងនេះ មានទំហំធំជាងគម្រោងមុនៗទៅទៀត ពោលគឺ បានសាងសង់លើផ្ទៃដីរហូតដល់ ៣០ ហិកតា និងគ្រោងសាងសង់ផ្ទះចំនួន ៣ ពាន់ខ្នង ដែលមានតម្លៃចាប់ពី ៤ម៉ឺនដុល្លារ ដល់ជាង ២០ម៉ឺនដុល្លារអាមេរិក និងមានសាងសង់អគារការិយាល័យកម្ពស់ ៦ជាន់ ចំនួន ៥អគារផងដែរ។
បើតាមផែនការរបស់ក្រុមហ៊ុនលី ហួរ គម្រោងលំនៅដ្ឋាននេះ នឹងសាងសង់រួចរាល់នៅរយៈពេល ៣ ទៅ ៥ឆ្នាំខាងមុខទៀត។
ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានលើកឡើងថា ពីមុនតំបន់ជាយរាជធានីភ្នំពេញ ដូចជានៅតាមបណ្ដោយផ្លូវជាតិលេខ៦A នេះ គេតែគិតថា មានចម្ងាយឆ្ងាយណាស់ពីរាជធានីភ្នំពេញ ប៉ុន្ដែ សម្រាប់បច្ចុប្បន្នតំបន់នេះលែងឆ្ងាយ និងស្ងប់ស្ងាត់ដូចពីមុនទៀតហើយ។ លែងឆ្ងាយព្រោះថា ការអភិវឌ្ឍរាជធានីភ្នំពេញ បានរីកសាយភាយទៅតំបន់ជុំវិញកាន់តែខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។
គួរជម្រាបថា នៅតាមបណ្ដោយផ្លូវជាតិលេខ៦A នេះ បច្ចុប្បន្នមានក្រុមហ៊ុនសាងសង់បុរីលំនៅដ្ឋានធំៗ មិនតិចជាង ៥ ក្រុមហ៊ុន ដែលបាននិងកំពុងអភិវឌ្ឍសាងសង់នៅតំបន់នោះ។
យ៉ាងណាក៏ដោយចុះ តំបន់ផ្លូវជាតិលេខ៦A នេះ ក៏ធ្លាប់ត្រូវបានក្រុមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានលើកឡើងថា ហាក់មិនទាន់មានប្លង់មេច្បាស់លាស់ទាក់ទងនឹងប្រព័ន្ធលូបង្ហូរទឹកនៅឡើយទេ ហើយពួកគេក៏ស្នើឲ្យអាជ្ញាធរគួរតែពន្លឿនគិតគូរពីបញ្ហានេះ ឲ្យទាន់ទៅនឹងល្បឿនអភិវឌ្ឍន៍ដ៏ឆាប់រហ័សនៃតំបន់នោះ។
បើតាមមន្ត្រីជាន់ខ្ពស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងរយៈពេល ៨ខែនៃឆ្នាំនេះ គម្រោងអភិវឌ្ឍន៍បុរីលំនៅដ្ឋានថ្មីៗ មានរហូត ៣០ទីតាំង និងអគារខ្ពស់ៗចំនួន ៧១ អគារ ប៉ុន្តែបើគិតរហូតបច្ចុប្បន្នវិញ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលក្ខណៈបុរីសរុប ២១៧ទីតាំង និងអគារខ្ពស់ៗមានជាង ១ពាន់អគារ។
ក្នុង៨ខែ ឆ្នាំ២០១៨ដដែលនេះ ក្រសួងរៀបចំដែនដីបានផ្តល់លិខិតអនុញ្ញាតសាងសង់ជិត ២ពាន់គម្រោង ដែលមានទុនវិនិយោគសរុបជិត ៣ពាន់លានដុល្លារសហរដ្ឋអាមេរិក៕