របាយការណ៍ចុងក្រោយរបស់ការិយាល័យស្ថិតិ និងជំរឿនរបស់ម៉ាកាវបង្ហាញថា សេដ្ឋកិច្ច របស់ទីក្រុងដែលគេស្គាល់ថា ជាទីក្រុងទេសចរណ៍និងបណ្ដុំបនល្បែងដ៏ល្បីល្បាញនោះបានថយចុះ២,៥% នៅក្នុងឆមាសទី១ នៅឆ្នាំនេះ។ ទោះយ៉ាងណា ទិន្នន័យ បានបង្ហាញដែរថា បើគិតនៅត្រីមាសទី២នៃឆ្នាំនេះ ឃើញថា សេដ្ឋកិច្ចម៉ាកាវមានការថយចុះ១,៨% តែហាក់នៅគ្រាន់បើជាងកាលពីត្រីមាសទី១ ដែលមានការថយចុះរហូតដល់៣,២%ឯណោះ។
យ៉ាងណាក៏ដោយចុះ អង្គភាពវិភាគសេដ្ឋកិច្ច Economist Intelligence Unit បានព្យាករដែរថា នៅឆ្នាំ២០២០ កំណើនសេដ្ឋកិច្ចម៉ាកាវ អាចនឹងមានក្នុងអត្រា ៣,២% បើទោះបីជាវាមិនរំពឹងថា មានការប្រែប្រួលនៅក្នុងសូចនាករសំខាន់ៗក៏ដោយ។ ករណីលើកលែងសំខាន់ៗ អាចជាការបង្កើតមូលធនថេរ ឬការវិនិយោគពីអត្រាអវិជ្ជមាន២១% នៅឆ្នាំនេះ ត្រូវបានកាត់បន្ថយឲ្យមានភាពប្រសើរឡើងមកនៅ១១,២% នៅក្នុងឆ្នាំ២០២០។
របាយការណ៍ព្យាករពីកំណើនសេដ្ឋកិច្ចម៉ាកាវនៅឆ្នាំ២០២០ខាងមុខ គឺរំពឹងលើក្បាលម៉ាស៊ីដឹកនាំសេដ្ឋកិច្ចសំខាន់ៗ គឺការបង្កើនសេវាកម្មនាំចេញ បើទោះបីជា វិស័យបនល្បែង របស់ម៉ាកាវនឹងបន្តធ្លាក់ចុះ ដោយសារតែមិនមានការវិនិយោគបង្កើតកាស៊ីណូថ្មីៗ និងការកាត់បន្ថយការចំណាយលេងល្បែង ពីភ្ញៀវទេសចរមកពីចិនដីគោកក៏ដោយ។
របាយការណ៍បានកត់សម្គាល់ទៀតតថា បើទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្ដោតទៅលើការបន្ថែមសេវាកម្មកម្សាន្ដ និងសកម្មភាពកម្សាន្ដផ្សេងទៀត ដែលមិនមែនបនល្បែងក៏ពិតមែនតែវានៅមិនទាន់ទទួលជោគជ័យនោះទេ។
អង្គភាពវិភាគសេដ្ឋកិច្ច EIU ក៏បានបញ្ជាក់ទៀតថា គម្រោងវិនិយោគសាធារណៈ ដូចជាតំបន់លំនៅដ្ឋានសង្គមថ្មី អគារវេជ្ជសាស្ត្រនៅលើកោះ និងដំណាក់កាលដំបូងនៃផ្លូវរថភ្លើង Macau Peninsula នឹងជំរុញដល់ការបង្កើតមូលធនថេរ (GFCF)។
ការចំណាយសាធារណៈ ត្រូវបានគេមើលឃើញថា នឹងបន្ដនូវសមាសធាតុចូលសម្រាប់ផលិតផលក្នុងស្រុកសរុបរបស់ម៉ាកាវយ៉ាងឆាប់រហ័ស៕