កាស៊ីណូសរុប ៣០ កន្លែង និងអាជីវកម្មផ្សេងទៀតនៅក្នុងទីក្រុងម៉ាកាវនឹងបិទខ្ទប់រយៈពេលមួយសប្តាហ៍ ខណៈដែលប្រជាពលរដ្ឋមូលដ្ឋានត្រូវបានបញ្ជាឱ្យស្នាក់នៅតាមផ្ទះរបស់ខ្លួន ទោះបីជាការធ្វើដំណើររយៈពេលខ្លីសម្រាប់សេវាកម្មសំខាន់ៗត្រូវបានអនុញ្ញាតក៏ដោយ។
រដ្ឋាភិបាលក្រុងម៉ាកាវបាននិយាយថា ចាប់ពីពេលនេះទៅនៅក្នុងរយៈពេល១សប្ដាហ៍នេះប៉ូលិសនឹងតាមដានលំហូរនៃអ្នកដែលធ្វើដំណើរមកពីខាងក្រៅ ហើយការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងនឹងត្រូវធ្វើទៅលើអ្នកណា ដែលមិនព្រមធ្វើតាម ឬស្តាប់តាមការណែនាំរបស់អាជ្ញាធរ។
ទោះបីជាកាស៊ីណូជាច្រើនបានផ្អាកដំណើរការ ប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ ដោយគ្រាន់តែរក្សាទុកបុគ្គលិកតិចតួចក៏ដោយ ប៉ុន្តែវិធានការកាន់តែតឹងរ៉ឹងបានប៉ះពាល់ដល់ទំនុកចិត្តរបស់វិនិយោគិនយ៉ាងខ្លាំង។ អ្នកវិភាគមួយចំនួនបានព្យាករណ៍ថា ការងើបរើឡើងវិញនូវប្រាក់ចំណូលពីអាជីវកម្មល្បែងនៅម៉ាកាវអាចនឹងមិនទាន់ងើបឡើងវិញបានឡើយ រហូតដល់ចុងត្រីមាសទី ៣ ឬក៏ក្នុងអំឡុងពេលត្រីមាសទី ៤ នៃឆ្នាំនេះ។
ស្របពេលដែល កាលស៊ីណូទាំងអស់ត្រូវបានបិទ គេសង្កេតឃើញថា ភាគហ៊ុននៅក្នុងក្រុមហ៊ុនកាស៊ីណូធំៗនៅម៉ាកាវបានរអិលធ្លាក់ចុះបន្ដកន្ទុយគ្នាតែម្ដងនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ តួយ៉ាង ភាគហ៊ុនក្រុមហ៊ុនកាស៊ីណូ Sands China បានធ្លាក់ចុះ ៩% ខណៈដែលភាគហ៊ុននៅក្នុងក្រុមហ៊ុន Melco International ក្រុមហ៊ុន Wynn Macau ក្រុមហ៊ុន SJM ក្រុមហ៊ុន Galaxy និងក្រុមហ៊ុន MGM China បានធ្លាក់ចុះចន្លោះពី ៦% ទៅ ៧%ផងដែរ។
ទីក្រុងម៉ាកាវបានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ប្រហែល ១ ៥០០ នាក់ក្នុងមួយថ្ងៃ ចាប់តាំងពីពាក់កណ្តាលខែមិថុនាមក។ មនុស្សប្រហែល ១៩ ០០០ នាក់កំពុងធ្វើចត្តាឡីស័កខណៈដែលរដ្ឋាភិបាលប្រកាន់ខ្ជាប់នូវគោលនយោបាយ«គ្មានជំងឺកូវីដ» ដ៏តឹងរ៉ឹងរបស់ប្រទេសចិន ដែលមានបំណងលុបបំបាត់ការផ្ទុះឡើងទាំងអស់នៃកូវីដ១៩។
សូមបញ្ជាក់ថា កាស៊ីណូនៅម៉ាកាវត្រូវបានបិទម្ដងរួចហើយកាលពីខែកុម្ភៈ ឆ្នាំ២០២០សម្រាប់រយៈពេល ១៥ ថ្ងៃ អំឡុងពេលនៃការចូលលុកលុយខ្លាំងក្លាជាលើកដំបូងនៃជំងឺកូវីដ១៩។ ឧស្សាហកម្មល្បែងនេះ បានផ្តល់ការងារដល់ប្រជាជនភាគច្រើនដោយផ្ទាល់ និងដោយប្រយោលព្រមទាំងផ្ដល់ប្រាក់ចំណូលជាង ៨០% ដល់អាជ្ញាធរទីក្រុងនេះផងដែរ។
បច្ចុប្បន្ន មានជាង ៩០%ហើយ នៃចំនួនប្រជាពលរដ្ឋ ៦០ ម៉ឺននាក់នៅក្នុងទីក្រុងម៉ាកាវបានចាក់វ៉ាក់សាំងពេញលេញប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែនេះគឺជាលើកទីមួយហើយ ដែលទីក្រុងនេះត្រូវប្រឈមមុខជាមួយមេរោគបំប្លែងថ្មី Omicron ដែលបាននិងកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងមួយនេះ៕
អត្ថបទ៖ សុខ ជា