លោក ហូ ត្រូវគេស្គាល់ថា ជា"ស្ដេចល្បែង" និងបានត្រួតត្រាអាណាចក្រល្បែងនៅទីក្រុងម៉ាកាវ ដែលជាអតីតទឹកដីអាណានិគមរបស់ព័រទុយហ្គាល់ បន្ទាប់ពីបានទទួលអាជ្ញាបណ្ណផ្ដាច់មុខ នៅឆ្នាំ១៩៦១។ ក្រុមហ៊ុនរបស់លោក SJM Holdings Ltd រកស៊ីកាក់កបយ៉ាងខ្លាំង ខណៈដែលចិនបើកចំហសេដ្ឋកិច្ចរបស់ខ្លួន ហើយបច្ចុប្បន្ន ក្រុមហ៊ុន SJM គ្រប់គ្រងកាស៊ីណូចំនួន ២០ កន្លែង នៅលើកោះម៉ាកាវនេះ ។
លោក ហូ បានប្រែក្លាយមុខមាត់របស់ម៉ាកាវ ឲ្យក្លាយទៅជា ឡាស់ វេហ្គាស អាស៊ី (Last Vegas of Asia)។ ទ្រព្យសម្បត្តិរបស់លោក ហូ បានកើនឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ សូម្បីតែនៅក្រៅទឹកដីកោះម៉ាកាវ ក៏មានទ្រព្យរបស់លោកដែរ ពោល គឺអគារការិយាល័យនិងអគារលំនៅដ្ឋាននៅទីក្រុងហុងកុង ។ នៅឆ្នាំ១៩៨៤ លោក ហូ បានទទួលអាជ្ញាបណ្ណបើកកាស៊ីណូ នៅប្រទេសព័រទុយហ្គាល់ និងបានចំណាយលុយ ៣០លានដុល្លារអាមេរិក បើកកាស៊ីណូមួយនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង នៅឆ្នាំ២០០០ ផងដែរ ។
លោក ហូ មានប្រពន្ធ ៤នាក់ និងកូន ១៧នាក់ ហើយនៅពេលដែលគាត់ចូលនិវត្តន៍នៅពាក់កណ្ដាលឆ្នាំ២០១៨ លោក ហូ បានផ្ទេរតួនាទីកំពូលៗនៅក្នុងក្រុមហ៊ុន SJM ទៅឲ្យទាយាតរបស់លោក។ កូនស្រីរបស់លោក ឈ្មោះ Daisy Ho បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល និងជានាយិកាប្រតិបត្តិរបស់ SJM ។ ប្រពន្ធទី៤របស់លោក ហូ អ្នកស្រី Angela Leong ដែលជាភាគហ៊ុនិកធំបំផុតទី២ របស់ SJM បានក្លាយជាសហប្រធានក្រុមប្រឹក្សាភិបាល។
ប៉ុន្តែ ការស្នងតំណែងនេះបានបើកឲ្យមានបញ្ហាប្រជែងដណ្ដើមតំណែងគ្នានៅក្នុងគ្រួសារដ៏រ៉ាំរ៉ៃ ។ នៅខែមករា ឆ្នាំ២០១៩ Pansy Ho ដែលជាកូនស្រីច្បងរបស់លោក ស្តេនលី ហូ ជាមួយនឹងប្រពន្ធទីពីររបស់លោក បានរួមដៃគ្នាជាមួយបងប្អូនបង្កើតផ្សេងទៀត បង្កើតនូវសម្ព័ន្ធមួយដែលគ្រប់គ្រងទៅលើភាគហ៊ុនក្ដោបក្ដាប់ក្រុមហ៊ុន SJM ដែលមានទ្រព្យសម្បត្តិជាង ១៤ពាន់លានដុល្លាររបស់លោក ហូ ។
លោក ស្តេនលី ហូ កើតនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩២១ នៅក្នុងត្រកូលគ្រួសារចិនហុងកុងដែលជាប់សាច់ឈាមអឺរ៉ុប និងបានចូលរៀននៅសាកលវិទ្យាល័យមួយ នៅក្នុងទីក្រុងហុងកុង ។ គ្រួសាររបស់លោកបានធ្លាក់ចុះដុនដាបខ្លាំង ក្នុងអំឡុងពេលសង្គ្រាមលោកលើកទីពី នៅពេលដែលកងទ័ពជប៉ុនបានចូលលុកលុយឈ្លានពានដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស។ នៅអាយុ ២១ឆ្នាំ លោកបានរត់ភៀសខ្លួនទៅកាន់កោះម៉ាកាវ ដែលជាទឹកដីអព្យាក្រឹត ដោយចាប់រកស៊ីមុខជំនួញជួញដូរគ្រប់បែបយ៉ាង តាំងពីលក់ប្រេងកាត រហូតដល់លក់យន្តហោះ នៅពេលដែលកោះនោះល្បីល្បាញខ្លាំងខាងនេសាទ និងផលិតកាំជ្រួច និងធូប ៕ (ប្រភព៖ Bloomberg)