 
      បើតាមរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស កូវីដ១៩បំប្លែងខ្លួនថ្មី អូមីក្រុង ចំនួន២ករណីត្រូវបានគេរកឃើញកាលពីថ្ងៃសៅរ៍ទី២៧វិច្ឆិកា នៅលើអ្នកដំណើរដែលធ្លាប់ធ្វើដំណើរទៅប្រទេសអាហ្វ្រិកខាងត្បូង។
នាយករដ្ឋមន្ត្រីអង់គ្លេស លោក ប៉ូរីស ចនសុន បានប្រកាស់ដាក់ចេញវិធានការភ្លាមៗ រួមមាន ការធ្វើតេស្តទ្រង់ទ្រាយធំ លើអ្នកចូលទឹកដីអង់គ្លេស មិនថាអ្នកនោះ ធ្វើដំណើរពីតំបន់ណានោះទេ។ ក្នុងករណីអ្នកដែលបានប៉ះពាល់ជាមួយអ្នកផ្ទុកមេរោគប្រភេទថ្មី ហើយធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ តម្រូវឲ្យនៅដាច់ដោយឡែក រយៈពេល១០ថ្ងៃ។
ដោយឡែក នៅប្រទេសអាល្លឺម៉ង់វិញ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសមួយនេះ ក៏បានប្រកាសរកឃើញករណីកូវីដ១៩បំប្លែងថ្មីនេះ ចំនួន២ករណីដូចគ្នាដែរ។ ប៉ុន្តែបញ្ហានៅត្រង់ថា អ្នកទាំងពីរបានធ្វើដំណើរពីទ្វីបអាហ្វ្រិក ចូលមកដល់ប្រទេសអាល្លឺម៉ង់តាំងតែពីថ្ងៃទី២៤ វិច្ឆិកាមកម្ល៉េះ ហេតុនេះ គេកំពុងព្រួយបារម្ភពីការចម្លងពីមួយទៅមួយយ៉ាងលឿនរហ័ស។
បន្ថែមពីលើនេះ ប្រទេសអ៊ីតាលី បានរកឃើញកូវីដ១៩ អូមីក្រុង តែមួយករណីប៉ុណ្ណោះ លើអ្នកដំណើរមកពីប្រទេស ម៉ូសំប៊ិក។ ប្រការនេះ បានធ្វើឲ្យអ៊ីតាលីសម្រេច បិទជើងហោះហើរជាមួយ ម៉ូសំប៊ិក និងជាមួយប្រទេសនៅទ្វីបអាហ្វ្រិកផ្សេងទៀត ដែលមានហានិភ័យខ្ពស់ផងដែរ។
គួរកត់សម្គាល់ថា មិនថាតែនៅអឺរ៉ុបនោះទេ ដែលបានរឹតត្បិតជើងហោះហើរជាមួយប្រទេសនៅតំបន់អាហ្វ្រិក សូម្បីតែនៅអាស៊ី និងនៅប្រទេសជាច្រើនផ្សេងទៀត ក៏បានអនុវត្តវិធានការដូចគ្នាដែរ។
សូមជម្រាបថា កាលពីថ្ងៃទី២៥ខែវិច្ឆិកា ប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសរកឃើញ កូវីដ១៩ដែលបំប្លែងខ្លួនមួយប្រទេសថ្មីទៀតដែលមានឈ្មោះកាត់ហៅថា B.1.1.529  ហើយថ្មីៗនេះវាត្រូវបានអង្គការសុខភាពពិភពលោក ដាក់ឈ្មោះឲ្យថា អូមីក្រុង និងត្រូវបានចាត់ទុកជាមេរោគបំប្លែងថ្មីដែលមានសមត្ថភាពឆ្លងលឿនរហ័ស គួរឲ្យព្រួយបារម្ភ៕
 
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              