បច្ចេកវិទ្យា AI

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាម៉េរិក បង្ហាញផែនការពង្រីកការវិនិយោគលើបច្ចេកវិទ្យា AI ដ៏មហិមានៅឆ្នាំនេះ


ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់សហរដ្ឋអាម៉េរិក រួមមាន ក្រុមហ៊ុន Amazon ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook ជាដើម បានបង្ហាញផែនការដ៏មហិច្ឆតាក្នុងការពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នៅឆ្នាំ២០២៥ នេះ ក្រោយ AI ជំនាន់ថ្មីរបស់ក្រុមហ៊ុនចិន DeepSeek ធ្វើឱ្យផ្សារហ៊ុនអាម៉េរិក ក្រឡាប់ចាក់ខាតបង់សរុបរហូតដល់ទៅជាង១ទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃ។
បច្ចេកវិទ្យា AI
ដោយ

ដែលជាការកត់សម្គាល់ជាងគេ គឺក្រុមហ៊ុន Amazon គ្រោងបោះទុនវិនិយោគរហូតដល់ទៅ១០០ពាន់លានដុល្លារលើ AI នៅឆ្នាំនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក Amazon បានទម្លាយឱ្យដឹងកាលពីថ្ងៃទី៦ ខែកុម្ភៈ ថា ខ្លួនគ្រោងនឹងបង្កើនការវិនិយោគឱ្យឈានដល់១០០ពាន់លានដុល្លារ នៅឆ្នាំ២០២៥ នេះ ដោយកើនឡើងពី៨៣ពាន់លានដុល្លារ ដែលគ្រោងបោះទុនវិនិយោគកាលពីឆ្នាំ២០២៤ ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ដែលកំពុងកាក់កបខ្លាំង។

នាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក អែនឌី ជេស៊ី (Andy Jassy) បាននិយាយថា មួយភាគធំនៃការវិនិយោគយ៉ាងសម្បើមនេះនឹងចំណាយលើការអភិវឌ្ឍ AI សម្រាប់ក្រុមហ៊ុន Amazon Web Services ហៅកាត់ AWS ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សអាម៉េរិក Amazon។

ក្រុមហ៊ុន Amazon កំពុងសម្រុកសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងអភិវឌ្ឍន៍ ហាដវែរ AI យ៉ាងឆាប់រហ័ស ដើម្បីបំពេញតម្រូវការដែលកំពុងមានសន្ទុះកើនឡើងខ្លាំង។

ទន្ទឹមនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងៗទៀតរបស់សហរដ្ឋអាម៉េរិក ក៏បោះទុនយ៉ាងច្រើនសម្បើមដែរ ដើម្បីវិនិយោគលើ AI។ តួយ៉ាង ក្រុមហ៊ុន Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បាននិយាយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា ខ្លួនគ្រោងបោះទុនវិនិយោគប្រមាណ៧៥ពាន់លានដុល្លារនៅឆ្នាំ២០២៥ នេះ។

ហើយកាលពីខែមុន ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនគ្រោងនឹងបោះទុនវិនិយោគ៨០ពាន់លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធ២០២៥ លើការសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យសម្រាប់គាំទ្រ​​​​​ដល់ AI។ ទន្ទឹមនេះ ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បាននិយាយថា ខ្លួននឹងបោះទុនវិនិយោគរហូតដល់ទៅ៦៥ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលរក្សាទុកទិន្នន័យ និងហេដ្ឋារចនាសម្ព័ន្ធ Cloud Computing បន្ថែមទៀត។

គួររំឭកថា ការលេចឡើងនៃវត្តមាន AI ជំនាន់ថ្មីរបស់ក្រុមហ៊ុនចិន DeepSeek កាលពីថ្ងៃទី២៧ ខែមករា ដែលបានក្លាយជា App ហ្វ្រីឥតគិតថ្លៃដ៏កំពូលនៅលើ App Store របស់ Apple ក្នុងសហរដ្ឋអាម៉េរិក បានធ្វើឱ្យផ្សារហ៊ុនអាម៉េរិក នៅសង្កាត់ហិរញ្ញវត្ថុ Wall Street ក្រឡាប់ចាក់បណ្ដាលឱ្យខាតបង់សរុបរហូតដល់ទៅជាង១ទ្រីលានដុល្លារក្នុងរយៈពេលត្រឹមតែមួយថ្ងៃ ដោយក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Nvidia រងការខាតបង់ធ្ងន់ធ្ងរជាងគេបំផុតរហូតដល់ទៅជិត៦០០ពាន់លានដុល្លារ នៅពេលដែលបណ្ដាវិនិយោគិនបានផ្អើលសម្រុកលក់ចេញភាគហ៊ុនបច្ចេកវិទ្យាអាម៉េរិក៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទន្ទឹមនឹងរងផលប៉ះពាល់ដោយសារអាម៉េរិកផ្ដាច់ជំនួយ ប្រទេសក្រីក្រជាច្រើនក៏កំពុងប្រឈមនឹងវិបត្តិបំណុលរុំកោះ

ចំណាត់ការដ៏គួរឱ្យភ្ញាក់ផ្អើលរបស់រដ្ឋបាលក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការផ្អាកជំនួយបរទេសរបស់សហរដ្ឋអាម៉េរិក កំពុងបង្កច…

ជនអន្តោប្រវេសន៍អាស៊ីរាប់លាននាក់ ដែលរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក កំពុងភ័យខ្លាចចំពោះវិធានការបណ្ដេញរបស់លោក ដូណាល់ ត្រាំ

ទិន្នន័យបានបង្ហាញថា ជនអន្តោប្រវេសន៍អាស៊ីប្រមាណ១,៧លាននាក់ បានរស់នៅលើទឹកដីសហរដ្ឋអាម៉េរិក ដោយខុសច្បាប់ គិតត្រឹមឆ្នាំ២០២២ ដោយកើនឡើង៣០% បើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ