ម្ចាស់ចម្ការទុរេន នៅក្នុងប្រទេសម៉ាឡេស៊ី ដែលជាអ្នកនាំចេញផ្លែឈើ និងទុរេន កក ទៅកាន់ប្រទេសចិន បានបញ្ជាក់ថា ការកើតឡើងនូវ វីរុសកូរ៉ូណា បានធ្វើឲ្យចិនសម្រេចផ្អាកការដឹកជញ្ជូន ព្រមទាំងបិទចរាចរណ៍ក្នុងទីក្រុង ហើយតម្រូវការទុរេន ក៏ធ្លាក់ចុះ ដែលធ្វើឲ្យតម្លៃទុរេន ថយចុះប្រមាណ ៥០% ខណៈការកម្ម៉ង់ទិញ ធ្លាក់ចុះស្ទើរតែគ្មានទៅហើយ។
ដោយគ្មានសង្ឃឹមពីការកម្ម៉ង់ទិញពីភ្ញៀវចិន ក្នុងពេលឆាប់ៗនោះ ម្ចាស់ចម្ការទុរេន បានសម្រេចផ្អាកការកែច្នៃទុរេន និងព្យាយាមស្វែងរកទីផ្សារបន្ថែម សម្រាប់ទិន្នផលដែលលើសកំណត់ ដូចជាទីផ្សារក្នុងស្រុក និងទីផ្សារប្រទេសសិង្ហបុរីជាដើម។
តម្លៃទុរេនគុណភាពខ្ពស់ បានធ្លាក់ចុះពី ១៤ដុល្លារ៥០សេន មកនៅត្រឹម ៧ដុល្លារអាមេរិក ដោយសារតែ ម្ចាស់ចម្ការ ត្រូវការលក់ទុរេនដែលលើស ហើយម្ចាស់ចម្ការមួយចំនួនទៀត ក៏សម្រេចផ្អាកការកែច្នៃទុរេន ដោយមិនហ៊ានប្រថុយនោះឡើយ។
ក្រសួងកសិកម្មម៉ាឡេស៊ី បានបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ ២០១៩កន្លងទៅនេះ ប្រទេសចិន បានអនុញ្ញាតជាផ្លូវការ ឲ្យម៉ាឡេស៊ី ធ្វើការនាំចេញទុរេនកកទៅកាន់ទីផ្សារចិន ដែលបានជំរុញឲ្យមាន ការចាក់បញ្ចូលទុនវិនិយោគបន្ថែម និងការពង្រីកទំហំផ្ទៃដីចម្ការទុរេន ដោយម៉ាឡេស៊ី រំពឹងថា ការនាំចេញទុរេនកកទៅកាន់ចិន អាចសម្រេចបានប្រមាណ ១ពាន់តោន ជារៀងរាល់ខែ តែយ៉ាងណា វីរុសកូរ៉ូណាកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យនេះ។
គួរបញ្ជាក់ដែរថា ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលនៃជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានេះ រដ្ឋាភិបាលម៉ាឡេស៊ី ក៏បានសម្រេចផ្អាកការផ្តល់ទិដ្ឋាការដល់ជនជាតិចិន ជាបណ្តោះអាសន្ន សំដៅលើប្រជាជន ដែលរស់នៅខេត្តហ៊ូប៉ី និងបណ្តាទីក្រុងចិនមួយចំនួនទៀត ដែលត្រូវបានបិទ និងស្ថិតក្រោមការត្រួតពិនិត្យពិសេសរបស់រដ្ឋាភិបាលចិន៕