បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្ងៃទី១៦ ខែសីហា គម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ ត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការចាប់ពីពេលនេះតទៅ។ គម្រោងនេះ មានគោលបំណងផ្ដល់នូវឥណទានការប្រាក់ទាប ដើម្បីជំរុញការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យអាទិភាព ដូចជា ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម សម្រាប់ជំនួសឱ្យការនាំចូល បម្រើសេចក្ដីត្រូវការក្នុងស្រុក ឬបម្រើជាធាតុចូល នៅក្នុងការផលិតរបស់ក្រុមហ៊ុនធំៗ ជាដើម។
មូលនិធិក្រោមគម្រោងសហហិរញ្ញប្បទាននេះ មានទំហំទឹកប្រាក់ ១០០លានដុល្លារអាមេរិក ដែលជាការផ្តល់សហហិរញ្ញប្បទានបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម នៃគម្រោងសហហិរញ្ញប្បទាននេះ មានចំនួន២៦ ក្នុងនោះ មានធនាគារពាណិជ្ជចំនួន២១, ធនាគារឯកទេសចំនួន១, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ ចំនួន៣, និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន១។
ដោយឡែក សហគ្រាសធុនតូច និងមធ្យម ដែលមានតម្រូវការឥណទាន អាចដាក់ពាក្យស្នើសុំ ឥណទានក្រោមគម្រោងសហហិរញ្ញប្បទាននេះ នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ ចូលរួមណាមួយ ដោយគោរពតាមលក្ខខណ្ឌ របស់គម្រោងសហហិរញ្ញប្បទាន និងលក្ខខណ្ឌផ្តល់ឥណទាន របស់គ្រឹះស្ថានហិរញ្ញវត្ថុចូលរួមនីមួយៗ៕