ប៉ុន្តែស្ថាបនិក Meta បានអំពាវនាវឱ្យមានភាពអត់ធ្មត់ ហើយលោកនៅបន្តក្តីសង្ឃឹមជាមួយគម្រោង Metaverse ដែលនឹងអាចស្រោចស្រង់ក្រុមហ៊ុនឡើងមកវិញ និងអាចខ្លាំងជាងមុនទៀត។ Metaverse នេះ គឺជាពិភពសិប្បនិម្មិតមួយ ដែលអាចឱ្យមនុស្សមើលឃើញ និយាយឆ្លើយឆ្លងគ្នាបានតាមរយៈ ឧបករណ៍វែនតា VR ដោយមិនចាំបាច់ត្រូវជួបគ្នាផ្ទាល់។
ភាគហ៊ុនរបស់ក្រុមហ៊ុន Meta បានធ្លាក់ចុះ ១៩% ក្នុងរយៈពេលទិញ-លក់ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមហ៊ុនយក្សមួយនេះ បានព្រមានដូចគ្នានឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតដែរ អំពីការធ្លាក់ចុះចំណូលរបស់ខ្លួន ដោយសារការធ្លាក់ចុះការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្តាញសង្គម។
លើសពីនេះ កាន់តែជួបការលំបាកទៀតនោះ ក្រុមហ៊ុន Meta ត្រូវប្រឈមមុខនឹងគូប្រជែងធំៗ ជាពិសេសគឺ TikTok រួមជាមួយនឹងគោលការណ៍ឯកជនភាពថ្មីរបស់ក្រុមហ៊ុន Apple ដែលបង្អាក់ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងវិបត្តិសេដ្ឋកិច្ចសាកល និងការកើនឡើងអតិផរណាផងដែរ។
ការលក់របស់ក្រុមហ៊ុន Meta នៅក្នុងត្រីមាសទី៣ មានចំនួនជិត ២៨ពាន់លានដុល្លារ ដែលបានធ្លាក់ចុះ ៤% ខណៈទទួលបានប្រាក់ចំណេញ ៤,៤ពាន់លានដុល្លារ ធ្លាក់ចុះពាក់កណ្តាលបើប្រៀបធៀបនឹងឆ្នាំមុន។
យ៉ាងណាក៏ដោយ ក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់អាមេរិកមួយនេះ បានបង្ហាញក្តីរំពឹងថា ចំណូលរបស់ខ្លួនក្នុងត្រីមាសនេះ នឹងទទួលបានក្នុងចន្លោះពី ៣០ ដល់ ៣២,៥ពាន់លានដុល្លារ។
លោក Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta បានព្រមានថា ក្រុមហ៊ុនលោក នឹងជួបការប្រឈមនៃការធ្លាក់ចុះប្រាក់ចំណេញ ប៉ុន្តែលោកជឿជាក់ថា ក្រោយមកវានឹងមានកំណើនឡើងវិញ។ ជាមួយគ្នានោះ លោកបានជំរុញឱ្យមានភាពអត់ធ្មត់ ហើយបន្តវិនិយោគជាមួយក្រុមហ៊ុនទៀត ខណៈគម្រោង Metaverse កំពុងតែដំណើរការទៅមុខហើយ។
សូមជម្រាបដែរមិនមែនតែហ្វេសប៊ុកទេ ដែលជួបប្រទះនឹងខាតបង់ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗមួយចំនួនទៀត ដូចជាក្រុមហ៊ុនមេរបស់ Google ក៏ទើបតែបានប្រកាសពីការធ្លាក់ចុះប្រាក់ចំណេញ ២៧% ផងដែរ ពោលគឺក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២ ប្រាក់ចំណេញរបស់ Google មានចំនួនជិត១៤ពាន់លានដុល្លារ។ ក្រោយការប្រកាសនេះ ភាគហ៊ុនរបស់ Google បានធ្លាក់ចុះជាង ៩%ផងដែរ៕