របាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ របស់ក្រុមហ៊ុន Viettel Global បានឲ្យដឹងថា នៅឆ្នាំនេះ ប្រាក់ចំណេញបន្ទាប់ពីបង់ពន្ធរួច របស់ក្រុមហ៊ុន មាន ៦៧ លានដុល្លារអាមេរិក បន្ទាប់ពីមានការធ្លាក់ចុះកាលពី៩ខែកាលពីឆ្នាំមុន។
ក្នុងនោះដែរ ប្រាក់ចំណេញក្រោយបង់ពន្ធរួច របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Viettel Global គឺ Metfone ដែលមានប្រតិបត្តិការនៅកម្ពុជានោះ បានបង្ហាញពី អត្រាប្រាក់ចំណេញ បានកើនឡើងរហូតដល់ ៩១% នៅ៩ខែឆ្នាំនេះ ដែលមានតម្លៃជាទឹកប្រាក់ ២៩,១ លានដុល្លាអាមេរិក។
កំណើននៃប្រាក់ចំណូលរបស់ក្រុមហ៊ុន Viettel Global នេះ គឺដោយសារតែចំណូលដ៏រឹងមាំនៃប្រតិបត្តិការអាជីវកម្មរបស់ ក្រុមហ៊ុននៅតំបន់អាស៊ីអាគ្នេយ៍។ ក្នុងនោះ ប្រាក់ចំណូលពាក់កណ្ដាលនៃក្រុមហ៊ុនទូរគមនាគមន៍យក្សរបស់វៀតណាមនេះ ដែលមាន៥៣៧ លានដុល្លារអាមេរិក នៅ៩ខែ ឆ្នាំនេះ គឺបានមកពី ប្រតិបត្តិការអាជីវកម្មតំបន់អាស៊ីអាគ្នេយ៍ ដោយមានការកើនឡើង២៤% ធៀបនឹងឆ្នាំមុន។ តាមពីក្រោយ ដោយ អាហ្វ្រិក និងអាមេរិកឡាទីន។
Viettel Global ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដែលគ្រប់គ្រងដោយយោធាវៀតណាម នៅលើទីផ្សារបរទេស។ បច្ចុប្បន្នក្រុមហ៊ុននេះ ធ្វើប្រតិបត្តិការនៅក្នុងទីផ្សារចំនួន ១០ រួមមានប្រទេសកម្ពុជា ឡាវ ទីម័រ ម៉ូហ្សាំប៊ិក ប៊ូរុនឌី ហៃទី ប៉េរ៉ូ ខេមើរ៉ូន តង់ហ្សានី និងមីយ៉ាន់ម៉ា៕