ទោះយ៉ាងណា បើតាមការអះអាងរបស់អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានឲ្យដឹងថា បើទោះបីជា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០នេះ នឹងត្រូវថមថយ និងមានហានិភ័យប្រឈមកាន់តែច្រើនក៏ដោយ ប៉ុន្ដែ សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុ គឺទំនងជាមិនទទួលផលប៉ះពាល់ខ្លាំងនោះទេ ពោលគឺ អាចនឹងទទួលឥទ្ធពលដោយប្រយោលតែប៉ុណ្ណោះ។
នៅឆ្នាំ២០២០នេះ បើតាមការព្យាករពីក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ឃើញថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងនៅរក្សាបានជុំវិញ ៦%ប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំ២០១៩ សម្រេចបានកំណើនជុំវិញ ៧%។ ការថមថយនៃសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំនេះ ត្រូវបានលោកគា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា យល់ឃើញថា គឺនឹងធ្វើឲ្យវិស័យមីក្រូហិរញ្ញវត្ថុ ក៏ដូចជាវិស័យធនាគារ និងហិរញ្ញវត្ថុទាំងមូលផងដែរ អាចនឹងរងផលប៉ះពាល់ ប៉ុន្ដែ លោកថា ផលប៉ះពាល់ទាំងនោះ អាចនឹងមានដោយប្រយោលប៉ុណ្ណោះ។
លោក គា បូរាណ មានប្រសាសន៍ថា «តាមធម្មតាបើសិនជាកំណើន GDP យើងមានការថមថយចុះ ខ្ញុំគិតថាវានឹងមានផលប៉ះពាល់ខ្លះហើយ ដោយសារតែយើងឲ្យកម្ចីយើង! យើងដាក់ទុនចូលទៅក្នុងសេដ្ឋកិច្ច អញ្ចឹងបើសេដ្ឋកិច្ចយើងរាងថមថយ តម្រូវការទុនហ្នឹងក៏វាថមថយដែរ។ អញ្ចឹងបើថមថយយើងក៏មិនអាចបញ្ចេញទុនបានដែរ អាហ្នឹងរឿងមួយ។ រឿងទី២ ទាក់ទងទៅនឹងការងារផ្សេង ទាំងមាន New Virus (មេរោគកូរ៉ូណាថ្មី) ក្ដី រឿង EBA ក្ដី ចង់មិនចង់ វានឹងមានផលប៉ះពាល់ខ្លះហើយ បើសិនជារឿងហ្នឹងវាកើតឡើងមែន។»
ទោះជាយ៉ាងនេះក្ដី អ្នកជំនាញហិរញ្ញវត្ថុរូបនេះ បានគូសបញ្ជាក់ដែរ សម្រាប់មីក្រូហិរញ្ញវត្ថុ គឺភាគច្រើនផ្ដោតលើការផ្ដល់កម្ចីក្នុងវិស័យកសិកម្ម ពាណិជ្ជកម្ម និងផលិតកម្ម ដូច្នេះ វាអាចនឹងមានផលប៉ះពាល់ដោយប្រយោលប៉ុណ្ណោះ។ ប៉ុន្ដែ គេក៏ត្រូវរង់ចាំមើលការវិវត្តថ្មីៗនៃស្ថានការណ៍បន្តទៀត ថាតើវានឹងវិវត្តទៅជាយ៉ាងណា។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ កំណើនវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាគឺនៅតែមានការលូតលាស់ល្អប្រសើរ ដោយផលបត្រឥណទានរបស់វិស័យនេះ មានចំនួន ៧,៥ ពាន់លានដុល្លារអាមេរិក បានកើនឡើងប្រមាណ ៣០% ធៀបនឹងឆ្នាំ២០១៨ ខណៈដែលប្រាក់កម្ចី ក៏មានកំណើនគួរឲ្យកត់សម្គាល់ដែរ។ នេះបើតាមការបញ្ជាក់ពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ ក្នុងនោះដែរ អ្នកខ្ចីប្រាក់មានជាង ២លាន ១សែននាក់ ដោយកម្ចីឥណទាន ភាគច្រើន ត្រូវបានផ្ដល់ក្នុង វិស័យកសិកម្ម ពាណិជ្ជកម្ម និងផលិតកម្ម ខណៈដែលកម្ចីឥណទានប្រើប្រាស់ សម្រាប់ការទិញសម្ភារប្រើប្រាស់នានា ក៏មានកំណើនដែរ តែមិនទាន់មានទំហំធំនៅឡើយទេ។ រីឯឥណទានខូចមិនដំណើរការវិញ មានប្រមាណក្រោម ១% ដែលតួលេខនេះ គឺមានទាបជាងឆ្នាំ២០១៨ទៅទៀត៕