បើមិនមានអ្វីប្រែប្រួលទេ ការប្រកាសពីការសម្រេចរបស់សហភាពអឺរ៉ុបថា ត្រូវដក ឬមិនដកនូវប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ EBA ពីកម្ពុជា គឺនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ ក្នុងខែកុម្ភៈខាងមុខនេះហើយ។
ទោះយ៉ាងណា បើតាមការអះអាងរបស់ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិកាប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា តាមព័ត៌មានក្រៅផ្លូវការ ដែលទទួលលោកបានមក គម្រោងដក EBA ពីកម្ពុជា គឺអាចនឹងត្រូវដកតែមួយចំនួនប៉ុណ្ណោះ ពោលគឺ ក្នុងផលិតផលសម្លៀកបំពាក់អាចនឹងត្រូវដក ២០% និងផលិតផលស្បែកជើងប្រមាណ ៣០%។ ក្រសួងសេដ្ឋកិច្ច មើលឃើញថា ការដកភាពអនុគ្រោះពន្ធក្នុងទំហំប៉ុណ្ណេះ វានឹងមិនធ្វើឲ្យវិស័យកាត់ដេរ ដួលរលំ ឬជួបបញ្ហាធ្ងន់ធ្ងរនោះឡើយ។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ទៀតថា តាមការប៉ាន់ស្មាន បើសិនជា EBA ត្រូវបានដក ដូចទៅនឹងការលើកឡើងលើនេះមែន នោះវាអាចនឹងធ្វើឲ្យបាត់បង់ចំនួនការងារប្រមាណតែ ៣ម៉ឺននាក់ ខណៈកម្មករកម្មារិនីក្នុងវិស័យនេះ មានសរុបរហូតដល់ទៅ ជាង៧៥ម៉ឺននាក់ឯណោះ។ ឯកឧត្តម រង្សី វិស្សុត បានបន្ថែមទៀតថា បើគិតជាទំហំទឹកប្រាក់ គឺការដកប្រព័ន្ធអនុគ្រោះពន្ធនេះ អាចនឹងធ្វើឲ្យកម្ពុជាបាត់បង់ចំណូល ប្រមាណ ៥០០ លានដុល្លារអាមេរិក។
ជាមួយគ្នានេះ បើតាមបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះ បច្ចុប្បន្នវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ក៏បាននិងកំពុងពង្រីកសមត្ថភាពកាន់តែខ្លាំងក្លា ដែលអាចនឹងជួយសម្រាលនៃផលប៉ះពាល់នេះបានផងដែរ។
យ៉ាងណាក៏ដោយចុះ បើតាមការអះអាងរបស់ឯកឧត្តម វង្សី វិស្សុត រាជរដ្ឋាភិបាលក៏បានត្រៀមរៀបចំនូវកញ្ចប់ថវិកាដើម្បីលើកម្ពស់សេដ្ឋកិច្ច ដើម្បីប្រើប្រាស់លើភាពចាំបាច់នៅពេលជួបបញ្ហា ដោយវាមានទំហំប្រមាណ៣% នៃ GDP ឬស្មើនឹងប្រមាណ៧០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលកញ្ចប់ថវិកានេះ នឹងមានសម្រាប់រយៈពេល៣ឆ្នាំ។
ស្របពេលដែលកម្ពុជាអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA នេះដែរ នៅប្រទេសវៀតណាមឯណោះវិញ កាន់តែជិតទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុប ដែលវាត្រូវបានគេមើលឃើញថា អាចនឹងក្លាយជាកត្តាប្រឈមមួយទៀតថែមទៀតសម្រាប់វិស័យកាត់ដេរកម្ពុជា។
ទាក់ទិននឹងរឿងនេះដែរ ឯកឧត្តម វង្សី វិស្សុត បានអះអាងថា ពិតណាស់វិស័យកាត់ដេរកម្ពុជាក៏អាចនឹងប៉ះពាល់តិចតួចដែរ ក្រោយពេលវៀតណាមទទួលបានពាណិជ្ជកម្មសេរី ជាមួយអឺរ៉ុប។ ប៉ុន្ដែ ក្នុងនោះ ក៏មានចំណុចវិជ្ជមានខ្លះដែរ ហើយវិស័យឧស្សាហកម្មវៀតណាមកំពុងប្រែខ្លួនពីកាត់ដេរ ទៅជាឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ដូចជាការផលិតគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាជាដើម។ ទន្ទឹមនឹងនេះ រោងចក្រកាត់ដេរពីចិនកាន់តែច្រើន នឹងហូរចូលមកកាន់តំបន់អាស៊ីអាគ្នេយ៍ ដែលក្នុងនោះ កម្ពុជាក៏ជាគោលដៅទាក់ទាញមួយផងដែរក្នុងតំបន់នេះ។
សូមបញ្ជាក់ដែរថា បើតាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា កំណើនវិស័យកាត់ដេរកាលពីឆ្នាំ២០១៩ ត្រូវបានប៉ាន់ប្រមាណថា សម្រេចបានក្នុងអត្រា ៧,១% ប៉ុន្ដែ នៅឆ្នាំ២០២០នេះ ព្យាករថា អាចនឹងនៅមានកំណើនតែ ៥% ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ ក្រសួងសេដ្ឋកិច្ច ក៏បានកែប្រែការព្យាករកំណើនសេដ្ឋកិច្ច នៅឆ្នាំ២០២០នេះ ពី ៦,៥% មកនៅតែប្រមាណ៦,១% ប៉ុណ្ណោះ ដោយសារតែមានបញ្ហាកត្តាប្រឈម និងភាពមិនច្បាស់លាស់ កើនឡើងកាន់តែច្រើន ពិសេសនៅថ្មីៗនេះ មានការផ្ទុះឡើងនៃវីរុសកូរ៉ូណាប្រភេទថ្មី៕