គំនិតអាជីវកម្ម

ម្ចាស់កសិដ្ឋានគោទឹកដោះ Momo ៖ ខ្ញុំមិនដេកចាំឱកាសទេ តែខ្ញុំបង្កើតវាដោយខ្លួនឯង


នៅពេលដែលនិយាយដល់ការធ្វើអាជីវកម្ម ឬមុខជំនួញអ្វីមួយ មនុស្សភាគច្រើនតែគិតដល់ «ឱកាស» ក្នុងការចាប់ផ្ដើម ដោយអ្នកខ្លះ មានគំនិតអាជីវកម្ម មានដើមទុនសមល្មមហើយ តែនៅរង់ចាំឱកាសល្អសិន ទើបហ៊ានបោះជើងចូលក្នុងការរកស៊ី ដូចជា ចាំដើមទុនមានច្រើនសិន ឬចាំចេះជំនាញឲ្យច្រើនសិន។ល។ ការរង់ចាំឱកាសល្អនេះ ពេលខ្លះ ក៏ធ្វើឲ្យពួកគេ នៅសល់តែ «អាកាស» ប៉ុណ្ណោះ ដោយសារតែភាពស្ទាក់ស្ទើរនេះឯង។
លោក Keny Mathews ម្ចាស់កសិដ្ឋានគោទឹកដោះ Momo
ដោយ

ខុសពីអ្នក​ដែលចេះតែ​រង់ចាំឱកាស ម្ចាស់កសិដ្ឋាន​​គោទឹកដោះ Momo  លោក Keny Mathews បាន​​បង្ហើប​​ប្រាប់​​ខេមបូណូមីសថា លោក​មិន​ដែល​ដេក​រង់ចាំឱកាស​​ល្អមកដល់​ទើប​ធ្វើនោះទេ ប៉ុន្ដែ លោក​ចេញ​​ធ្វើ​​ដើម្បី បង្កើត​ឱកាស​ ដោយខ្លួនឯង។ 

អាជីវកម្ម​​កសិដ្ឋាន​​​ផលិត​ទឹក​ដោះគោ​ស្រស់ គឺជាអាជីវកម្ម​មួយប្រភេទ​ ដែលអាច​និយាយ​បានថា លំបាក​ក្នុងការ​ប្រតិបត្តិ​ទៅរក​ជោគជ័យ ព្រោះវា​ទាមទារនូវ​​ជំនាញ​​បច្ចេកទេស​ខ្ពស់ ទាំងការ​ចិញ្ចឹម​គោ និងកែច្នៃ​ទឹកដោះ​គោឲ្យ​​មាន​គុណភាព ដូច្នេះ ទើបមាន​អ្នកខ្លះ​​មានដើម​ទុន​ល្មមៗ បទពិសោធន៍​តិចតួច​​ខាង​ជំនាញបច្ចេកទេស មិនហ៊ាន​​ចេញ​រកស៊ីរបរ​នេះទេ ប៉ុន្ដែសម្រាប់ Keny Mathews ម្ចាស់​​កសិដ្ឋាន​​គោទឹក​ដោះ Momo បានបង្កើត​ឱកាស​​សម្រាប់​ខ្លួនឯង ដោយ​ចេញរកស៊ី​​ក្នុង​របរនេះ ទាំងមនុស្ស​ជាច្រើន​​តែងគិត​ថា របរ​នេះពិបាក​រស់​ណាស់។ ​​

លោក Keny បានសម្រេច​បើក​កសិដ្ឋាន​ផលិតទឹក​ដោះគោ​ស្រស់​នៅកម្ពុជា កាលពីដើម​ឆ្នាំ២០១៦ ក្រោយពីលោក បានមក​រស់នៅ និងធ្វើការងារ​ផ្នែកសាសនា​អស់រយៈ​ពេលជា​ច្រើនឆ្នាំ។

ម្ចាស់​កសិដ្ឋាន​​គោទឹក​ដោះរូបនេះ បានរៀបរាប់​ប្រាប់ថា ក្រោយពីបាន​បញ្ចប់​ការងារ​ជាអ្នក​ផ្សព្វផ្សាយ​សាសនា​គ្រីស្ត​ នៅក្នុង​ប្រទេស​កម្ពុជា​កាល​ពី​១០ឆ្នាំមុន លោកបាន​ត្រលប់​វិលទៅកាន់​សហរដ្ឋ​អាមេរិក​ ដែលជា​ស្រុក​កំណើត​របស់​ខ្លួនវិញ។ បន្ទាប់មក ​លោកបាន​ទៅធ្វើការ​នៅស្ថាប័ន​ក្រៅរដ្ឋាភិបាល​មួយនៅ​អាមេរិក​ ដែលធ្វើ​ការពាក់​ព័ន្ធទៅនឹង​ការបង្កើត​អាជីវកម្ម។ 

ក្រោយពីបាន​ធ្វើការ​នៅទីនោះ​មួយរយៈ លោកបាន​រៀនសូត្រ​ទ្រឹស្តី​ជាច្រើន​ពីគំនិត​អាជីវកម្ម ក្រោយមក​​លោក​ក៏មាន​គំនិត​បង្កើត​អាជីវកម្ម​មួយដោយ​ខ្លួនឯង ហើយលោក​ក៏បាន​ចាប់អារម្មណ៍​មកលើ​ប្រទេស​​  កម្ពុជា​ ជាទីដែល​ខ្លួនធ្លាប់​មករស់​នៅ និងធ្វើការងារ​ផ្នែក​សាសនា​អស់​រយៈពេល ៣ឆ្នាំ​ដែរ។

បុរសសញ្ជាតិអាមេរិក​​ ​និយាយ​ខ្មែរ​យ៉ាង​ស្ទាត់ជំនាញ​រូបនេះ បានប្រាប់​សារព័ត៌មាន​អេឡិច​ត្រូនិច​ ខេមបូណូមីសថា លោក​បានផ្តួច​ផ្តើម​គំនិតនេះ ដោយមាន​ការគាំទ្រ​ និងសហការ​ពីក្រុមគ្រួសារ​របស់​លោក ហើយក៏សម្រេច​បើក​កសិដ្ឋាន​នេះ ជាលើក​ដំបូង​នៅក្នុង​ក្រុង​តាខ្មៅ ខេត្តកណ្តាល ជាមួយ​នឹងសត្វគោ​ជាង ១០ក្បាល​ប៉ុណ្ណោះ ដើម្បី​ជាការ​សាកល្បង។

កសិដ្ឋាន​គោទឹកដោះ Momo

មិនមែន​ជាការងាយ​ស្រួល​នោះទេ ក្នុងការ​បង្កើត​អាជីវកម្ម​មួយ ដែលមាន​គេធ្លាប់​បរាជ័យទៅ​ហើយ​នោះ។​តែ Keny Mathews​ បាននិយាយ​ដោយ​ញញឹមថា “គេធ្វើបរាជ័យ​មិនប្រាកដ​ថា ខ្ញុំធ្វើ​បរាជ័យ​ដែរ​នោះទេ ខ្ញុំមិន​នៅស្ងៀម​ដេករង់​ចាំឱកាស​នោះទេ តែខ្ញុំនឹង​បង្កើត​ឱកាស​ដោយ​ខ្លួនឯង​ ហើយនឹង​ធ្វើវា​ឲ្យ​បាន​​ល្អបំផុត”។

ក្រោយពីបាន​បង្កើត​បាន​ជាងមួយឆ្នាំ ពលរដ្ឋខ្មែរ​ក៏បានចាប់​ផ្តើម​ស្គាល់​ទឹកគោ​ស្រស់​ Momo Farm កាន់តែច្រើន​ឡើងៗ។ បន្ទាប់ពីជោគជ័យ​បានមួយ​កម្រិត​បែប​នេះហើយ លោកនឹង​គ្រួសារ​​​ក៏បាន​ពិភាក្សា​គ្នា​ស្វែងរក​ទីតាំង​ថ្មី​​ដើម្បី​ពង្រីក​កសិដ្ឋាន ដោយសារ​ទីតាំង​នៅក្រុង​តាខ្មៅ​មានទំហំ​តូចពេក។

កសិដ្ឋាន Momo បាន​ផ្លាស់ប្តូរ​ទីតាំង​មកកាន់​ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ទីតាំងថ្មីនេះ គឺជាទីតាំង​កសិដ្ឋាន​ចិញ្ចឹមគោ​ចាស់ មានទំហំ​ជាង ១០ហិកតា ធ្វើឲ្យ Keny សម្រេចចិត្ត​​ជ្រើសរើសទីតាំង​នេះ សម្រាប់ពង្រីក​អាជីវកម្ម​ទឹកដោះគោ​របស់​ខ្លួន ដោយចំនួន​សត្វគោ​​បានកើន​ឡើង​ប្រមាណ​ជាង ២០០ក្បាល និងមាន​បុគ្គលិក​បម្រើ​ការងារ​គ្រប់ផ្នែកជិត ៣០នាក់​ហើយ មកដល់​បច្ចុប្បន្ន​នេះ ។ 

ក្នុងនាមជា​ជន​បរទេស​ដែលមករកស៊ី​នៅស្រុក​ខ្មែរ លោក Keny អះអាងថា លោក​មិនដែល​​ធ្វើអ្វីដែល​​បំពាន​ច្បាប់ស្រុក​ខ្មែរ​នោះទេ។ 

លោកបានបញ្ជាក់ យ៉ាងដូច្នេះថា “​ខ្ញុំមិនខ្វល់ថា អ្នកដទៃ​មើលមក​ខ្ញុំ​ក្នុងន័យ​បែបណា​នោះ​ទេ អ្វីដែល​ខ្ញុំ​ចង់ធ្វើ គឺជួយ​ប្រជាជន​កម្ពុជា​ឲ្យ​មានការងារ​ធ្វើ ព្រមទាំង​កាត់បន្ថយការ​នាំនូវ​ប្រភេទ​ទឹកដោះគោ​ស្រស់​ពី​ក្រៅប្រទេស​ ក៏ដូចជា​ ជួយ​លើកស្ទួយ​ការផលិត​នៅក្នុង​ស្រុក​ថែម​ទៀត​ផង”។

ដោយសារតែគុណភាព និងសង្វាក់​ផលិតកម្ម​ដំណើរការ​បានល្អ ថែមទទួល​បានការគាំទ្រ​ជាបន្តបន្ទាប់​​ទៀតនោះ ថ្មីនេះ កសិដ្ឋាន Momo ទើបតែ​ទទួល​បានពាន​រង្វាន់​ជា ក្រុមហ៊ុន​ផលិត​​ទឹកដោះគោ ដែល​ល្អប្រសើរ​ជាងគេ​ពីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ។ ហើយសព្វថ្ងៃ​ទឹកដោះគោ​ស្រស់ Momo កំពុងតែមាន​វត្តមាន​នៅតាមផ្សារ​ទំនើប​ៗ មួយចំនួន​ដូចជា ផ្សារអ៊ីអន១ និងអ៊ីអន២, ផ្សារឡាក់គី, ផ្សារម៉ាក្រូ, ផ្សារSuper Duper ជាដើម។ ក្រៅពីនេះ កសិដ្ឋាន Momo ក៏មាន​​បង្កើត​ហាងលក់​ ផ្ទាល់​ខ្លួន​ចំនួន ៤ទៀតនៅរាជធានី​ភ្នំពេញផងដែរ។

ទោះយ៉ាងណា លោក Keny មិនបាន​បញ្ឈប់​មហិច្ឆតា​របស់ខ្លួន​ត្រឹមតែ​ប៉ុណ្ណេះទេ លោក​មាន​គម្រោង​ពង្រីក​បន្ត​​ទៀត​ ដោយនៅក្នុង​ឆ្នាំ ២០១៩នេះ កសិដ្ឋាន​ Momo នឹងនាំ​ចូលគោ១.០០០ក្បាល​បន្ថែម​ទៀត ដើម្បី​ចិញ្ចឹម​យកទឹកដោះ​ ឆ្លើយតប​ទៅនឹង​តម្រូវ​ការ​ទីផ្សារ​។ ម្យ៉ាងលោក​ក៏មាន​គម្រោង​បង្កើត​រោងចក្រ​កែច្នៃទឹកដោះគោ​ស្រស់​ឲ្យ​ទៅជា ផលិតផល​ផ្សេងៗ ទៀតដូច​ជា ឈីស, ទឹកដោះគោ​ខាប់ និងប្រភេទ​យូហ្គើត​ ជាដើម។ បើតាម ការបញ្ជាក់ ពីលោក Keny លោកក៏​មាន​បំណង​​ចង់អភិវឌ្ឍ​កសិដ្ឋាន​ Momo ឲ្យ​ក្លាយ​ជា​​កសិដ្ឋាន​​ផលិត​ទឹកដោះ​គោស្រស់ និង​ផលិត​ផល​ពីទឹកគោ​ដ៏​សម្បូរបែប និងធំជាងគេ​នៅតំបន់​អាស៊ី​អាគ្នេយ៍នេះផងដែរ៕

None



អត្ថបទបន្ទាប់


វៀតណាម និង រុស្ស៊ី គ្រោងពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ ត្រឹមឆ្នាំ ២០២០

ប្រទេសវៀតណាម និងប្រទេសរុស្ស៊ី បានព្រមព្រៀងគ្នាឈានទៅពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីដល់ ១០ពាន់លានដុល្លារ នៅឆ្នាំ ២០២០ខាងមុខនេះ ខណៈដែលកាលពីឆ្ន…

វៀតណាមរំពឹងផ្លែផ្កា ពីកិច្ចព្រមព្រៀង CP TPP នឹងជំរុញកំណើនសេដ្ឋកិច្ច កាន់តែខ្លាំងក្លា

ក្រោយពី កិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) បានចូលជាធរមានជាផ្លូវការកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ