
បើតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បញ្ជាក់ថា ក្រុមហ៊ុននេះបានផ្តល់ការងារមួយចំនួនឲ្យពលរដ្ឋក្នុងស្រុកប្រមាណជាង ១០០នាក់ ព្រមទាំងមានអ្នកជំនាញសត្វអន្តរជាតិធ្វើការនៅទីនោះទៀតផង។
ក្រុមហ៊ុន SNBL មានសាខានៅប្រទេសចិន ជប៉ុន កម្ពុជា និងសហរដ្ឋអាមេរិក។ វេបសាយក្រុមហ៊ុននេះ បញ្ជាក់ថា ពួកគេមានរបររកស៊ីលើផ្នែក៤សំខាន់ៗ រួមមាន៖ លក់សត្វ គាំពារ និងផ្តល់ប្រឹក្សាជូនអតិថិជន អភិវឌ្ឍគំរូសត្វ (បង្កាត់សត្វ) និងដឹកជញ្ជូនក្នុងស្រុក។

សព្វថ្ងៃ នៅក្នុងប្រទេសកម្ពុជា កសិដ្ឋានចិញ្ចឹមស្វារបស់ក្រុមហ៊ុន SNBL ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចិញ្ចឹមនិងនាំចេញសត្វស្វារស់ទៅកាន់ទីផ្សារអន្តរជាតិ។ ក្រុមហ៊ុននេះចិញ្ចឹមស្វាចំនួន ១៦០០០ក្បាល មេចំនួន ៧០០០ក្បាល ប្រើប្រាស់ចំណីចំនួន ៣៧៥គីឡូក្រាម និងផ្លែឈើចម្រុះប្រមាណ ៨០០គីឡូក្រាម ក្នុងមួយថ្ងៃ និងប្រើប្រាស់កម្លាំងពលកម្មចំនួន ១៥២នាក់។
ក្រុមហ៊ុនបានធ្វើការនាំចេញជាមធ្យមចំនួន ៤៤០០ក្បាលក្នុងមួយឆ្នាំ ទៅកាន់ប្រទេសជប៉ុននិងសហរដ្ឋអាមេរិក។
នៅក្នុងនោះ ក្រុមហ៊ុនក៏មានបំពាក់នូវឧបករណ៍និងបច្ចេកវិទ្យាទំនើបសម្រាប់ពិនិត្យ និងតាមដានសុខភាពសត្វស្វា ព្រមទាំងទីតាំងចត្តាឡីស័ក (Quarantine) ដើម្បីត្រួតពិនិត្យសុខភាពមុននឹងធ្វើការនាំចេញ៕