ការកាត់បន្ថយទស្សនវិស័យកំណើននេះ កើតឡើងមួយថ្ងៃបន្ទាប់ពីទីភ្នាក់ងារនេះបានកាត់បន្ថយទស្សនវិស័យចំពោះចំណាត់ថ្នាក់ឥណទានរដ្ឋរបស់ប្រទេសចិន ក្រោយមើលឃើញ និងព្រួយបារម្ភកាន់តែខ្លាំងឡើងលើសមត្ថភាពរបស់រដ្ឋាភិបាលក្នុងតំបន់របស់ប្រទេសនេះ ក្នុងការដោះស្រាយជាមួយនឹងការកើនឡើងបំណុលដែលលាក់កំបាំង ចំពេលមានការធ្លាក់ចុះមិនធ្លាប់មានក្នុងវិស័យអចលនទ្រព្យ។
ក្រុមហ៊ុន Moody's បានបន្ទាបចំណាត់ថ្នាក់ភ្នាក់ងារផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាលក្នុងស្រុកចិនចំនួន២៦ ខណៈផ្លាស់ប្តូរទស្សនវិស័យភ្នាក់ងារផ្តល់ហិរញ្ញប្បទានរបស់រដ្ឋាភិបាល ចំនួន២២ផ្សេងទៀតទៅរកភាពអវិជ្ជមានពីមានស្ថិរភាព។ លោក Stephen Tang អ្នកវិភាគនៅក្រុមហ៊ុន Moody's ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បាននិយាយនៅក្នុងរបាយការណ៍មួយថា សកម្មភាពវាយតម្លៃថ្មីនេះ ត្រូវបានជំរុញជាចម្បងដោយការផ្លាស់ប្តូរទស្សនវិស័យទៅជាអវិជ្ជមានពីស្ថិរភាពលើចំណាត់ថ្នាក់ឥណទានរបស់រដ្ឋាភិបាលចិន។
ក្នុងនោះ ទស្សនវិស័យការវាយតម្លៃរបស់ធនាគាររដ្ឋរបស់ចិន ចំនួន៨ ក៏ត្រូវបានផ្លាស់ប្តូរទៅជាអវិជ្ជមានពីស្ថិរភាពផងដែរ។ ធនាគារអភិវឌ្ឍន៍កសិកម្មនៃប្រទេសចិន ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូលនៃប្រទេសចិន គឺស្ថិតក្នុងចំណោមធនាគារបីផ្នែកគោលនយោបាយ។ នៅសល់ប្រាំទៀត គឺជាធនាគារផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មសំខាន់ៗដូចជា ធនាគារកសិកម្មនៃប្រទេសចិន (ABC) ធនាគារចិន (BOC) ធនាគារសំណង់ចិន (CCB) ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មនៃប្រទេសចិន (ICBC) និងធនាគារសន្សំប្រៃសណីយ៍នៃប្រទេសចិន។
ក្រៅពីនោះ ក្រុមហ៊ុនរដ្ឋធំៗផ្សេងទៀត និងតំបន់រដ្ឋបាលពិសេសពីររបស់ចិន គឺទីក្រុងហុងកុង និងម៉ាកាវ ក៏រងផលប៉ះពាល់ផងដែរ។ ក្រុមហ៊ុន Moody's បានកែសម្រួលទស្សនវិស័យចុះមកអវិជ្ជមានពីមានស្ថិរភាពសម្រាប់ហុងកុង និងម៉ាកាវ។ ការព្រមានទម្លាក់ចំណាត់ថ្នាក់នេះ ហាក់មានឥទ្ធិពលតិចតួចលើទីផ្សារមូលបត្របំណុលរបស់ប្រទេសចិន កាលពីថ្ងៃពុធ ដោយទិន្នផលគោលរយៈពេល១០ឆ្នាំនៅសល់យ៉ាងច្រើនប្រហែល២,៧%។
ខណៈប្រាក់យន់បានធ្លាក់ចុះបន្តិចបើធៀបនឹងប្រាក់ដុល្លារ។ តាមលោក Tai Hui ប្រធានអ្នកយុទ្ធសាស្រ្តទីផ្សារប្រចាំតំបន់អាស៊ី នៅក្រុមហ៊ុន J.P. Morgan Asset Management បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា លោកមិនខ្វល់ច្រើនចំពោះការទម្លាក់ចំណាត់ថ្នាក់នោះទេ ដោយសារតែលោកក៏មានការទម្លាក់ចំណាត់ថ្នាក់នៅសហរដ្ឋអាម៉េរិក ក្នុងខែវិច្ឆិកា ប៉ុន្តែគ្មានអ្វីកើតឡើងនោះទេ។
ស្របពេលជាមួយគ្នានេះ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បានច្រានចោលការព្រួយបារម្ភរបស់ Moody's នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយនិយាយថា សមាមាត្រនៃបំណុលរបស់រដ្ឋាភិបាលទៅនឹងផលិតផលក្នុងស្រុកសរុប គឺមាន៥០,៤% ក្រោមបន្ទាត់ព្រមាន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិចំនួន៦០%។ រដ្ឋាភិបាលហុងកុង ក៏បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធដែរ ដោយវាយបកប្រឆាំងនឹងការទម្លាក់ទស្សនវិស័យទៅអវិជ្ជមានរបស់ក្រុមហ៊ុន Moody ដែរ។ ក្រុមហ៊ុន Moody's បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសចិននឹងកើនឡើង៤% នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ជាមួយនឹងអត្រាធ្លាក់ចុះជាមធ្យម៣,៨% ក្នុងមួយឆ្នាំៗនៅចន្លោះឆ្នាំ២០២៦ ដល់២០៣០។
ភ្នាក់ងារនេះបាននិយាយថា ការផ្លាស់ប្តូរប្រជាសាស្រ្ត និងកត្តារចនាសម្ព័ន្ធផ្សេងទៀតនឹងបន្ថយអត្រាកំណើនសក្តានុពលរបស់ប្រទេសចិន មកនៅប្រហែល៣,៥% ត្រឹមឆ្នាំ២០៣០។ ជាមួយនឹងភាពចាស់ជរានៃចំនួនប្រជាជនរបស់ប្រទេសចិន ការកើនឡើងនៃការចំណាយសុខុមាលភាពអាចនាំឱ្យមានឱនភាពកាន់តែច្រើន និងការចេញបណ្ណបំណុលរដ្ឋ ដែលវានឹងដាក់សម្ពាធបន្ថែមទៀតដល់ការធ្លាក់ចុះចំណាត់ថ្នាក់របស់ប្រទេសចិន។ ក្រុមហ៊ុន Moody's ក៏បានព្រមានអំពីហានិភ័យបទប្បញ្ញត្តិនៅក្នុងប្រទេសចិន ដោយចង្អុលទៅការបង្រ្កាបរបស់រដ្ឋាភិបាលនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា និងការអប់រំរបស់ខ្លួនផងដែរ៕