
លោក Chef Collin Ho ស្ថាបនិកភោជនីយដ្ឋាន Collin’s ដែលមានមូលដ្ឋាននៅសិង្ហបុរី និងទើបតែបានបើកសាខាទី១នៅកម្ពុជា នាពេលថ្មីៗនេះ បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសកំពុងមានការអភិវឌ្ឍ ជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឲ្យចាប់អារម្មណ៍ ដែលនេះ គឺជាឱកាសសម្រាប់ភោជនីយដ្ឋានដែលមានសេវាល្អ ចូលមករកស៊ីនៅទីនេះ។

ម្ចាស់ភោជនីយដ្ឋានយីហោពីប្រទេសសិង្ហបុរីរូបនេះ បានឲ្យដឹងទៀតថា ដ្បិតតែ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ កំណើនភោជនីយដ្ឋានលំដាប់ខ្ពស់កំពុងមានការកើនឡើងកាន់តែច្រើននៅកម្ពុជាក៏ពិតមែន ប៉ុន្ដែ លោកថា ភោជនីយដ្ឋានCollin’s គឺមានចំណុចពិសេសរួមទាំងរសជាតិដែលអាចប្រជែងបាននៅក្នុងទីផ្សារកម្ពុជាបានជោគជ័យ។ អ្វីដែល ពិសេស លោកថា ទីតាំង ក៏ជាចំណុចស្លាប់រស់មួយផងដែរសម្រាប់ភោជនីយដ្ឋាន ខណៈដែលភោជនីយដ្ឋានរបស់លោក បានសម្រេចជ្រើសយកទីតាំងនៅអគារ The Bridge ជាន់ទី១៣ ជាទីតាំងកណ្ដាលក្រុងដ៏មានសក្ដានុពលបំផុត។

លោក Collin Ho បាននិយាយយ៉ាងដូច្នេះថា «បើទោះជាមានភោជនីយដ្ឋានបែបអឺរ៉ុបច្រើនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជាក៏ពិតមែន តែមិនមែនជាបញ្ហាអ្វីសម្រាប់ COLLIN’S ទេ ដោយសារតែបទពិសោធន៍នៃការចម្អិនអាហារដែលមានរសជាតិប្លែកពីភោជនីយដ្ឋានដទៃទៀត នឹងធ្វើឲ្យ COLLIN’S Cambodia អាចប្រកួតប្រជែងបាន ណាមួយកម្ពុជាមិនមែនជាសាខាក្រៅប្រទេសទី១ ដែល COLLIN’S បានបើកសាខានោះទេ។ ហើយសាខាទីមួយនេះ ជោគជ័យហើយយើងនឹងបន្តបើសាខាមួយផ្សេងទៀតអាចថាសាខាបន្ទាប់នៅខេត្តសៀមរាប»។

គួរបញ្ជាក់ថា របាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា ចំណូលប្រជាជនកម្ពុជាមានការងើបឡើងឡើងជាលំដាប់ តួយ៉ាងនៅឆ្នាំ២០១៨នេះ កំណើនប្រាក់ចំណូលប្រជាជនម្នាក់ៗគិតជាមធ្យមបានកើនឡើងដល់ ជាង ១៥០០ ដុល្លារអាមេរិក ខណៈដែលកាលពីឆ្នាំ២០១៧ មានតែជាង១៤០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ ក្នុងនោះ គេសង្កេតឃើញដែរថា ប្រជាជនដែលមានប្រាក់ចំណូលមធ្យមនិងខ្ពស់ ក៏មានការកើនឡើងជាលំដាប់ផងដែរ ខណៈដែលអត្រាភាពក្រីក្របានធ្លាក់ចុះនៅកម្រិតកាន់តែទាបទៅៗ។

បន្ថែមពីនេះបើតាមរបាយការណ៍ ពីធនាគារជាតិ អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានដឹងថាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញដល់ការលូតលាស់វិស័យសេវាកម្មនៅកម្ពុជា ដែលមានរហូតដល់ជិត៤០ ភាគរយនៃផលិតផលក្នុងស្រុកសរុប ជាមួយនឹងអត្រាកំណើន៦,៨% នៅឆ្នាំ២០១៨។ របាយការណ៍ ដដែលបានរំពឹងទុកថា នៅឆ្នាំ២០១៩ វិស័យសេវាម្មនឹងបន្តមានកំណើនប្រមាណ ៧% ដែលគាំទ្រដោយភាពល្អប្រសើរនៃវិស័យទេសចរណ៍ អចលនទ្រព្យ និងឧស្សាហកម្ម៕