បើផ្អែកទៅលើក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានធ្វើការបកស្រាយស្រដៀងៗគ្នាថា នៅក្នុងឆ្នាំ២០១៨នេះ ឃើញថាមានសកម្មភាពដោះដូរលក់ទិញដីធ្លីផ្ទះសម្បែងជាច្រើន បើធៀបនឹងឆ្នាំមុនៗ មិនមានសញ្ញាណាមួយថមថយឡើយ។ បើពិនិត្យទៅមើលពីតម្រូវការប្រើប្រាស់សេវាកម្មភ្នាក់ងារអចលនទ្រព្យក៏កើនឡើងជាងឆ្នាំមុននេះ បើផ្អែកតាមរបាយការណ៍ទិញ លក់ និងជួលប្រចាំថ្ងៃកំណើននៃចំនួនក្រុមហ៊ុនចុះបញ្ជីថ្មីៗនេះ គឺជាសញ្ញាល្អសម្រាប់វិស័យអចលនទ្រព្យ ។
ការផ្តល់អាជ្ញាបណ្ណសម្រាប់ក្រុមហ៊ុនវាយតម្លៃ និង ភ្នាក់ងារអចលនវត្ថុពីក្រសួងសេដ្ឋកិច្ចបានបង្ហាញថា គិតមកដល់ត្រឹមបំណាច់ខែមិថុនាឆ្នាំ២០១៨ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានផ្តល់វិញ្ញាបនបត្រវិជ្ជាជីវៈ និងអាជ្ញាបណ្ណសេវាកម្មវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុដល់ក្រុមហ៊ុនជាតិ និងអន្តរជាតិសរុប១៦៩ក្រុមហ៊ុន ក្នុងនោះមានក្រុមហ៊ុនអចលនទ្រព្យ ជាតិ និង អន្តរជាតិចំនួន ១៦ ក្រុមហ៊ុន ទើបតែត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំនេះដើម្បីប្រកួតប្រជែងទៅលើគុណភាពសេវាកម្ម និង តម្លៃ។
លោក គុយ វ៉ាត អគ្គនាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ វីត្រាស់គ្រុប បានឲ្យដឹងថា កំណើននៃការចុះបញ្ជីក្រុមហ៊ុនវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យថ្មីៗទាំងអស់នេះ វាបានការឆ្លុះបញ្ចាំងពីទំនុកចិត្តនៃអ្នករកស៊ីនៅក្នុងវិស័យនេះ ទី១លើស្ថិរភាពនយោបាយ និង ទី២ កំណើនសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះ វាក៏បានបង្ហាញពីការកើនឡើងទីផ្សារអចលនទ្រព្យ និង សំណង់ ក្នុងឆ្នាំនេះ និង ឆ្នាំក្រោយៗផងដែរ។
តើក្រុមហ៊ុនបម្រើសេវាកម្មវាយតម្លៃ និង ភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា មានរហូតដល់ទៅជិត ១៧០ក្រុមហ៊ុនឯណោះ វាច្រើនពេកទេដឹងសម្រាប់ទីអចលនទ្រព្យនៅកម្ពុជាដ៏តូចចង្អៀតមួយនេះ?
ឆ្លើយតបទៅនឹងសំណួរខាងលើនេះ លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 មេគង្គបានលើកឡើងដែរថា ទីផ្សារនៃការផ្តល់សេវាកម្មអចលនទ្រព្យ នៅកម្ពុជានៅធំទូលាយខ្លាំងនៅឡើយ បើធៀបនឹងចំនួនប្រជាជនជាង១៥លាននាក់ មានភ្នាក់ងារដែលស្របច្បាប់ត្រឹមជាង២ម៉ឺននាក់ គឺមិនគ្រប់គ្រាន់ឡើយ។ ដូច្នេះកម្ពុជាត្រូវការបន្ថែមភ្នាក់ងារបម្រើសេវាកម្ម និង វាយតម្លៃអចលនទ្រព្យបន្ថែមទៀត សម្រាប់ទីផ្សារនៅកម្ពុជា ។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានបញ្ជាក់ចុងក្រោយនេះថា វត្តមាននៃក្រុមហ៊ុនបម្រើសេវាកម្មដីធ្លី ផ្ទះសម្បែងថ្មីៗទាំងអស់នេះ បានបង្ហាញពីការកើនឡើងនៅទីផ្សារអចលនទ្រព្យ និង ការវិនិយោគវិស័យសំណង់កាន់តែសំបូរបែបនៅកម្ពុជា។
ក្រុមអ្នកជំនាញធរណីជាតិ និង អន្តរជាតិទំាងអស់នោះ រំពឹងទុកនៅឆ្នាំនេះ និង ឆ្នាំខាងមុខថា វិស័យសំណង់ និង អចលនទ្រព្យ នៅតែល្អជានិច្ច ដូច្នេះបានជាការសុំអាជ្ញាប័ណ្ណប្រកបអាជីវកម្មនៅតែមានការកើនឡើង ស្របពេលដែលរាជរដ្ឋាភិបាលបានចាប់ផ្តើមរិតបន្តឹងច្បាប់ទាក់ទងទៅនឹងការចុះបញ្ជីនេះផងដែរ៕