ទំនាក់ទំនងដ៏កក់ក្ដៅរវាងចិននិងមីយ៉ាន់ម៉ា ដែលជាប្រទេសជាប់ព្រំប្រទល់គ្នា បានបង្ហាញឱ្យឃើញច្បាស់នៅពេលដែលមេរបបយោធាមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ មីន អ៊ុងឡាំ (Min Aung Hlaing) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក ឈីង កាង (Qin Gang) នៅរដ្ឋធានីណៃពីដោ (Naypyitaw) ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ២ ខែឧសភាកន្លងទៅ។
ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំនោះថា «ប្រទេសចិនជឿជាក់ថា សហគមន៍អន្តរជាតិគួរតែគោរពអធិបតេយ្យភាពរបស់មីយ៉ាន់ម៉ា និងដើរតួនាទីស្ថាបនាក្នុងការជួយមីយ៉ាន់ម៉ាឱ្យសម្រេចបាននូវសន្តិភាពនិងការផ្សះផ្សាជាតិ»។ សេចក្ដីថ្លែងការណ៍នោះបន្តថា «ប្រទេសចិនក៏នឹងបន្តផ្តល់ជំនួយតាមសមត្ថភាពរបស់ខ្លួនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសមីយ៉ាន់ម៉ា» និង«ពន្លឿនគម្រោងកិច្ចសហប្រតិបត្តិការសំខាន់ៗនៃច្រករបៀងសេដ្ឋកិច្ចចិន-មីយ៉ាន់ម៉ាផងដែរ»។
យោងតាមសេចក្តីថ្លែងការណ៍នេះ គេអាចនិយាយបានថា ទីក្រុងប៉េកាំងបានប្តេជ្ញាគាំទ្ររដ្ឋាភិបាលយោធាមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ បើទោះជារបបសឹកកំពុងរងសម្ពាធទណ្ឌកម្មពីលោកខាងលិចយ៉ាងណាក្តី។ ក្នុងដំណើរនោះដែរ រដ្ឋមន្ត្រីការបរទេសចិនក៏បានលើកឡើងពីគម្រោងច្រករបៀងសេដ្ឋកិច្ចដែលឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា និងបង់ក្លាដែសផងដែរ។ វាជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង ហើយវានឹងអនុញ្ញាតឱ្យចិនកាត់ឥណ្ឌាដែលស្ទាក់ស្ទើរនាពេលកន្លងមក ចេញពីការចូលរួមក្នុងគម្រោងខ្សែក្រវាត់និងផ្លូវ។
ច្រករបៀងសេដ្ឋកិច្ចបង់ក្លាដែស-ចិន-មីយ៉ាន់ម៉ា នឹងផ្តល់ដំណោះស្រាយចំពោះអវត្តមានរបស់ឥណ្ឌា។ ចាប់តាំងពីទំនាក់ទំនងរវាងមីយ៉ាន់ម៉ា និងបង់ក្លាដែស មានភាពតានតឹងដោយសារបញ្ហាជនជាតិរ៉ូហ៊ីងយ៉ាមក ប្រទេសចិនហាក់ដូចជាកំពុងប្រើប្រាស់ទស្សនកិច្ចរបស់លោក ឈីង ជាជំហានមួយ ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានស្ថិរភាព ហើយគោលដៅរបស់ចិនគឺមហាសមុទ្រឥណ្ឌា។
គម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានបង្កើនការព្រមានយ៉ាងខ្លាំងអំពីការអភិវឌ្ឍទីតាំងយោធានៅលើកោះ ហ្គ្រេត កូកូ (Great Coco) របស់ប្រទេសមីយ៉ាន់ម៉ា ដែលត្រូវបានគេជឿថា បានចាប់ផ្តើមនៅចុងខែមីនា។ គួរជម្រាបថា កោះ Great Coco គឺជាកោះតូចមួយដែលមានសារៈសំខាន់ខាងយុទ្ធសាស្ត្រនៅឈូងសមុទ្របេហ្កាល (Bengal) ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគខាងត្បូងទីក្រុងយ៉ាំងហ្គូនរបស់មីយ៉ាន់ម៉ា។ វាមានទីតាំងនៅភាគខាងជើងកោះអាដាមេន (Andaman) និងនីកូបា (Nicobar) ដែលជាមូលដ្ឋានយោធារបស់ប្រទេសឥណ្ឌា។
ដោយឡែក ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដែលរៀបចំជាប្រព័ន្ធ ក៏ជាបញ្ហាសំខាន់មួយដែរ។ ក្នុងជំនួបកាលពីដើមខែឧសភានោះ លោក ឈីង កាង បានប្រាប់សមភាគីមីយ៉ាន់ម៉ាថា ប្រទេសចិនសង្ឃឹមថា មីយ៉ាន់ម៉ានឹងបង្ក្រាបអំពើបោកប្រាស់តាមអ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែនជាមួយចិន។
តំបន់ភ្នំភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ដែលមានព្រំប្រទល់ជាប់នឹងប្រទេសចិន គឺជាជម្រករបស់ជនជាតិភាគតិចជាច្រើន រួមទាំងជនជាតិដើមចិនផងដែរ ហើយវាក៏ជាកន្លែងរបស់ឧក្រិដ្ឋជន និងពួកឧទ្ទាមប្រឆាំងចិន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់នេះក៏បានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ធ្វើសកម្មភាពបោកប្រាស់តាមអ៊ីនធឺណិត ដែលផ្តោតលើមនុស្សនៅក្នុងប្រទេសចិនដីគោក៕