របាយការណ៍ពីក្រសួងសុខាភិបាល បានឲ្យដឹងថា គិតត្រឹមថ្ងៃនេះ កម្ពុជាមានរាជធានី-ខេត្ត ចំនួន២៣ ហើយដែលត្រូវបានគេរកឃើញករណីមេរោគបំប្លែងថ្មី ឌែលតា ខណៈដែលខេត្តចំនួនពីរទៀត គឺកែប និងក្រចេះ នៅមិនទាន់រកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះនៅឡើយ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ចំពោះករណីមេរោគបំប្លែងថ្មីមួយនេះភាគច្រើន ត្រូវបានគេរកឃើញនៅលើ អ្នកដែលត្រឡប់ពីប្រទេសថៃ វៀតណាម រួមទាំងបុគ្គលិកសុខាភិបាល អ្នកដំណើរតាមជើងហោះហើរ ជាពិសេសទៅលើករណីកម្មកររោងចក្រ ដែលជាកន្លែងផ្តុំនៃការជួបជុំ ព្រោះវាងាយបង្កឲ្យមានការឆ្លងរីករាលដាលកាន់តែខ្លាំង។
ទន្ទឹមនឹងមានករណីឆ្លងនៃមេរោគបំប្លែងថ្មី ប្រភេទឌែលតានេះដែរ បើយើងមើលទៅលើករណីឆ្លងកូវីដ-១៩ជារួមនៅក្នុងប្រទេសកម្ពុជានាពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ គឺអាត្រាធ្លាក់ចុះជាងមុនបន្ដិចហើយ ដោយកាលពីមុនរកឃើញករណីឆ្លងក្នុងមួយថ្ងៃជាង៧០០ ទៅជាង ៩០០នាក់ ប៉ុន្ដែ បច្ចុប្បន្ននៅមានរកឃើញត្រឹម ជាង៤០០នាក់ប៉ុណ្ណោះក្នុងមួយថ្ងៃ ដ្បិតថាប្រជាពលរដ្ឋបានចាក់វ៉ាក់សាំងការពារកូវីដ១៩បានកាន់តែច្រើនឡើង។
គិតត្រឹមថ្ងៃទី២៥ ខែសីហា កម្ពុជារកឃើញករណីកូវីដ ១៩ ចំនួន ៤២៨នាក់ និងអ្នកជាសះស្បើយចំនួន ៥៧២ ខណៈអាត្រានៃការចាក់វ៉ាក់សាំងជូនប្រជាជននៅក្នុងគោលដៅ ១០លានវិញ មកទល់ពេលនេះ សម្រេចបានជាង៨៨%ហើយ៕
អត្ថបទ ៖ ហួន ស្រីនីត