វិធានការនេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងរយៈពេល៣សប្ដាហ៍ខាងមុខទៀត។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មាន CNN។
អាជ្ញាធរក្រុងញូវយ៉កបាននិយាយថា ការដាក់ចេញនូវ វិធានការថ្មី ដោយតម្រូវឱ្យពលរដ្ឋបានចាក់វ៉ាក់សាំងរួច ទើបអាចចូលគ្រប់ភោជនីយដ្ឋាន មជ្ឈមណ្ឌលហាត់ប្រាណ និងកន្លែងទីកន្លែងកម្សាន្ដផ្សេងទៀតបាននេះ គឺដើម្បីកាត់បន្ថយរលកទី ៣ នៃករណីឆ្លងជំងឺកូវីដ១៩ ចំពេលមានការព្រួយបារម្ភអំពីការរីករាលដាលនៃប្រភេទបំប្លែងថ្មី ឌែលតា។ វិធានការនេះ នឹងត្រូវចាប់ផ្តើមអនុវត្តនៅក្នុងរយៈពេល៣សប្ដាហ៍ខាងមុខទៀត។
ទន្ទឹមនឹងការចេញវិធានការនេះ សាជីវកម្មនៅទូទាំងអាមេរិកក៏ចាប់ផ្តើមប្រកាស អំពីការតម្រូវឲ្យមានការវ៉ាក់សាំងសម្រាប់បុគ្គលិករបស់ខ្លួនផងដែរ ហើយក្នុងករណីខ្លះតម្រូវឱ្យអតិថិជន ក៏ត្រូវបង្ហាញលិខិតនៃការចាក់វ៉ាក់សាំងដូចគ្នាដែរ។ មានអាជីវកម្មមួយចំនួនដូចជា រោងភាពយន្ដជាដើម គឺតម្រូវឲ្យអតិថិជន និងបុគ្គលិករបស់ខ្លួនត្រូវចាក់វ៉ាក់សាំងជាបណ្ដើរៗហើយ ដោយរំពឹងថា ពួកគេនឹងបានចាក់វ៉ាក់សាំងនៅត្រឹមខែតុលា។
យោងតាមទិន្នន័យទីក្រុងញូវយ៉កបង្ហាញថា ទីក្រុងនេះ មានពលរដ្ឋប្រហែល ៥៥% ដែលទទួលបានវ៉ាក់សាំងគ្រប់ចំនួនដូស។ ថ្វីត្បិតចំនួនអ្នកចាក់វ៉ាក់សាំង ហាក់បីដូចជាមិនខ្ពស់ក៏ដោយ ក៏ប៉ុន្តែវាខ្ពស់ជាងអត្រាចាក់វ៉ាក់សាំងសរុបនៅសហរដ្ឋអាមេរិក ដែលមានប្រហែល ៥០%ប៉ុណ្ណោះ។
សូមរំឮកថា ការដាក់ចេញនូវវិធានការជំរុញការចាក់វ៉ាក់សាំងនេះ មិនមែនមានតែនៅទីក្រុងញូវយ៉កមួយនោះទេ។ បណ្តាប្រទេសនៅទ្វីបអឺរ៉ុបក៏បានដាក់ចេញនូវការលើកទឹកចិត្តផ្សេងៗ រួមទាំងការចេញជាសាច់ប្រាក់ក្នុងការចូលទស្សនាកីឡាបាល់ទាត់ដោយឥតគិតថ្លៃ ដើម្បីឱ្យពលរដ្ឋចូលរួមរចាក់វ៉ាក់សាំង។
ជាក់ស្តែងនៅប្រទេសបារាំងឯណោះវិញ កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍នេះ សភាបារាំងបានអនុម័តច្បាប់មួយដែលតម្រូវឱ្យមាន“ កាតចាក់វ៉ាក់សាំង” ដែលបង្ហាញពីការចាក់វ៉ាក់សាំង ឬ បានតេស្ត PCR អវិជ្ជមានកូវីដ-១៩ ដើម្បីអាចមានសិទ្ធិចូលភោជនីយដ្ឋាន ហាងផឹកស៊ី និង ធ្វើដំណើរតាមរថភ្លើង និងយន្តហោះជាដើម។ ប៉ុន្ដែ វិធានការរបស់រដ្ឋាភិបាលបារាំងនេះ ក៏ត្រូវបានពលរដ្ឋបារាំងរាប់ពាន់នាក់ចេញមុខប្រឆាំងតវ៉ាផងដែរ ដោយពួកគេចាត់ទុកថា វាជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ពួកគេ៕
អត្ថបទ៖ ស៊ើង និមល់