អ្នកជំនាញនៅក្នុងវិស័យថាមពល បានអះអាងថា ប្រទេសចិន ដែលជាអ្នកនាំចូល និងប្រើប្រាស់ប្រេងច្រើនជាងគេបំផុត បានទម្លាក់តម្រូវការប្រេងឆៅ របស់ខ្លួនរហូតដល់ទៅ ៣លានបារ៉ែលក្នុងមួយថ្ងៃ ដោយរោងចក្រចម្រាញ់ប្រេងជាច្រើនរបស់ចិន បានកាត់បន្ថយ និងផ្អាកដំណើរការរបស់ខ្លួន។
ទីក្រុងធំៗរបស់ចិន ត្រូវបានបិទចរាចរណ៍ មិនឲ្យឆ្លងកាត់ទៅកាន់ទីក្រុងផ្សេងៗ ជើងហោះហើរជាច្រើន ត្រូវបានលុបចោល ជាយន្តការទប់ស្កាត់ការរីករាលដាលនៃ មេរោគកូរ៉ូណា ហើយកត្តាទាំងអស់នេះ បានកាត់បន្ថយតម្រូវការ ប្រេងសាំង និងប្រេងឥន្ធនៈច្រើនគួរឲ្យកត់សម្គាល់។
បច្ចុប្បន្ន រោងចក្រចម្រាញ់ប្រេងរបស់ ចិន កំពុងតែស្តុកទុកនូវ ផលិតផលប្រេងឥន្ធនៈដែលមិនទាន់លក់ដាច់ ហើយទំហំនេះ ចាប់ផ្តើមកើនឡើងរៀងរាល់ថ្ងៃ ដែលអាចនឹងឈានដល់ កម្រិតកំណត់របស់ស្តុក ហើយដល់ពេលនោះ រោងចក្រ នឹងកាត់បន្ថយចំនួនប្រេងឆៅដែលត្រូវចម្រាញ់ ប្រមាណ ១៥ ទៅ ២០%។
ទាក់ទងនឹងបញ្ហានេះ អង្គការប្រទេសនាំចេញប្រេង OPEC និងសម្ព័ន្ធមិត្ត មិនបាននៅស្ងៀមនោះទេ ហើយគ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ ក្នុងខែកុម្ភៈនេះ ដើម្បីពិភាក្សាលើ ការកាត់បន្ថយការផ្គត់ផ្គង់ប្រេងឆៅ បន្ថែមទៀត ដើម្បីស្រោចស្រង់តម្លៃប្រេង ពីព្រោះថា មេរោគកូរ៉ូណានេះ ចាប់ផ្តើមប៉ះពាល់ខ្លាំងដល់ តម្រូវការប្រើប្រាស់ប្រេងឆៅ។
ដោយឡែកសម្រាប់តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ គិតត្រឹមថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០ បានបន្តធ្លាក់ចុះដូចជា ទីផ្សារ Brent របស់អង់គ្លេស ថយចុះប្រមាណ ៣,៨% មកនៅត្រឹមតម្លៃតែជាង ៥៤ដុល្លារ ក្នុងមួយបារ៉ែល ខណៈទីផ្សារអាមេរិក West Texas Intermediate ថមថយប្រមាណ ២,៨% មកនៅតម្លៃជាង ៥០ដុល្លារក្នុងមួយបារ៉ែល។
សូមជម្រាបថា ដោយសារតែក្តីកង្វល់ពី ការរាតត្បាតនូវ មេរោគកូរ៉ូណា បានធ្វើឲ្យ តម្រូវការប្រេងធ្លាក់ចុះ ខណៈការផលិតប្រេងឆៅទូទាំងសកល នឹងផ្គត់ផ្គង់លើសពីតម្រូវ ធ្វើឲ្យតម្លៃប្រេងចុះថោក តែយ៉ាងណាក៏ដោយ ប្រទេសផលិតប្រេងធំៗ បានកំណត់លើផលិតកម្មប្រេង របស់ពួកគេហើយ សម្រាប់ឆ្នាំថ្មីនេះ ដោយរំពឹងនឹងអាចស្រោចស្រង់តម្លៃប្រេងឡើងវិញ៕