តម្លៃប្រេងនៅអង់គ្លេសគិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ បានហក់ឡើង ជាង១ដុល្លារបន្ថែមទៀត ឬស្មើនឹង១,៣% ដែលបានធ្វើឲ្យប្រេងមួយធុងបារ៉ែលមានដល់ ៨០ដុល្លារអាមេរិក។ ដោយឡែក ទីផ្សារប្រេងឆៅនៅអាមេរិកវិញបានកើនឡើង ៩១សេន ឬស្មើនឹង១,២%ទៀត ដែលបាននាំឲ្យតម្លៃប្រេងកើនដល់ប្រមាណ៧៧ដុល្លារក្នុងមួយធុងបារ៉ែល។
តម្លៃប្រេងហក់ឡើងនេះ ក្រោយមានកិច្ចប្រជុំមួយរបស់អង្គការ OPEC+ ដែលបានយល់ព្រមរក្សាផែនការបង្កើនការផលិតប្រេងបន្ថែមក្នុងមួយថ្ងៃ ៤០ម៉ឺនបារ៉ែល នៅក្នុងខែកុម្ភៈខាងមុខនេះ។ សេតវិមានអាមេរិក បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ OPEC+នេះ ដើម្បីបន្ដការបង្កើនផលិតកម្មប្រេង ដែលនឹងជួយគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក។
អ្នកជំនាញបានព្យាករថា អង្គការ OPEC+ នឹងបន្ដបង្កើនការផលិតប្រេងថែមទៀតនៅប៉ុន្មានខែខាងមុខនេះ ហើយកំណើនតម្រូវការនឹងមានធម្មតាឡើងវិញ តម្លៃប្រេងក៏ថមថយចុះមកវិញដែរ។ តាមការព្យាករ តម្លៃប្រេងនៅចុងឆ្នាំ២០២២ សម្រាប់ទីផ្សារអង់គ្លេសអាចនឹងមាននៅត្រឹមតែ ៦០ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល៕