យោងតាមសេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Panasonic ដែលដកស្រង់ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters ឲ្យដឹងថា ក្រុមហ៊ុន Panasonic នឹងរៀបចំឡើងវិញនូវទីតាំងផលិតកម្មរបស់ខ្លួន នៅតំបន់អាស៊ីអាគ្នេយ៍ ហើយផ្ទេរផលិតកម្មម៉ាស៊ីនបោកគក់ និងទូទឹកកក ដែលនៅប្រទេសថៃ មកដាក់នៅវៀតណាមវិញ។
នៅប្រទេសថៃ ក្រុមហ៊ុន Panasonic នឹងបញ្ចប់ការងារបុគ្គលិកប្រហែល ៨០០នាក់ ដែលផែនការនេះ ត្រូវបានក្រុមហ៊ុននិយាយថា ជាផ្នែកមួយនៃការពង្រឹងប្រសិទ្ធភាពចំណាយ។
បើតាមគម្រោងផែនការ ក្រុមហ៊ុន Panasonic Appliances (Thailand) និងមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ នឹងបិទទ្វារនៅដំណាច់ខែមីនា ឆ្នាំ២០២១ ខាងមុខ។
ប៉ុន្តែ ទោះយ៉ាងណា នៅក្រោយការបិទទ្វារនេះ ក្រុមហ៊ុន Panasonic ក៏នឹងនៅមានបុគ្គលិកកម្មករជាង ១ម៉ឺន ៣ពាន់នាក់ទៀត នៅប្រទេសថៃ ដែលធ្វើការងារលើការផលិតគ្រឿងប្រើប្រាស់តូចៗ និងអាគុយ៕
(ប្រភព៖ VN Express)