លោក ហ្វូ កាដា ជាពាណិជ្ជករជប៉ុនរកស៊ីនៅកម្ពុជាទាក់ទងនឹងវិស័យកសិកម្ម និងហិរញ្ញវត្ថុ បានលើកឡើថា លោកទើបតែបានទិញ Franchise យីហោ Cash U Up ដើម្បីយកទៅបើកនៅខេត្តប៉ោយប៉ែត នាខែកក្កដា ខាងមុខនេះ។ លោកបានបញ្ជាក់ថា ហេតុផលដែលលោក សម្រេចបើកហាងបញ្ចាំនៅតាមខេត្តនេះ គឺលោកបានមើលឃើញថា អាជីវកម្មនេះ មានសក្ដានុពលខ្លាំងនៅតាមខេត្ត ខណៈនៅរាជធានីភ្នំពេញ មានហាងបញ្ចាំច្រើនគួរសមហើយ។
លោក ហ្វូ កាដា បានបញ្ជាក់ទៀតថា តាមបទពិសោធន៍ដែលលោកធ្លាប់បានធ្វើជាមួយ កសិករ គឺពួកគាត់តែងមានការលំបាកកង្វះសាច់ប្រាក់បន្ទាប់ដើម្បីដោះស្រាយ ពេលមានបញ្ហាម្ដងៗ ដូច្នេះ សេវាបញ្ចាំនឹងជួយសម្រាលការលំបាកដល់ពួកគាត់ បានទាន់ពេលវេលាជាងកម្ចីពីធនាគារ និងមីក្រូហិរញ្ញវត្ថុ។
លោក ឧកញ៉ា សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលជាក្រុមហ៊ុនមេរបស់ ហាងបញ្ចាំ Cash U Up បានបញ្ជាក់ឲ្យដឹងនៅក្នុងពិធីសម្ពោធសាខាហ្វ្រានឆាយហាងបញ្ចាំ Cash U Up លើកទី១ របស់ខ្លួននាពេលថ្មីៗនេះថា អាជីវកម្មហាងបញ្ចាំ ក៏ជាផ្នែកមួយនៃសេវាហិរញ្ញវត្ថុដែរ ហើយវាក៏បានជំរុញឲ្យមានចរន្ដសេដ្ឋកិច្ច តាមរយៈការផ្ដល់ជូននូវសាច់ប្រាក់លឿនរហ័ស សម្រាប់ពលរដ្ឋដែលមានតម្រូវការបន្ទាន់នានា។
បើតាមតំណាងរបស់ក្រុមហ៊ុន Cash U Up បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុននេះ មានហាងបញ្ចាំសរុបចំនួន ១៦ ហាងហើយ និងត្រៀមបើកសាខាថ្មីៗមួយទៀត នៅប៉ោយប៉ែត ដែលជាការលក់សិទ្ធិបន្ត ឬហៅថា Franhise ។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុននេះ មានគម្រោងនឹងបើក៤សាខាទៀត ជារបស់ក្រុមហ៊ុនផ្ទាល់ និងបន្តលក់សិទ្ធិបន្តឬ Franchise ចំនួន ៣ បន្ថែមទៀត សរុបទៅ នឹងឆ្នាំនេះ ហាងបញ្ចាំមួយនេះ នឹងកើដល់ ជិត៣០ សាខា៕