
លោកឧកញ៉ា ថៃ ម៉េងលី អគ្គនាយក ក្រុមហ៊ុន ប៉េង ហួត គ្រុប មានប្រសាសន៍បញ្ជាក់ថា ការបើកការដ្ឋានសាងសង់គម្រោងផ្សារទំនើបនេះ ដែលវិនិយោគទឹកប្រាក់ប្រមាណជាង ២០០លានដុល្លារ លើផ្ទៃដីជិត៦ហិកតា នឹងផ្តល់ជូនអតិថិជនជាតិនិងអន្តរជាតិនូវបទពិសោធន៍ដើរផ្សារទំនើប ដោយសារតែផ្សារទំនើបមួយនេះ មានលក្ខណៈពិសេសប្លែក ជាមួយនឹងការផ្ដល់ជូននូវបរិយាកាសស្រស់ស្រាយបែបធម្មជាតិពិតៗ។
លើសពីនេះទៅទៀត ការរចនាផ្សារទំនើបនេះក៏បានរួមបញ្ចូលនូវរចនាបថវប្បធម៌ ប្រវត្តិស្រាស្តខ្មែរ ជាមួយនឹងបែបផែនជីវិតទំនើបទាន់សម័យនិងពេញនិយមផងដែរ។
ផ្សារទំនើបនេះ មានផ្ទៃសំណង់សរុប ២៦,៨ម៉ឺនម៉ែត្រក្រឡា និងផ្ទៃជួលជិត ៩ម៉ឺនម៉ែត្រក្រឡា ព្រមទាំងចំណតរថយន្តដ៏ធំទូលាយអាចចតរថយន្តនិងម៉ូតូបានរហូតដល់ជាង ៥ពាន់គ្រឿង។
គម្រោងផ្សារទំនើប PH ECO Mall នេះ នឹងធ្វើឲ្យគម្រោង ហ្គ្រេនស្តារ ផ្លាទីនីម ក្លាយជាទីក្រុងមួយដែលកាន់តែទំនើបនិងសម្បូរបែបបន្ថែមទៅលើសាលារៀនអន្តរជាតិ ដែលបើកដំណើរការ តាំងពីពាក់កណ្តាលឆ្នាំ២០១៧ រួមទាំងក្លិបកីឡា សួនកម្សាន្តបែបអឺរ៉ុប៕
