នៅព្រឹកនេះគេសង្កេតឃើញពលរដ្ឋដែលចេញធ្វើបាតុកម្មច្រើននៅក្នុងទីក្រុង ម៉ាន់ដាឡេ និងភាគខាងត្បូងនៃក្រុង ដាវៃ។ យ៉ាងណាមិញ មិនមានការប៉ះទង្គិចគ្នាណាមួយបានកើតឡើងរវាងបាតុករនិងកងសន្តិសុខនោះទេ។
ប៉ុន្តែកាលពីថ្ងៃសុក្រម្សិលមិញ ក៏មានការប៉ះទង្គិចគ្នាតិចតួចដែរ រវាងបាតុករនឹងកងសន្តិសុខក្នុងរដ្ឋធានីយ៉ង់ហ្គោន។
ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសភូមា បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រដដែលថា ក្នុងករណីដែលសហគមន៍អន្តរជាតិ គ្មានការឆ្លើយតបរួមគ្នាណាមួយ ចំពោះរដ្ឋប្រហារនិងអំពើហឹង្សានៅភូមានោះទេ ស្ថានការណ៍នឹងកាន់តែអាក្រក់ទៅៗ។
លោកស្រី គ្រីសស្ទៀន បឺជេនណឺ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសភូមាធ្លាប់បានគូសបញ្ជាក់ ក្រោយកិច្ចប្រជុំកំពូលអាស៊ានដោះស្រាយវិបត្តិនៅភូមាកាលពីពេលកន្លងទៅថា លោកស្រីសង្ឃឹមថានឹងអាចធ្វើដំណើរទៅទស្សនកិច្ចនៅភូមាបានក្នុងពេលឆាប់ៗនេះ ប៉ុន្តែក្រុមយោធាមិនទាន់បើលភ្លើងបៃតងនៅឡើយ។
គួររំឭកថា មានពលរដ្ឋភូមាជាច្រើនបានសម្តែងការមិនពេញចិត្ត តាមរយៈបណ្តាញសង្គម ជុំវិញលទ្ធផលដែលទទួលបានក្រោយកិច្ចប្រជុំអាស៊ាននេះ ដោយពួកគេហាក់មិនមានជំនឿថា ចំណុចទាំង៥ ដែលអាស៊ានបានសម្រេចជាឯកច្ឆន្ទ ក្រោយកិច្ចប្រជុំនោះ អាចដោះស្រាយវិបត្តិភូមាបាននោះទេ។
លើសពីនេះ ពួកគេយល់ថា ដំណោះស្រាយរបស់អាស៊ានមិនបានឆ្លើយតបនឹងអ្វីដែលពួកគេចង់បាន ពិសេសគឺការដោះលែងអ្នកទោសនយោបាយទាំងអស់ ដែលប្រការនេះមិនបានចែងក្នុងលទ្ធផលនៃកិច្ចប្រជុំអាស៊ាននោះទេ៕