ជុំវិញបញ្ហានេះ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូនអះអាងថា ការខ្សត់រថយន្តដឹកជញ្ជូនទំនិញបើកបរលើផ្លូវនេះគឺដោយសារកត្តាតម្លៃសេវា គួបផ្សំក្រុមហ៊ុនមានការព្រួយបារម្ភលើតម្លៃសេវាកម្មពេលរថយន្តរបស់ពួកគេខូចនៅលើផ្លូវនេះ។ ទន្ទឹមនឹងនេះ អ្នកជំនាញស្នើរាជរដ្ឋាភិបាលជួយអន្តរាគមន៍ឲ្យមានការបញ្ចុះតម្លៃសម្រាប់ប្រើប្រាស់ផ្លូវល្បឿនលឿនេះបន្ថែមទៀត ដើម្បីសម្រួលឲ្យមានការប្រើប្រាស់ផ្លូវនេះបានកាន់តែច្រើន។
បើទោះបីមានការបញ្ចុះតម្លៃ២០%សម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនៅមួយឆ្នាំដំបូងក៏ដោយ តែក្រុមហ៊ុនដឹកជញ្ជូនទំនិញនៅកម្ពុជាហាក់ពុំសូវប្រើប្រាស់ផ្លូវល្បឿនលឿននេះក្នុងការដឹកជញ្ជូនទំនិញចេញចូលភ្នំពេញ-ក្រុងព្រះសីហនុនោះទេ។ នេះជាការកត់សម្គាល់ឃើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រោយផ្លូវនេះត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការជិតពីរខែកន្លងមកនេះ។ ការខ្សត់រថយន្តដឹកជញ្ជូនទំនិញប្រើប្រាស់លើផ្លូវនេះ គឺបន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ផ្លូវល្បឿនលឿននេះចាប់ផ្តើមយកតម្លៃសេវាកាលពីដើមខែវិច្ឆិកា កន្លងទៅ។
ទន្ទឹមនឹងនេះសម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូននៅកម្ពុជាងាកមកប្រើប្រាស់ផ្លូវល្បឿនលឿននេះឲ្យបានច្រើន ដ្បិតសម្តេចយល់ថា ការប្រើប្រាស់ផ្លូវល្បឿនលឿននេះ អាចចំណេញទាំងពេលវេលា និងថវិកា ជាពិសេសបានរួមចំណែកជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ទៀតផង។ បន្ថែមលើនេះសម្តេចតេជោ ហ៊ុន សែន ក៏បានប្រាប់ទៅកាន់ក្រុមហ៊ុនដឹកជញ្ជូន កុំដឹកទំនិញលើសទម្ងន់កំណត់ និងចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។
ពាក់ព័ន្ធបញ្ហានេះលោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជាបានលើកឡើងថា កត្តាចម្បងដែលធ្វើឲ្យការប្រើប្រាស់ផ្លូវល្បឿនលឿនពីសំណាក់ក្រុមហ៊ុនដឹកជញ្ជូននៅមានតិចតួច គឺដោយសារតម្លៃសេវាប្រើប្រាស់ផ្លូវនេះមានតម្លៃខ្ពស់ គួបផ្សំក្រុមហ៊ុនមានការបារម្ភលើតម្លៃនៃសេវាសន្តោង ឬជួសជុលរបស់ក្រុមហ៊ុនពេលរថយន្តរបស់ពួកគេខូចនៅលើផ្លូវនេះ ដ្បិតរថយន្តដឹកទំនិញនៅកម្ពុជាភាគច្រើនជាប្រភេទរថយន្តមួយទឹក និងមានសភាពចាស់ៗ។
ទន្ទឹមនឹងនេះលោក ជា ចាន់ដារ៉ា ស្នើឲ្យរាជរដ្ឋាភិបាលជួបជជែកជាមួយក្រុមហ៊ុនឲ្យពិនិត្យលើតម្លៃសេវាសម្រាប់ការប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុឡើងវិញ ប្រសិនបើចង់ឲ្យក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនងាកទៅប្រើប្រាស់ផ្លូវនេះកាន់តែច្រើនបន្ថែមទៀត។ លោកជឿជាក់ថា ប្រសិនបើពុំមានការបញ្ចុះតម្លៃសេវាបន្ថែមទេនោះ ក្រុមហ៊ុនដឹកជញ្ជូននឹងរារែកចិត្តក្នុងការប្រើប្រាស់ផ្លូវនេះ។
គួរបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុដែលមានចម្ងាយជាង១៨០គីឡូម៉ែត្រ ត្រូវបានបើកឲ្យអ្នកដំណើរធ្វើដំណើរសាកល្បងដោយឥតគិតថ្លៃពេញមួយខែកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ដោយកាលណោះមានរថយន្តលក្ខណៈគ្រួសារ និងដឹកជញ្ជូនទំនិញជាច្រើនបានធ្វើដំណើរលើផ្លូវនេះ។ ប៉ុន្តែក្រោយផ្លូវនេះសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ និងចាប់ផ្តើមយកតម្លៃសេវាយើងសង្កេតឃើញថា ពុំសូវមានរថយន្តដឹកទំនិញប្រើប្រាស់ផ្លូវនេះនោះទេ បើទោះបីមានការបញ្ចុះតម្លៃ២០%នៅឆ្នាំដំបូងក៏ដោយ។ ប៉ុន្ដែ សម្រាប់រថយន្ដលក្ខណៈគ្រួសារគឺនៅមានធ្វើដំណើរលើផ្លូវនេះជាហូរហែ។ សម្រាប់រថយន្តដឹកជញ្ជូនទំនិញធុនធំ ត្រូវបង់តម្លៃសេវាជាង១០០ដុល្លារ ក្រោយការបញ្ចុះតម្លៃរួច សម្រាប់ការធ្វើដំណើរលើផ្លូវនេះទៅ-មក៕