សម្តេច ហ៊ុន សែន បានមានប្រសាសន៍ថា« ប្រសិនបើមានអ្នកជំងឺនេះ(វីរុសកូរ៉ូណា)នៅលើនាវា ខ្ញុំនឹងអោយចូលយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន មូលហេតុនៅត្រង់ថា ប្រសិនបើមានអ្នកជំងឺនៅលើនាវានេះ តើយើងទុកឲ្យអ្នកជំងឺទាំងនោះស្លាប់នៅលើនាវានេះ បន្ទាប់ទៅសាកសព តើត្រូវទម្លាក់ចោលក្នុងទឹកសមុទ្រ ឬក៏ត្រូវទុក នៅលើនាវា ? នេះជាបញ្ហាដែលត្រូវឃើញអំពីការទទួលខុសត្រូវរបស់ពិភពលោក ក៏ដូចជាការទទួលត្រូវរបស់យើង ក្នុងឋានៈជាសមាជិកនៃសហគមន៍អន្តរជាតិ ដែលមានការទទួលខុសត្រូវ»។
សម្តេចបន្តថា« ខ្ញុំមកទីនេះ ទោះបីក្នុងរយៈពេលខ្លី តែខ្ញុំក៏នឹងបញ្ជូនសារនេះទៅប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជាទៅកាន់សហគនម៍អន្តរជាតិផងដែរថា ពេលនេះមិនមែនជាពេលភ័យខ្លាច និងមិនមែនជាពេលដែលត្រូវធ្វើការរើសអើងនោះទេ តែជាពេលយើងត្រូវរួបរួមសាមគ្គីគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា ដែលបាននឹងកំពុងយាយី មិនគ្រាន់តែប្រទេសមួយទេ ប្រទេសជាច្រើនបានជួបប្រទះរឿងរ៉ាវនេះទៅហើយ»។យ៉ាងណាមិញសម្តេចក៏បានស្នើដល់អាជីករ និងម្ចាស់ភោជនីយដ្ឋាននានា កុំអោយមានការរើសអើងដល់ភ្ញៀវទេសចរណ៍ទាំងនេះ ដោយសម្តេចបញ្ជាក់ថា« បើសិនជាឆ្លងមែន ខ្ញុំអ្នកឆ្លងមុនគេ»។
រហូតមកទល់ពេលនេះ នាវាទេសចរណ៍ Westerdam នៅតែបន្តសំចតនៅកំពង់ផែក្រុងព្រះសីហនុនៅឡើយ ដោយមានអ្នកដំណើរនៅនាវាប្រមាណ២០០០នាក់ មាន៤១សញ្ជាតិ រួមមានទាំងកម្ពុជាផងដែរ។ ហើយមិនទាន់អាចបញ្ជាក់ពីពេលវេលាច្បាស់លាស់នៃការចាកចេញរបស់នាវានេះនៅឡើយនោះ ខណៈដែលសម្តេចអះអាងថា មិនមានគិតសេវាអ្វីទាំងអស់ពីនាវានេះ និងស្វាគមន៍ក្នុងការដើរកំសាន្តក្នុងខេត្តព្រះសីហនុ និងសៀមរាបផងដែរ៕