លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលមានប្រសាសន៍ថា៖ « ក្រសួងសុខាភិបាល បានអំពាវនាវ ហើយអំពាវនាវទៀត វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការចូលរួមអនុវត្តពីបុគ្គលគ្រប់រូបនៅពេលនេះ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ និងការចាក់វ៉ាក់សាំងកូវីដ-១៩ ជាពិសេសដូសទី៣ ឫដូសជំរុញនេះ ជាវិធានការល្អអាចជួយបុគ្គលគ្រប់រូបពីការវ៉ៃលុកនៃអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិតលោកអ្នកបាន»។
លោកជំទាវ ឱ វណ្ណឌីន បានធ្វើការអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ពីពេលនេះតទៅ ដោយត្រូវបន្តអនុវត្តដូចជា៖
១. នាំមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នា គ្រប់ដូសមូលដ្ឋាន និងដូសជំរុញឥឡូវនេះកុំបីអាក់ខានឱ្យសោះឡើយ។
២. យកចិត្តទុកដាក់ បន្តអនុវត្តន៍វិធានការ ៣ការពារ (ពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ លាងសម្អាតដៃញឹកញាប់ រក្សាគម្លាតសុវត្ថិភាពពីមួយម៉ែតកន្លះឡើង) និង ៣កុំ ដូចជា កុំបង្កឱ្យមានការជួបជុំគ្នាក្នុងចំនួនកើនឡើងច្រើនពេក ដែលជាហានិភ័យខ្ពស់ណាស់ក្នុងដំណាក់កាលរាតត្បាតអូមីក្រុងនេះ ហើយកុំអង្គុយជិតៗគ្នាពេកចាំបាច់ត្រូវអនុវត្តគម្លាតសុវត្ថិភាពបុគ្គលតាមការណែនាំរបស់ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។ កុំទៅកន្លែងមនុស្សច្រើនកុះករ កន្លែងបិទជិតៗ និង កុំជួបជុំគ្នាច្រើនជាដើម។
៣. បើមានការសង្ស័យ សុំធ្វើតេស្តរហ័សដោយខ្លួនឯង បើវិជ្ជមានកូវីដ-១៩ សុំនៅដាច់ដោយឡែក អនុវត្តន៍ការព្យាបាលនិងថែទាំនៅតាមផ្ទះឱ្យបានហ្មត់ចត់ ចៀសវាងចម្លងបន្តទៅសមាជិកគ្រួសារនៅក្នុងផ្ទះរបស់ខ្លួន ដោយអនុវត្តន៍តាមគោលការណ៍ណែនាំប្រត្តិបត្តិសម្រាប់ការព្យាបាលនិងថែទាំតាមផ្ទះ ដែលក្រសួងសុខាភិបាលបានចេញផ្សាយរួចហើយ ឱ្យបានត្រឹមត្រូវ។
៤. ចូលរួមផ្សព្វផ្សាយនូវវិធានការការពារខាងលើដល់ក្រុមគ្រួសារ និងសហគមន៍របស់យើងដើម្បីរួមគ្នាទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ អូមីក្រុងនេះកុំឱ្យរាតត្បាតធំធេងឱ្យសោះពីពេលនេះតទៅ៕
អត្ថបទ សោម ស្រីពេជ្រ