ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងកាលពីថ្ងៃពុធទី១២មករានេះថា ខ្លួនបានធ្វើការផ្លាស់ប្តូរតំណែងនៃមេបញ្ជាការកំពូលម្តងទៀត ដោយប្តូរមេទ័ពលោក ស័រហ្គាយ សូរ៉ូវីគីន (Sergey Surovikin) ចេញ ជំនួសវិញដោយលោក វ៉ាឡឺរី ហ្គ័រ៉ាស៊ីម៉ូវ (Valery Gerasimov)។
ក្រុមអ្នកតាមដានព្រឹត្តឹការណ៍របស់រុស្ស៊ីរួមជាមួយនិងលោកខាងលិច បានអះអាងថា ការផ្លាស់ប្តូរនេះ គឺជាសញ្ញាមួយបង្ហាញថា លោកពូទីន កាន់តែខឹងសម្បារ និងលែងមានភាពអត់ធ្មត់តទៅទៀត ដើម្បីតស៊ូទប់ទល់នឹងកងកម្លាំងអ៊ុយក្រែន។ លើសពីនេះ វាក៏សបញ្ជាក់យ៉ាងច្បាស់អំពីកំហុសឆ្គងក្នុងជួរនៃមេបញ្ជាការរបស់ទីក្រុងម៉ូស្គូផងដែរ ដែលកន្លងមកមេទ័ពរបស់រុស្ស៊ី តែងមើលស្រាលសត្រូវនិងមើលស្រាលស្ថានភាព។
គួរជម្រាបថា លោក វ៉ាឡឺរី ហ្គ័រ៉ាស៊ីម៉ូវ (Valery Gerasimov) គឺជាប្រធានអគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធ និងអនុរដ្ឋមន្ត្រីក្រសួងការពារជាតិទី១របស់រុស្សី។ លោកត្រូវបានលោកពូទីនតែងតាំងជាមេបញ្ជាការកងទ័ពកំពូល នៃយោធារុស្ស៊ីប្រចាំសមរភូមិអ៊ុយក្រែន ដោយដកលោក ស័រហ្គាយ សូរ៉ូវីគីន (Sergey Surovikin) ជាឧត្តមសេនីយ៍យោធានៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ីសម្រាប់សមរភូមិអ៊ុយក្រែន ដែលរូបលោកទើបកាន់តំណែងបានជាងបីខែប៉ុណ្ណោះ។
ក្នុងរយៈពេលបីខែនោះ លោក វីគីន ត្រូវបានគេមើលឃើញថា បានប្រើយុទ្ធវិធីយោធាដ៏ពិសពុល និងព្រៃផ្សៃក្នុងការវាយប្រហារអ៊ុយក្រែន ដូចជាការប្រើមីស៊ីលដោយបាញ់ស្រោចលើទីក្រុងធំៗ និងការប្រើដ្រូនបាញ់កម្ទេចហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រជាជនស្លូតត្រង់របស់អ៊ុយក្រែនជាដើម។
តើការតែងតាំងមេបញ្ជាការថ្មីកំពុងឱ្យសញ្ញាថា នឹងមានការវាយប្រហារលើអ៊ុយក្រែនកាន់តែខ្លាំងឬ?
អ្នកវិភាគផ្នែកការពារជាតិដែលមានមូលដ្ឋាននៅទីក្រុងមូស្គូបាននិយាយប្រាប់សារព័ត៌មានបារាំង AFP ក្នុងលក្ខខណ្ឌអនាមិកថា ការដែលលោកពូទីនតែងតាំងមេទ័ពរហូតនេះបង្ហាញថា អ្វីៗកន្លងមកគឺមិនបានសម្រេចដូចផែនការនោះទេ។ ទន្ទឹមគ្នានេះ អ្នកជំនាញយោធាដែលត្រូវបានចោទសួរដោយ AFP បាននិយាយថា ចំណាត់ការក្នុងការុះរើមេបញ្ជាការថ្មីរបស់វិមានក្រឹមឡាំងបានឱ្យសញ្ជាក់ឱ្យដឹងមុនថា នឹងមានសកម្មភាពវាយលុកជាថ្មីកាន់តែខ្លាំង ក៏ដូចជាការចល័តទ័ពបន្ថែមទៀត។
បើតាមលោក អាឡិចសាន់ដ័រ ក្រាមឈីឃីន(Alexander Khramchikhin) អ្នកវិភាគយុទ្ធសាស្ត្រយោធារុស្ស៊ីបានប្រាប់ AFP ថា៖ វាច្បាស់ណាស់ថា នឹងមានការពង្រីកទំហំនៃការប្រយុទ្ធលើសមរភូមិនៅអ៊ុយក្រែន។ លោក អាឡិចសាន់ដ័រ បានសង្កត់ធ្ងន់ថា គោលដៅរបស់រុស្ស៊ីគឺដើម្បីគ្រប់គ្រង់ដោយពេញលេញនៃតំបន់អ៊ុយក្រែនទាំងបួន ដែលបានកាត់បញ្ចូលដោយទីក្រុងម៉ូស្គូកាលពីថ្ងៃទី៣០ខែកញ្ញានោះគឺតំបន់ លូកហាន់, ដូណេក ឃឺសិន និងតំបន់ ហ្សាប៉ូរាហ្សៀ(Zaporizhzhia)៕