ឧកញ៉ា គួច ម៉េងលី អះអាងបែបនេះ ដោយសារលោកសង្កេតឃើញថា យុវជនសម័យនេះមួយចំនួន ចូលចិត្តនិយមអានតែសៀភៅនិយាយអំពីភាពជោគជ័យ បើមានសៀវភៅក្នុងផ្ទះ ១០ ក្បាល គឺ៩ក្បាលទៅហើយ ដែលជាសៀវភៅនិយាយពីជោគជ័យ។
លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «មានយុវជនខ្លះវៀនមិនទាន់ចប់បាក់ឌុបផង ពួកគាត់ចង់ជោគជ័យ រវក់ស្ដាប់តែអ្នកជោគជ័យ សង្វាតអានតែសៀវភៅនិយាយអំពីជោគជ័យ អានយូរៗទៅក៏សម្រេចចិត្តឈប់រៀនទៅបើកអាជីវកម្មខ្លួនឯង។ ដល់ពេលទៅបើក ទាំងខ្លួនប្រហោងធ្លុងដូចស្គរ ពួកគាត់ក៏បរាជ័យ ក្ស័យធន។»
អ្នកជំនួញក្នុងវិស័យអប់រំរូបនេះ បានបញ្ជាក់ទៀតថា «បើជាកូនអ្នកមាន គេក្ស័យទុនត្រឹម១០-២០ម៉ឺនដុល្លារ ម៉ែឪគេផ្ដល់លុយឱ្យថែមទៀត គេលើកទឹកចិត្តកូនគេទៀត ហើយគេចាត់ទុកជាពិសោធន៍ជីវិត។ ចុះយើងជាកូនអ្នកក្រ ទម្រាំសន្សំលុយបាន៤-៥ពាន់ដុល្លារ ទៅប្រវាស់ពីបងប្អូនផង មិត្តភក្តិផង ចុះបើក្ស័យទុន តើមានលុយឯណាសងគេវិញ? តើមាននរណាគេចាំលើកទឹកចិត្តនិងផ្ដល់កម្លាំងចិត្ត?»
ឧកញ៉ា គួច ម៉េងលី បានផ្ដល់ជាគំនិតថា បើចង់បើកអាជីវកម្មខ្លួនឯង ត្រូវតែរៀនឲ្យបានជ្រៅជ្រះ ធ្វើការងារឲ្យគេយកបទពិសោធន៍ ៤ ទៅ៥ឆ្នាំសិន ហើយអានសៀវភៅឲ្យបានច្រើន ទើបវាមានឱកាសជោគជ័យខ្ពស់។ ការអានសៀវភៅទៀតសោត ត្រូវអានឲ្យបានគ្រប់រសជាតិ ពិសេសគឺអានអ្វីដែលពាក់ព័ន្ធនឹងជំនាញ ឬអាជីពរបស់ខ្លួន ហើយអានឲ្យយល់ន័យសេចក្ដី កុំអានតែចំណងជើងនៃសៀវភៅនោះ។
បើតាមឧកញ៉ា គួច ម៉េងលី ការអានសៀវភៅអំពីជោគជ័យច្រើនហួសហេតុពេក នឹងធ្វើឲ្យយុវជន ងងឹតងងុល ធ្វើឲ្យមានការពុះកញ្ជ្រោលឥតបានការ ហើយក្លាយជាមនុស្សគម្រិះ អាត្មានិយម ឈ្នះចាញ់ និងលុយ៕