ទីផ្សារទុរេន

តើការរឹតបន្តឹងការនាំចូលទុរេនវៀណាមរបស់ចិន អាចជាឱកាសម្រាប់កម្ពុជា ក្នុងការជំរុញការនាំចេញទុរេនទៅទីផ្សារចិនដែរ ឬទេ?


កាលពីពេលថ្មីៗនេះ ប្រទេសចិន ដែលជាទីផ្សារស្រូបទាញទុរេនដ៏ធំរបស់វៀតណាម បានរឹតបន្តឹងការនាំចូលទុរេនពីវៀតណាម ដោយបានធ្វើតេស្តរកធាតុគីមីម្យ៉ាង ដែលអាចបង្កជាជំងឺមហារីក ក្រោយចិនបានរកឃើញសារធាតុគីមីនេះលើផ្លែទុរេនរបស់ថៃ កាលពីចុងឆ្នាំមុន។ តើតាមរយៈការរឹតបន្តឹងការនាំចូលទុរេនវៀតណាម ពីទីផ្សារចិននេះ អាចជាឱកាសសម្រាប់កម្ពុជា ក្នុងការជំរុញការនាំចេញទុរេនទៅកាន់ទីផ្សារចិន ឬយ៉ាងណា? ហើយថា តើកម្ពុជាត្រូវត្រៀមលក្ខណៈ និងពង្រឹងលើបញ្ហាអ្វីខ្លះ ដើម្បីចាប់យកឱកាសមួយនេះ?
ទីផ្សារទុរេន
ដោយ

លោក ឃឹម ប៊ុនឡែន កសិករដាំទុរេននៅខេត្តកំពត និងជាប្រធានក្រុមហ៊ុន Farmer Forward Cambodia ដែលជាក្រុមហ៊ុននាំចេញទុរេនកម្ពុជាទៅប្រទេសថៃ យល់ឃើញថា ការរឹតបន្តឹងការនាំចូលទុរេនវៀតណាម ពីសំណាក់ទីផ្សារចិន ក្រោមហេតុផលត្រួតពិនិត្យរកសារធាតុគីមីនេះ វាអាចជាឱកាសផង និងបញ្ហាប្រឈមផង សម្រាប់ទីផ្សារនាំចេញទុរេនកម្ពុជា។ ជាឱកាស ក៏ដោយសារទុរេនកម្ពុជា មិនទាន់ខូចកេរិ៍្តឈ្មោះលើបញ្ហាគុណភាព ដោយសារមានលក្ខណៈធម្មជាតិច្រើនជាងទុរេនប្រទេសជិតខាង ដែលវាអាចជាជម្រើសថ្មីសម្រាប់ទីផ្សារចិន ក្នុងការនាំចូលទុរេនពីកម្ពុជា។ ចំណែកបញ្ហាប្រឈម ក៏ដោយសារទុរេនកម្ពុជា បច្ចប្បន្ននាំចេញទៅទីផ្សារចិន តាមរយៈទីផ្សារប្រទេសជិតខាង ដូច្នេះនៅពេលដែលទីផ្សារប្រទេសជិតខាងមានបញ្ហា វាក៏ជះឥទ្ធិពលដល់ទីផ្សារទុរេនកម្ពុជាដែរ។ ដូច្នេះហើយ លោកស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយពន្លឿនលើការនាំចេញទុរេនកម្ពុជា ទៅកាន់ទីផ្សារចិន ដោយផ្ទាល់ឱ្យបានឆាប់រហ័ស។

​​ជាមួយគ្នានេះ ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនដ៏ធំមួយនៅខេត្តកំពត បានគូសបញ្ជាក់ថា តាមរយៈបញ្ហាទុរេនរបស់វៀតណាមនេះ វាអាចជាឱកាសសម្រាប់អ្នកដាំទុរេន ដែលផលិតស្របតាមស្តង់ដាសុវត្ថិភាពក្នុងការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសប្រទេសចិន។ ទោះជាយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា កម្ពុជា គួរប្រើប្រាស់ឱកាសនេះឱ្យបានល្អ និងបានសំណូមពរដល់អ្នកដាំទុរេននៅកម្ពុជា ទាំងអស់ ត្រូវគិតគូរលើបញ្ហាប្រើប្រាស់សារធាតុគីមីឱ្យបានដិតដល់ ដ្បិតថា ប្រសិនបើមានបញ្ហាណាមួយកើតឡើង វានឹងធ្វើឱ្យប៉ះពាល់ដល់កេរិ៍្តឈ្មោះទុរេនកម្ពុជា ទាំងមូលតែម្តង។

​ដោយឡែក លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យល់ឃើញថា តាមរយៈការរឹតបន្តឹងការនាំចូលទុរេនពីប្រទេសវៀតណាម ពីសំណាក់ទីផ្សារចិន ដោយសារបញ្ហាសារធាតុគីមីនេះ វាជាសារក្រើនរំលឹក និងជាពិសោធន៍មួយសម្រាប់កម្ពុជា ក្នុងការត្រៀមខ្លួននាំចេញទុរេនទៅកាន់ទីផ្សារចិន។ បើតាមអ្នកនាំពាក្យរូបនេះ ការចរចាបើកផ្លូវនាំចេញទុរេនកម្ពុជា ទៅប្រទេសចិន មកទល់ពេលនេះ មិនមានបញ្ហារាំងស្ទះអ្វីនោះទេ ពោលគឺកំពុងកំពុងរង់ចាំអជ្ញាធរគយចិន ចុះមកត្រួតពិនិត្យលើគុណភាពទុរេន ដើម្បីឈានទៅរកការនាំចេញនាពេលខាងមុខ។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ កម្ពុជា មិនមានការព្រួយបារម្ភលើបញ្ហាគុណភាពទុរេនសម្រាប់នាំចេញទៅកាន់ទីផ្សារចិន នោះទេ ប៉ុន្តែអ្វីដែលជាក្តីបារម្ភនោះ គឺកម្ពុជា មិនមានបរិមាណទុរេនគ្រប់គ្រាន់តាមតម្រូវការ សម្រាប់នាំចេញទៅកាន់ទីផ្សារដ៏ធំមួយនេះ៕




អត្ថបទបន្ទាប់


តើតម្លៃថាមពលអាចនឹងហក់ឡើងទេ ក្រោយចិន ប្រកាសចាត់វិធានការតបជាមួយអាម៉េរិក ដោយផ្តោតសំខាន់លើថាមពល?

ចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទីពីរនៅលើពិភពលោកនឹងចាត់វិធានការតបតចំពោះវិធានការដំឡើងពន្ធ១០% លើទំនិញចិនរបស់លោក ដូណាល់ ត្រាំ ដែល…

ហេតុអ្វីទីភ្នាក់ងារផ្ដល់សេវាបញ្ញើប្រៃសណីយ៍របស់សហរដ្ឋអាម៉េរិក ប្រកាសផ្អាកទទួលយកកញ្ចប់អីវ៉ាន់ផ្ញើចូលពីប្រទេសចិន និងហុងកុងភ្លាមៗ?

ទីភ្នាក់ងារផ្ដល់សេវាបញ្ញើប្រៃសណីយ៍របស់សហរដ្ឋអាម៉េរិក (USPS) បានប្រកាសផ្អាកទទួលយកកញ្ចប់អីវ៉ាន់ផ្ញើចូលពីប្រទេសចិន និងហុងកុង ជាបណ្ដោះអាសន្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ