ការនាំចេញអង្ករ

កម្ពុជានាំចេញអង្ករទៅចិន ហក់ឡើង ៤៤% ខណៈ​នាំទៅអឺរ៉ុប ដាំក្បាលចុះជិត ៣០% នៅ៩ខែឆ្នាំ ២០១៩


ក្នុងរយៈពេល ៩ខែ នៅឆ្នាំ២០១៩នេះ កម្ពុជាសម្រេចបានការនាំចេញអង្ករប្រមាណ ៤០ម៉ឺនតោន កើនឡើងប្រមាណជាង ២% បើធៀបនឹងបិរមាណនាំចេញអង្ករកាលពី៩ខែឆ្នាំ២០១៨។ ក្នុងនោះ ការនាំចេញអង្ករទៅចិន បានហក់កើនឡើងជាង ៤៤% ប៉ុន្ដែ ការនាំចេញទៅអឺរ៉ុបបានធ្លាក់ចុះយ៉ាងគំហុករហូតដល់ ជិត ៣០%។ នេះបើតាមរបាយការណ៍នាំចេញអង្ករដែលបានផ្សព្វផ្សាយដោយសហព័ន្ធស្រូវអង្ករកម្ពុជា ។
ឃ្លាំងស្ដុកអង្ករ​នៅកម្ពុជា (http://www.amrurice.com.kh)
ដោយ

សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បាន​អះអាងដែរថា ទោះបី និន្នាការទីផ្សារ​នៅសហគមន៏​អឺរ៉ុប នារយៈពេល ៩ខែ​ឆ្នាំនេះ បាន​ធ្លាក់​ចុះប្រមាណ ជាជិត ៣០% ដោយការ អនុវត្តន៏វិធាន​យកពន្ធពីសំណាក់​សហគមអឺរ៉ុបក៏ដោយ តែទីផ្សារ​ប្រទេសចិន បានហក់ឡើង ដោយមាន​កំណើនជាង ៤៤%។ ទន្ទឹមនឹងកំណើន​ទីផ្សារប្រទេស​ចិន ទីផ្សាររបស់​ប្រទេស​អាស៊ាន ដូចជា ម៉ាឡេស៊ី ប៊្រុយណេ ក៏មានកំនើណ​​ជាង ២៧%ផងដែរ ខណៈដែល ទីផ្សារប្រទេសផ្សេងៗ​មួយចំនួនទៀត​ក៏មានកំណើន​ប្រមាណជា ជាង១៦%។ ក្នុងនោះ ប្រភេទអង្ករក្រអូប​ជាង ជាង ៨០% បាននាំចេញដូចជា ពូជផ្ការំដួល ផ្កាម៉ាលីស និង សែនក្រអូបជាដើម។

ជុំវិញ​នឹង​ការនាំចេញអង្ករ​នេះដែរ លោក កាន់ គន្ធី អគ្គនាយករង​ក្រុមហ៊ុន​នាំចេញអង្ករ Amru Rice បាន​លើកឡើងថា សម្រាប់​ការនាំចេញអង្ករ​នៅ​ខែកញ្ញា​ចុងក្រោយនេះ បាន​បង្ហាញពី​ការ​កើនឡើងវិញ ខណៈកាលពីខែ​កក្កដា និង​សីហា​ការនាំចេញ​ហាក់មានការថមថយ ដោយសារតែ​មាន​បញ្ហា​គ្រោះរាំងស្ងួត។

លោក កាន់ គន្ធី បាន​គូសបញ្ជាក់ដែរថា នៅសល់​ពេល​៣ខែទៀតនៃឆ្នាំនេះ ការនាំចេញអង្ករ​អាច​នឹង​សម្រេចបាន ប្រមាណ ២០ ទៅ២៥​ម៉ឺនតោនទៀត ដែល​លោក​រំពឹងថា ការនាំចេញ​អង្ករ​កម្ពុជា​នៅពេញ១ឆ្នាំ២០១៩នេះ អាចមាន​ប្រមាណ ៦០ទៅ ៦៥ម៉ឺនតោន ដែលវាអាចប្រហាក់​ប្រហែល ឬមានកំណើន​តិចតួច​បើធៀបនឹងឆ្នាំ២០១៨។ 

ទោះយ៉ាងណា អ្នកជំនាញ​វិស័យ​ស្រូវអង្ករ​រូបនេះ បាន​លើកឡើងទៀតថា សម្រាប់​ឆ្នាំនេះ ដ្បិតតែ​បរិមាណ នាំចេញអង្ករ​របស់​កម្ពុជា មិនសូវជា​មាន​កំណើន​ខ្ពស់​ក៏ពិតមែន ប៉ុន្ដែ បើមើល​ទៅលើ​តម្លៃវិញ ឃើញថា​ហាក់​មាន​កំណើន​ល្អ ដោយសារតែ​កម្ពុជា​បាននាំចេញអង្ករ​ក្រអូប​ច្រើន ខណៈដែល​តម្លៃ​ទីផ្សារ​អង្ករ​ឆ្នាំនេះ ហាក់​មាន​ភាព​ល្អប្រសើរ​ផងដែរ បើធៀបនឹង​ឆ្នាំមុន។

លោក កាន់ គន្ធី អគ្គនាយករង​ក្រុមហ៊ុន​នាំចេញអង្ករ Amru Rice

របាយការណ៍ក្រសួង​កសិកម្ម​បង្ហាញថា នៅរយៈពេល ៩ខែ ឆ្នាំនេះ ក្នុងចំណោម​អង្ករ​នាំចេញ​៤០ម៉ឺនតោន ប្រទេសចិន​បាន​នាំចូលអង្ករ​ពីកម្ពុជា ជិត​១៦ម៉ឺនតោន ស្មើនឹង​ជិត​៤០% នៃ​បិរមាណ​នាំចេញអង្ករ​សរុប​ ខណៈដែលនាំទៅអឺរ៉ុប មាន​ជាង​១៣ម៉ឺន ៦ពាន់តោន ស្មើនឹង​ជិត​៣៤% នៃ បិរមាណ​អង្ករនាំចេញសរុប និងនាំទៅប្រទេស​អាស៊ាន មាន​ប្រមាណ​៥ម៉ឺន ៣ពាន់តោន ដែលមាន​ជាង​១៣% នៃបរិមាណ​អង្ករ​នាំចេញសរុប។ 

របាយការណ៍ ក៏បាន​គូសបញ្ជាក់ដែរថា ការនាំចេញអង្ករ​ក្រៅ​ផ្លូវការរបស់កម្ពុជា មាន​ប្រមាណ​ជាង​១លាន ៦សែនតោន នៅ៩ខែឆ្នាំនេះ។

គួរបញ្ជាក់ដែរថា របាយការណ៍ របស់​ធនាគារ​អភិវឌ្ឍន៍អាស៊ី ថ្មីចុងក្រោយមួយ ដែលបាន​ចេញផ្សាយ​នាពេល​ថ្មីៗនេះ បាន​កត់សម្គាល់ឃើញថា បើទោះបីជា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅឆ្នាំនេះ ត្រូវបាន​ព្យាករ​ថា នៅតែរក្សាបាន​ភាពរឹងមាំ ក្នុងកម្រិត​៧% ក៏ដោយ ប៉ុន្ដែ ផលិតកម្ម​​កសិកម្ម​ហាក់នៅមានកំណើន​យឺតជាង​ការរពឹងទុក​នៅឡើយ។

របាយការណ៍ដដែលនេះ បាន​កត់សម្គាល់ទៀតថា គ្រោះរាំងស្ងួត ដែលបាន​កើតឡើង​នៅអំឡុង​ពាក់កណ្ដាល​ឆ្នាំដំបូងនេះ បាន​ធ្វើ​ឲ្យ​ផលិតកម្ម​កសិផល​ និងជលផល មានការ​ធ្លាក់ចុះ ដោយបាន​កាត់បន្ថយ​កំណើន​សេដ្ឋកិច្ច​ក្នុងវិស័យ​កសិកម្ម មកត្រឹម​ប្រមាណ ១,១%​សម្រាប់ឆ្នាំនេះ។

ដោយឡែក បើ​ក្រឡេកទៅមើល របាយការណ៍របស់ ក្រសួង​កសិកម្ម បាន​បញ្ជាក់ថា រយៈពេល ៩ខែ ឆ្នាំ កម្ពុជាបាន​នាំចេញ​កសិផល​ផ្លូវការ បាន​ ប្រមាណ ៣លានតោន ក្នុងនោះមានអង្ករ ៤០ម៉ឺនតោន ដំឡូងមីជាង ១លានតោន គ្រាប់ស្វាយចន្ទី ជាង៤ម៉ឺនតោន គ្រាប់ពោតជាង១១ម៉ឺនតោន ចេកជាង១០ម៉ឺនតោន ផ្លែស្វាយជិត៤ម៉ឺនតោន និងផលិតផលកសិកម្មផ្សេងៗទៀត។

ទីផ្សារកសិផល​របស់កម្ពុជា រួមមានប្រទេសចិន សហគមន៍អឺរ៉ុប វៀតណាម ថៃ កូរ៉េ ឥណ្ឌា អូស្ត្រាលី អារ៉ាប៊ីសាអូឌីត និងប្រទេសមួយចំនួនទៀត៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនបច្ចេកវិទ្យាដឹកជញ្ជូនដ៏ធំមួយបានចូលរួមចំណែករុញច្រានសេដ្ឋកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជិត៦ពាន់លានដុល្លារអាមេរិក

នៅក្នុងរយៈពេលត្រឹមតែ ១ឆ្នាំ គិតចាប់តាំងពីខែមេសា ឆ្នាំ២០១៨ រហូតមកដល់ខែមីនា ឆ្នាំ ២០១៩កន្លងទៅនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Grab បានចូលរួមចំ…

GDP វៀតណាម នៅ៩ខែឆ្នាំនេះ សម្រេចបានអត្រាកំណើន ៦,៩៨% ជាអត្រាខ្ពស់បំផុតក្នុងរយៈពេល ៩ឆ្នាំមកនេះ

ផលិតផលក្នុងស្រុកសរុប(GDP) របស់វៀតណាម នៅចន្លោះខែមករា ដល់ខែកញ្ញាឆ្នាំ២០១៩នេះ បានបង្ហាញពីកំណើនខ្ពស់ក្នុងរយៈពេល ៩ឆ្នាំមកនេះ ដែលមានអត្រា កំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ