ក្រុមអ្នកយកព័ត៌មានរបស់សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមីស បានចុះអង្កេតផ្ទាល់ដោយបានធ្វើដំណើរតាមនាវាដឹកជញ្ជូនតាមផ្លូវទឹកនេះផងដែរ បានកត់សម្គាល់ឃើញថា ពិតមានមនុស្សជិះតិចតួចណាស់ ពោលគឺមានប្រហែលតែ ៥ ទៅ៦នាក់តែប៉ុណ្ណោះក្នុងមួយជើង ខណៈនាវានោះ អាចផ្ទុកអ្នកដំណើរបានរាប់សិបអ្នកឯណោះក្នុងមួយជើងៗ។
ប្រជាពលរដ្ឋដែលនិយមធ្វើដំណើរតាមផ្លូវគោកលើកឡើងថា មូលហេតុដែលគេមិនធ្វើដំណើរតាមផ្លូវទឹកដោយសារតែចំណតនាវាដឹកជញ្ជូននៅឆ្ងាយពីផ្ទះរបស់ពួកគេ ហើយនាវានោះ ដឹកបានតែមនុស្ស ដោយមិនអាចដាក់យានជំនិះផ្សេងៗទៀតបាន។ ដូច្នេះ បើពួកគេធ្វើដំណើរតាមមធ្យោបាយមួយនេះ គឺពិបាកនឹងរកមធ្យោបាយធ្វើដំណើរផ្សេងទៀតដើម្បីធ្វើដំណើរ ពេលទៅដល់ចំនុចដែលត្រូវចត។ រីឯអ្នកខ្លះទៀតលើកឡើងថា ការប្រើប្រាស់មធ្យោបាយខ្លួនឯង មានភាពងាយស្រួលជាងប្រើមធ្យោបាយសាធារណៈ។
យ៉ាងណាក៏ដោយចុះ តាមការសាកសួរពលរដ្ឋជាអ្នកដំណើរ កំពុងធ្វើជិះនាវាដឹកជញ្ជូនរបស់ក្រសួងសាធារណការជា មួយគ្នាឲ្យដឹងថា ការធ្វើដំណើរតាមផ្លូវទឹកពិតជាងាយស្រួល ហើយចំណេញបានច្រើន។ ពលរដ្ឋម្នាក់ទៀតបានលើកឡើងស្រដៀងគ្នាថា ការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹក ពិតជាមានអត្ថប្រយោជន៍ច្រើន ដោយចំណេញថវិកា ពេលវេលា ឆាប់រហ័ស ព្រោះថា មិនមានការកកស្ទះចរាចរណ៍ដូចការធ្វើដំណើរតាមផ្លូវទឹកនោះទេ។
ក្នុងនាមជាអ្នកដែលគាំទ្រមធ្យោបាយដឹកជញ្ជូនតាមផ្លូវទឹករបស់ក្រសួងសាធារណការ ពលរដ្ឋមួយចំនួនបានសម្តែងនូវការសោកស្តាយដែរ ដោយពួកគាត់សង្កេតឃើញថា បច្ចុប្បន្នមិនសូវមានមនុស្សធ្វើដំណើរច្រើនដូចគ្រាមុនឡើយ ពោលមានតែ ៤ទៅ ៥នាក់តែប៉ុណ្ណោះ ខណៈដែលនាវានីមួយៗអាចផ្ទុកមនុស្សបានពី ៣០ ទៅ៥០ នាក់ឯណោះ។
តាមរយៈការឆ្លងឆ្លើយជាមួយអ្នកយកព័ត៌មានខេមបូណូមីស តាមទូរ ស័ព្ទ លោកម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ សភាពនៃនាវាដឹកជញ្ជូនអ្នកដំណើរតាមផ្លូវទឹកនាពេលនេះ មិនខុសពីការដំណើររថយន្តក្រុងសាធារណៈលើដំបូងទេ គឺមិនមានសូវមានមនុស្សចាប់អារម្មណ៍ដូចគ្នា តែលុះក្រោយមកទៀត ពលរដ្ឋ ក៏ចាប់ផ្តើមយល់ដឹងបណ្តើរៗ ជាហេតុ នាំសាលារាជធានីបង្កើនខ្សែរត់ និងចំនួនរថយន្តបន្ថែមទៀតជាហូរហែ។ ចំពោះនាវាដឹកជញ្ជូនសាធារណៈក៏ដូចគ្នា គឺត្រូវការពេលវេលាបន្តិច ដើម្បីឲ្យពលរដ្ឋយល់ដឹងអត្ថប្រយោជន៍ នៃការធ្វើដំណើរតាមផ្លូវទឹកនេះ ។ លោកបន្តថា បើទោះបច្ចុប្បន្នខ្សត់ពលរដ្ឋធ្វើដំណើរតាមមធ្យោបាយនេះ ក្តី ក៏សាលារាជធានីមិនមានគម្រោងនឹងបិទសេវានេះដែរ។
បច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹកនេះ មាននាវាចំនួន០៤គ្រឿង សម្រាប់ដឹកអ្នកដំណើរ ពីចំណតក្នុងទីក្រុងភ្នំពេញ-តាខ្មៅ ដោយចេញពីព្រែកព្នៅ ទៅដល់ក្រុងតាខ្មៅ ត្រូវឆ្លងកាត់ស្ថានីយចំនួន០៦ គឺស្ថានីយចំនួន០៤ កំពុងដំណើរការ ហើ០២ទៀតកំពុងសាងសង់ជិតរួចរាល់ហើយ។ ការធ្វើដំណើរពីចំណតមួយទៅចំណតមួយទៀតត្រូវប្រើរយៈពេល ៣ទៅ១០នាទី និងឈប់ដាក់អ្នកដំណើរឡើងចុះប្រមាណជា ១០នាទីទៀត។
នាវាដឹកជញ្ជូនអ្នកដំណើរនេះ មានល្បឿនជាមធ្យម ៤០គីឡូម៉ែត្រក្នុងមួយម៉ោង និងប្រើរយៈពេលប្រហែល ៤៥នាទី ពីស្ថានីយព្រែកព្នៅ ទៅដល់ក្រុងតាខ្មៅ និងពីតាខ្មៅទៅព្រែកព្នៅវិញ។
សេវាដឹកជញ្ជូនសាធារណៈតាមផ្លូវទឹកមួយនេះគឺដំណើរការជាប្រចាំ គឺចាប់ពីម៉ោង ៥៖ ៣០នាទីព្រឹក រហូតដល់ម៉ោង៥៖៣០នាទីល្ងាច និងប្រតិបត្តិការក្នុងមួយសប្តាហ៍៧ថ្ងៃ។ ដំបូងឡើយ ការជិះ គឺមិនគិតថ្លៃនោះទេ ដោយត្រូវផុតសុពលត្រឹមថ្ងៃទី ០១ ខែសីហា ឆ្នាំ២០១៨ ហើយត្រូវគិតថ្លៃវិញ ចាប់ពីថ្ងៃទី ០២ ខែសីហា ឆ្នាំ២០១៨តទៅ តែរហូតមកទល់នឹងពេលនេះ គឹនៅតែបន្តជិះមិនគិតថ្លៃដដែល ដោយមន្រ្តីមិនទាន់អាចបញ្ជាក់ថា ពេលណាទើបគិតថ្លៃវិញនោះទេ។
ពលរដ្ឋដែលតែនិយមគាំទ្រនាវាដឹកជញ្ជូនតាមផ្លូវទឹក ពួកគាត់ព្រួយបារម្ភថា បើសិនជាមនុស្សនៅជិះតិចបែបនេះ នាវាដឹកជញ្ជូនតាមផ្លូវទឹកនេះអាចនឹងបិទទៅវិញនៅថ្ងៃណាមួយ នោះពួកគាត់នឹងមានការសោកស្តាយមិនខាន។គួរបញ្ជាក់ថា ក្រៅពីការដឹកជញ្ជូនតាមផ្លូវទឹកនេះដែរ គេសង្កេតឃើញថា សេវាដឹកជញ្ជូនតាមផ្លូវដែក គឺរថភ្លើងចេញ ចូលព្រលានយន្ដហោះអន្តរជាតិភ្នំពេញ ដែលជាគំនិតផ្ដួចផ្ដើមរបស់ក្រសួងសារធារណការ និងដឹកជញ្ជូនដែរនោះ ក៏កំពុងស្ថិតនៅក្នុងស្ថានភាពមិនខុសគ្នាពីនាវាដឹកជញ្ជូនតាមផ្លូវទឹកនេះទេ ពោលគឺ តាមការកត់សម្គាល់ជាក់ស្ដែង រាល់ថ្ងៃ មិនសូវជាមានអ្នកធ្វើដំណើរនោះឡើយ ហើយមានថ្ងៃខ្លះ បើកទៅមកទូររថភ្លើងទទេរទាំងគ្មានអ្នកជិះទៀតផង៕