តាមការគូសបញ្ជាក់របស់ក្រុមហ៊ុននេះ តម្លៃមូលបត្របំណុល ដែលត្រៀមនឹងបោះផ្សាយនេះ គឺមានតម្លៃ ១០ម៉ឺនរៀល ស្មើនឹងប្រមាណ ២៥ ដុល្លារអាមេរិកក្នុងមួយបណ្ណ ខណៈដែលអត្រាគូប៉ុងសញ្ញាបណ្ណសាជីវកម្ម (ការប្រាក់) គឺមានអត្រា ៥,៥% ក្នុងមួយឆ្នាំ ជាមួយនឹងឥណទានប្រតិទានរយៈពេល ៥ឆ្នាំ ហើយការទូទាត់ធ្វើឡើងជាប្រាក់ដុល្លារ។
ទោះយ៉ាងណា សម្រាប់ការវិនិយោគទិញសញ្ញាបណ្ណនេះបាន គឺខាងក្រុមហ៊ុនតម្រូវឲ្យទិញចាប់ពី ៥លានដុល្លារអាមេរិកឡើងទៅ និងបន្ថែម១លានដុល្លារអាមេរិក នៅលើទំហំទឹកប្រាក់វិនិយោគបន្ទាប់ ផ្ដល់ជូនតែសម្រាប់វិនិយោគិនគុណវុឌ្ឍិ។
លោក ងន សាំង នាយកប្រតិបត្តិ ក្រុមហ៊ុន RMA Cambodia បានបញ្ជាក់ប្រាប់សារព័ត៌មាន ខេមបូណូមីសតាមទូរស័ព្ទថា ក្រុមហ៊ុន RMA Cambodia បានមានប្រតិបត្តិការនៅកម្ពុជាជាង ២០ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ១៩៩២ មកម្ល៉េះ និងបានវិនិយោគជាច្រើននៅកម្ពុជា។ យ៉ាងណាមិញ ការសម្រេចបោះផ្សាយលក់មូលបត្របំណុលនាពេលនេះ គឺដើម្បីទទួលបានមូលនិធិជាដើមទុន បន្តការវិនិយោគកាន់តែច្រើនបន្ថែមទៀត។
លោក ងន សាំង លើកឡើងយ៉ាងដូច្នេះ «យើងមានការរីកចម្រើនច្រើនហើយយើងនឹងបន្ដវិនិយោគបន្ថែមទៀត សម្រាប់ក្រុមហ៊ុន RMA នៅក្នុងប្រទេសកម្ពុជាយើងហ្នឹង។ អញ្ចឹងយើងត្រូវការដើមទុនបន្ថែមសម្រាប់ពង្រីកអាជីវកម្មទាំងអស់ហ្នឹង វិនិយោគបន្ថែមទាំងអស់ហ្នឹង។ អញ្ចឹងហើយបានជាយើងបង្វែរក្រុមហ៊ុនយើងទៅជាក្រុមហ៊ុនសាជីវកម្ម ហើយដែលយើងលក់បណ្ណបំណុលដែលយើងហៅថា Bond ហ្នឹង!»
បើទោះបីជាការបោះផ្សាយលក់បណ្ណបំណុលរបស់ក្រុមហ៊ុន RMA Cambodiaនេះ គឺធ្វើឡើងនៅចំពេលមានបញ្ហា Covid-19 ក៏ដោយ ប៉ុន្ដែលោក ងន សាំង ជឿជាក់ថា ស្ថានភាពនេះ នឹងធូរស្បើយឡើងនៅពេលខាងមុខនេះ ហើយក្រុមហ៊ុនក៏មិនមានផែនការកាត់បន្ថយការពង្រីកអាជីវកម្មរបស់ខ្លួននោះដែរ។
លោក ងន សាំង បញ្ជាក់យ៉ាងដូច្នេះថា «យើងយល់ថា ការប៉ះពាល់ដោយ កូវីដនេះ គឺជាការប៉ះពាល់ជាបណ្ដោះអាសន្ន វាមិនអាចបន្ដអញ្ចឹងរហូតទេ! អញ្ចឹងវានឹងបញ្ចប់នៅថ្ងៃណាមួយ ក្នុងពេលឆាប់ៗ។ អញ្ចឹងអ្វីដែលជាផែនការរបស់យើងក្នុងការពង្រីកអាជីវកម្មនេះ គឺយើងអត់មានកាត់បន្ថយទេ រក្សាគោលដៅយើងដដែល»។
នាយកប្រតិបត្តិក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ដែរថា សម្រាប់ការលក់បណ្ណបំណុលនេះ គឺធ្វើឡើងសម្រាប់តែក្រុមហ៊ុន RMA Cambodia ប៉ុណ្ណោះ មិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនគ្រប់គ្រងភោជនីយដ្ឋាន EFG ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RMA Groupនោះឡើយ៕