ជាការពិត សេដ្ឋកិច្ចរុស្សីបានធ្លាក់ចូលទៅក្នុងវិបត្តិ ភ្លាមៗក្រោយទង្វើឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈ កន្លងទៅ ដែលធ្វើឲ្យប្រទេសលោកខាងលិចទម្លាក់ទណ្ឌកម្មលើយ៉ាងធ្ងន់ធ្ងរ និងផ្អាកការនាំចូលប្រេង និងឧស្ម័ន រួមទាំងការរាំងខ្ទប់នៅក្នុងវិស័យហិរញ្ញវត្ថុ ដែលរួមមានការបង្កកទ្រព្យសម្បត្តិរុស្សីនៅក្រៅប្រទេសជាដើម។
ទោះបីជាបែបនេះក្តី យោងតាមរបស់ក្រសួងសេដ្ឋកិច្ចរុស្សីបានអះអាងថា ចាប់តាំងពីប្រទេសរុស្ស៊ីបានចាប់ផ្តើមនូវអ្វីដែលខ្លួនហៅថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនជិត៦ខែមកនេះ ឃើញថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះកំពុងបង្ហាញពីសញ្ញាណមិនសូវធ្ងន់ធ្ងរដូចការព្យាករណ៍ទុកនោះឡើយ។
ក្រសួងសេដ្ឋកិច្ចរុស្ស៊ីអះអាងទៀតថា បើមើលផលិតផលក្នុងស្រុកសរុប (GDP) របស់រុស្ស៊ីនឹងមានធ្លាក់ចុះជាង ៤% ប៉ុណ្ណោះនៅឆ្នាំនេះ ខណៈការព្យាករពីមុនថានឹងធ្លាក់ចុះ៧,៨%។ រីឯ ប្រាក់ចំណូលពិតប្រាកដក្រោយបង់ពន្ធរបស់ប្រជាជនរុស្សីត្រូវបានព្យាករចុងក្រោយនេះថា នឹងធ្លាក់ចុះជិត ៣% ធៀបនឹងកា ធៀបនឹងការព្យាករពីមុនថានឹងធ្លាក់ចុះ ៦,៨%។
មួយវិញទៀត ឥឡូវនេះក្រសួងសេដ្ឋកិច្ចដរុស្សីគូសបញ្ជាក់ថា អតិផរណាចុងឆ្នាំ ២០២២ និងមានដល់ជាង ១៣% ខណៈការព្យាករពីមុនថានឹងមានដល់ ១៧,៥% និងអត្រាអ្នកគ្មាននការងារធ្វើនឹងមានត្រឹម ៤,៨% ធៀបនឹងការព្យាករណ៍កាលពីពេលមុនថានឹងមានដល់៦,៧%។
គួររំលឹកថា ក្រោយសង្គ្រាមផ្ទុះឡើងនៅអ៊ុយក្រែនបានបន្តិច ក្រសួងសេដ្ឋកិច្ចរុស្សីបានព្រមានថា សេដ្ឋកិច្ចខ្លួននឹងមានការធ្លាក់ចុះជាង ១២% ដែលជាមហន្តរាយសេដ្ឋកិច្ចមួយដ៏អាក្រក់បំផុតមួយ បើគិតចាប់តាំងពីការដួលរលំទៅនៃសហភាពសូវៀត។
យ៉ាងណាក៏ដោយចុះ ការព្យាករណ៍លើផលិតផលក្នុងស្រុកសរុបសម្រាប់ឆ្នាំ ២០២៣ របស់រុស្ស៊ី ហាក់មើលឃើញពីភាពអវិជ្ជាមានខ្លាំងជាងមុន ដោយរំពឹងថា នឹងបន្ដការដាំក្បាលចុះ ២,៧% ធៀបនឹងការប៉ាន់ស្មានមានត្រឹមតែ ០,៧%។ ការធ្លាក់ចុះនេះ គឺស្របពេលដែលធនាគារកណ្តាលរុស្សីបានមើលឃើញថា វិបត្តិសេដ្ឋកិច្ចនឹងអូសបន្លាយយូរជាងការរំពឹងទុក។
ទោះបីជាយ៉ាងណា ក្រសួងសេដ្ឋកិច្ចរុស្សីមិនបានបង្ហាញពីការសំណុំទិន្នន័យ នៃតម្លៃប្រេងរបស់ខ្លួននោះទេ ព្រមទាំងមិនបានលម្អិតអំពីការព្យាករណ៍ថ្មីណាមួយនៅឡើយដែរសម្រាប់ពេលខាងមុខ។
សូមបញ្ជាក់ថា មិនមែនតែក្រសួងសេដ្ឋកិច្ចរុស្ស៊ីខ្លួនឯងទេ ដែលអះអាងពីសេដ្ឋកិច្ចធ្លាក់ចុះ មិនធ្ងន់ធ្ងរដូចអ្វីដែលរំពឹងទុកនាពេលកន្លមក។ ដោយឡែក អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ក៏បានព្យាករស្រដៀងគ្នានេះដែរ ពោលគឺ IMF បានព្យាករចុងក្រោយនៅខែកក្កដាថា សេដ្ឋកិច្ចរុស្ស៊ីនឹងដាំក្បាលចុះ៦% នៅឆ្នាំ២០២២នេះ ខណៈដែលកាលពីខែមេសាកន្លងទៅធ្លាប់បានព្យាករថា នឹងធ្លាក់ចុះ៨,៥%។ ប៉ុន្ដែ IMF បានទម្លាក់ការព្យាកររបស់ខ្លួនចំពោះសេដ្ឋកិច្ចរុស្ស៊ី នៅឆ្នាំ២០២៣ ដោយព្យាករថា នឹងធ្លាក់ចុះដល់ ៣,៥% ខណៈការព្យាករកាលពីខែមេសាថា នឹងធ្លាក់ចុះ ២,៣%៕